រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានរត់ស្រែកឱ្យគេជួយ និងទូរស័ព្ទប្តឹងសមត្ថកិច្ច បន្ទាប់ពីទៅតាមហៅប្តីនៅកន្លែងលេងល្បែង ស្រាប់តែត្រូវប្តីខឹងនិយាយថា នឹងទិញសាំងដុតរូបគាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករា ចុះមកអន្តរាគមន៍កាលពីម៉ោង9និង30នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុង នៅចំណុចបុរីកីឡាអគារទី៨ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌ៧មករាបានឱ្យដឹងថា មុនពេលកើតហេតុ មានស្ត្រីម្នាក់ទូរស័ព្ទមកប្រាប់ថា ប្តីរបស់គាត់បានយកកាំបិតដេញចាក់រូបគាត់ ហើយទិញសាំងបំរុងនឹងដុតរូបគាត់ ធ្វើឲ្យរូបគាត់ជាប្រពន្ធភ័យពេកក៏រត់គេចពីអគារទី៤ ទៅពួននៅអគារទី៨ រួចទូរស័ព្ទទៅប្តឹងសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍ជួយគាត់ផង ។
ប្រភពដដែលបន្តថា ភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានមកដល់សួរនាំជនរងគ្រោះប្រាប់ថា មុនកើតហេតុគាត់បានទូរស័ព្ទហៅប្តីរបស់គាត់មកផ្ទះ ប៉ុន្តែប្តីគាត់រវល់តែជាប់លេងល្បែងមិនព្រមមកទេ ដល់ពេលដែលគាត់ទៅហៅបែរជាខឹងគាត់នឹងស្រែករកសម្លាប់រូបគាត់ទៀត ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានហៅប្តីប្រពន្ធ២នាក់នោះទៅប៉ុស្តិ៍ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាកុំឱ្យមានថ្ងៃក្រោយបង្ករឿងបែបនេះទៀត ព្រោះពួកគាត់មានវ័យច្រើន ហើយមានកូនធំៗអស់ហើយ ៕
ចែករំលែកព័តមាននេះ