រូបកាយយើងនេះមិននៅឋិតថេរ យឺនយូរប៉ុន្មានទេ បន្តិចទៀតគង់តែនឹងចាស់ គង់តែនឹងឈឺ គង់តែនឹងស្លាប់គ្រប់ៗគ្នា គ្មាននរណាម្នាក់មានវាសនាបានរស់រហូតនៅលើផែនដីនេះឡើយ ។
រូបកាយយើងគ្រប់គ្នានេះជារបស់មិនទៀង មានការប្រែប្រួល ផ្លាស់ប្តូរទៅគ្រប់ពេលវេលា គ្រប់ដង្ហើមចេញចូល។ កាយនេះប្រៀបដូចជាភាជន៍ដីទោះបីតូចក្តី ធំក្តី ដាំឆ្អិនក្តី ឆៅក្តី ឆ្នាំងទាំងនោះទីបំផុតមានកិរិយាបែកធ្លាយទៅជាធម្មតាយ៉ាងណា ជីវិតរបស់សត្វលោកទាំងឡាយក៏ត្រូវចាស់ ឈឺ ស្លាប់ក៏យ៉ាងនោះដែរ ។
កុំថាឡើយមនុស្សសត្វ ដែលមានការផ្លាស់ប្តូរពីក្មេងទៅចាស់ ពីចាស់ទៅជរា ពីជរាទៅឈឺ ពីឈឺទៅស្លាប់នោះ សូម្បីតែសម្ភារមាន ទូរស័ព្ទ កង់ម៉ូតូ រថយន្ត ផ្ទះសម្បែងជាដើម ដែលជារបស់គ្មានវិញ្ញាណ ក៏មានការប្រែប្រួលពីថ្មីទៅចាស់ ពីចាស់ទៅខូចដែរ ។
យើងត្រូវចាំថា របស់ណាដែលមិនទៀងទាត់ របស់នោះជាទុក្ខ របស់ណាដែលជាទុក្ខរបស់នោះគឺជារបស់មិនមែនខ្លួនជាអនត្តា ព្រោះអាការទាំងអស់របស់ជីវិត វាសុទ្ធសឹងតែមិននៅក្រោមការបង្គាប់បញ្ជារបស់អ្នកណាម្នាក់ឡើយ ដូច្នេះហើយទើបយើងនិយាយបានថា វាជារបស់មិនមែនខ្លួន បើសិនជាយើងនៅតែប្រកាន់រឹងត្អឹងថាជារបស់ខ្លួននោះ យើងប្រាកដជាមានសេចក្តីទុក្ខកាន់តែខ្លាំងឡើងៗហើយ ។
ចែករំលែកព័តមាននេះ