ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអោយដឹងថា ថៅកែភោជនីយដ្ឋានឡូហ្សិក២ និងខារ៉ាអូខេ ត្រូវបានភ្ញៀវប្តឹង ដោយសារតែថៅកែម្នាក់នេះដើរនិយាយចោទភ្ញៀវថាយកលុយដុល្លារក្លែងក្លាយទៅចាយនៅកន្លែងរបស់ខ្លួននិងប្រមាថមើលងាយភ្ញៀវទៀតនោះ ។
ពាក់ព័ន្ធនឹងករណីខាងលើ លោកប្រធានការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនឹងអោយជំនាញធ្វើលិខិតកោះអញ្ជើញថៅកែភោជនីយដ្ឋានឡូហ្សិក២ និងខារ៉ាអូខេ អោយចូលខ្លួនមកការិយាល័យដើម្បីធ្វើការសាកសួរនៅពេលឆាប់ៗនេះ បន្ទាប់ពីសមត្ថកិច្ចបានធ្វើការសាកសួរសាក្សីដើមបណ្តឹងរួចមក។
ថៅកែភោជនីយដ្ឋានឡូហ្សិក២ និងខារ៉ាអូខេ មានឈ្មោះ ម៉េត សុភា ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកភ្ញៀវដែលជាដើមបណ្តឹងឈ្មោះ លី គឹមសូរ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សូមរំលឹកថា ៖ ភោជនីយដ្ឋានឡូហ្សិក២ និងខារ៉ាអូខេ ដែលល្បីឈ្មោះបោះសំឡេងនៅក្រុងតាខ្មៅ និងជាហាងខារ៉ាអូខេល្បីជាងគេនោះ ឥឡូវនេះត្រូវបានភ្ញៀវដែលធ្លាប់ចូលជាញឹកញាប់បានដាក់ពាក្យប្តឹងថៅកែភោជនីយដ្ឋាន និងខារ៉ាអូខេ ឡូហ្សិក២ ពីបទ «បង្កាច់កេរ្តិ៍» ដោយដើរនិយាយចោទភ្ញៀវថា យកលុយដុល្លារក្លែងក្លាយទៅចាយនៅទីតាំងនោះ និងថែមទាំងប្រមាថមើលងាយភ្ញៀវបន្ថែមទៀត។
ភោជនីយដ្ឋានឡូហ្សិក២ និងខារ៉ាអូខេ មានទីតាំងស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោក លី គឹមសូរ ជាដើមបណ្តឹងបានប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ថា លោកបានដាក់ពាក្យបណ្តឹងថៅកែភោជនីយដ្ឋានឡូហ្សិក២ និងខារ៉ាអូខេ ពីបទ «បង្កាច់កេរ្តិ៍ » នៅការិយាល័យព្រហ្មទណ្ឌកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយលោកបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ លោកឧស្សាហ៍ចេញចូលហូបបាយពេលថ្ងៃត្រង់នៅភោជនីយដ្ឋានឡូហ្សិក២ និងខារ៉ាអូខេ ។
ប្រភពដដែលបានបន្តថា លុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ថៅកែភោជនីយដ្ឋានឡូហ្សិក២ និងខារ៉ាអូខេ បាននិយាយប្រាប់ឈ្មោះមាស សុខឡាយ ភេទប្រុស អាយុ៣៩ឆ្នាំ ជាមេការនៅភោជនីយឡូហ្សិក២ មានទីលំនៅភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ថា លោកយកលុយដុល្លារក្លែងក្លាយមកចាយនៅភោជនីយដ្ឋានឡូហ្សិក២ មិនតែប៉ុណ្ណោះថែមទាំងប្រមាថមើលងាយមកលើលោកថា មានលុយចាយហើយចរឹតដូចបាតផ្សារចឹង។
ពាក់ពន្ធ័នឹងករណីខាងលើនេះ ភ្នាក់ងារកោះសន្តិភាពបានទំនាក់ទំនងតាមទូរស័ព្ទទៅលោកស្រី ម៉េត សុភា ជាថៅកែភោជនីយដ្ឋានឡូហ្សិក២ និងខារ៉ាអូខេដែរ តែគ្មានអ្នកទទួល។
តាមប្រភពពីមជ្ឃដ្ឋានជាច្រើននៅក្បែរភោជនីយដ្ឋានឡូហ្សិក២ និងខារ៉ាអូខេ បានលួចបង្ហើបថា ស្ទើរជារៀងរាល់យប់ ទីតាំងខាងលើបានបង្កសំឡេងរំខានដល់ពួកគាត់ និងជាពិសេសគឺភ្ញៀវដែលចូលទៅទីតាំងនោះតែងតែផឹកស្រាហើយបោកកែវ បោកចាន និងធ្វើអោយពួកគាត់មានការភិតភ័យ ហើយពួកគាត់ក៏ស្នើ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់មេត្តាមានវិធានការទៅលើទីតាំងនេះផង៕
ចែករំលែកព័តមាននេះ