ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ធម្មជាតិ​បំផ្លាញ​ផ្ទះ​ជិត​២​ពាន់​ខ្នង និង​សម្លាប់​ជីវិត​មនុស្ស​-​សត្វពាហនៈ​ជា​ច្រើន

7 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន អំពាវនាវ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​សប្បុរស់​ជួយ​ខេត្តបន្ទាយមានជ័យ​ដែល​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ខូចខាត​ប្រមាណ​ជិត​២​ពាន់​ខ្នង​ ហើយ​រន្ទះបាញ់​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៣​នាក់​ និងសត្វពាហនៈ​ចំនួន​​៣​ក្បាល​។

ក្រោយ​ពេល​ខេត្តបន្ទាយមានជ័យ​រង​គ្រោះ​ដោយ​ធម្មជាតិ​មាន​ដូច​ជា​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​ប៉ះពាល់​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ទាំង​៩​ស្រុក​-​ក្រុង​អស់​ប្រមាណ​ជិត​២​ពាន់​ខ្នង ហើយ​រន្ទះបាញ់​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់​រួច​មក លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​បាន​អំពាវនាវ​តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​លោក​ថា «​សូម​អំពាវនាវ​ដល់​មន្ត្រីរាជការ កងកម្លាំង​ទាំង​បី​ស្ថាប័ន និង​សប្បុរសជន សូម​ចូលរួម​ជា​មនុស្សធម៌​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចេះ​តែ​កើន​ឡើងជា​រៀងរាល់ថ្ងៃ សូម​អត​គុណ​ទុកជា​មុន​»​។

ក្នុង​បញ្ជីរាយនាម​អ្នក​ដែល​ចូលរួម​ជួយ​ពលរដ្ឋ​គ្រោះ​ខាងលើ​រួម​មាន​មន្ត្រីរាជការ​និង​កម្លាំងប្រដាប់អាវុធ​និង​សប្បុរសជន​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​បាន​ថវិកា​ចំនួន​២.៣០០.០០០​រៀល និង​ប្រាក់​ដុល្លា​ចំនួន​១.០០០​ដុល្លារ និង​ក្រុមការងារ​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​សាខា​ខេត្តបន្ទាយមានជ័យ​ចូលរួម​ចំនួន​៥០០.០០០​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​២២០​ដុល្លារ​។

ដោយ​យោង​តាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្តបន្ទាយមានជ័យ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​២៦ ខែមេសា ឆ្នាំ​២០១៩​នេះ ខេត្តបន្ទាយមានជ័យ​រង​គ្រោះ​ដោយ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ទាំង​៩​ស្រុក​-​ក្រុង​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​អស់​ចំនួន​១.៣១៨​ខ្នង និង​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់ ព្រមទាំង​សត្វពាហនៈ​ចំនួន​៣​ក្បាល​។

ចាប់ពី​ថ្ងៃ​ទី​១ ដល់​១៧ ខែមេសា ឆ្នាំ​២០១៩ ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​ប៉ះពាល់ និង​ខូចខាត​ផ្ទះសំបែង​របស់​ប្រជាពលរដ្ឋ​ចំនួន​៤៣៧​ខ្នង ក្នុង​នោះ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​១០​ខ្នង រន្ទះបាញ់​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​១​នាក់ ហើយ​រន្ទះបាញ់​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​អស់​១​ខ្នង សាលារៀន​ចំនួន​៣​ខ្នង និង​ឃ្លាំង​ដាក់​សម្ភារៈ​ផ្សារ​អូរ​ស្ងួត​ចាស់​១​ខ្នង​តំលៃ​ជាង​១០​ម៉ឺន​ដុល្លារ បាន​កើត​មាន​ឡើង​ក្នុង ក្រុង​ប៉ោយ​ប៉ែ​ត ស្រុក​ម៉ា​ឡៃ ស្រុក​មង្គល​បូ​រី ស្រុក​ស្វាយចេក ស្រុក​ព្រះនេត្រព្រះ ស្រុក​ភ្នំស្រុក ក្រុង​សិរី​សោភ័ណ​។

ថ្ងៃ​ទី​១៨​ដល់​២០​ខែមេសា​ឆ្នាំ​២០១៩​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​ខូចខាត​ផ្ទះសំបែង​ចំនួន​៥៥​ខ្នង​វត្ត​ចំនួន​១​ខ្នង សាលាឆទាន​១​ខ្នង រោង​ចិញ្ចឹម​ត្រី​១​ខ្នង​ប៉ះពាល់​មានស្រុក​ស្វាយចេក ស្រុក​អូរ​ជ្រៅ ស្រុក​ភ្នំស្រុក​។

ថ្ងៃ​ទី​២១​ដល់​២២​ខែមេសា ឆ្នាំ​២០១៩ រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ចំនួន​៣៤៤​ខ្នង​ខូច​ធ្ងន់ធ្ងរ​ចំនួន​៣៧​ខ្នង​មាន​សាលារៀន​៣​ខ្នង រោង​ដាក់​ត្រាក់ទ័រ​១​ខ្នង រន្ទះបាញ់​ស្លាប់​២​នាក់​។

ថ្ងៃ​ទី​២៥​ដល់​២៦ ខែមេសា ឆ្នាំ​២០១៩​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល់​ប៉ះពាល់​ខូចខាត​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ចំនួន​៤៨២​ខ្នង​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​៥៨​ខ្នង រោង​ម៉ា​ស៊ី​១​ខ្នង វត្ត​២​ខ្នង សាលារៀន​៣​ខ្នង​។
នៅ​ថ្ងៃ​ទី​២៧​ដល់​២៨​ខែមេសា​ឆ្នាំ​២០១៩​នេះ​ខេត្តបន្ទាយមានជ័យ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ប៉ះពាល់​ខូចខាត​អស់​ប្រមាណ​ជាង​២០០​ខ្នង​ដែល​ប៉ះពាល់​ស្រុក​មង្គល​បូ​រី​និង​ស្រុក​ព្រះនេត្រព្រះ​និង​ស្រុក​ភ្នំស្រុក ៕