សោកស្តាយណាស់! ទំរាំតែម្ចាស់មកដល់…អ្វីៗគ្រប់យ៉ាងក្លាយជាចំណីព្រះអគ្គីអស់ទៅហើយ
- កណ្តាល
ខេត្តកណ្តាល ៖ ឃ្លាំងស្តុកឈើកុងប្លាកេមួយកន្លែង និងរថយន្តត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ស្របពេលដែលម្ចាស់មិននៅ ដោយទៅសម្រាកនៅផ្ទះផ្សេងមួយកន្លែងទៀត បង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរខាងឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញផ្សែងហុយចេញជាអណ្តាតភ្លើងពីក្នុងឃ្លាំងខាងលើ ទើបនាំគ្នាផ្អើលឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលចំនួន៤គ្រឿងចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ តែទោះបីជាយ៉ាងណា ដោយសារភ្លើងឆេះកុងប្លាកេខ្លាំងពេក ទើបរថយន្តពន្លត់អគ្គីចេញពីបណ្តាអង្គភាពផ្សេងៗទៀតចេញទៅជួយបាញ់ទឹកពន្លត់រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពឆ័ត្រយោង៩១១ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៧១១ចំនួន៤គ្រឿង បានសហការគ្នាបាញ់ទឹកពន្លត់អស់រយៈពេល៥ម៉ោងទើបភ្លើងរលត់បានរត់ទៅវិញ ។

តាមប្រភពពីម្ចាស់ឃ្លាំងខាងលើឈ្មោះ ផន ថៃ ភេទស្រី អាយុ៥២ឆ្នាំ បានឲ្យដឹងថា ឃ្លាំងខាងលើមានទំហំ១០ម៉ែត្រគុណ២០ម៉ែត្រ ស្តុកក្តារកុងប្លាកេ ព្រមទាំងមានរថយន្តឡិចស៊ីសមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត ដោយគាត់ជាប់រវល់ទៅសម្រាកនៅផ្ទះមួយទៀតឯទីក្រុងភ្នំពេញ ដោយចាក់សោឃ្លាំងទុកចោល លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែសាច់ញាតិបងប្អូនក្បែរខាងទូរស័ព្ទប្រាប់ លុះពេលគាត់មកដល់ភ្លើងបានឆេះពេញបន្ទុកទៅហើយ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ភ្លើងឆេះលឿនហើយងំ ដោយសារក្នុងឃ្លាំងខាងលើស្តុកក្តារកុងប្លាកេ និងឈើកែច្នៃសម្រាប់កល់អីវ៉ាន់ផ្សេងៗជាច្រើន ហើយមូលហេតុសង្ស័យបណ្តាលមកពីទុស្សេចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះឃ្លាំងខាងលើយ៉ាងសន្ធោសន្ធៅ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់ជាច្រើនម៉ោងរហូតដល់វេលាម៉ោង៤ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ទើបភ្លើងបានរលត់ទៅវិញ ។ ក្នុងហេតុការណ៍ខាងលើនេះដែរ អគ្គិភ័យមិនបានរាលដាលដល់ផ្ទះផ្សេងឡើយ ហើយក៏គ្មានអ្នកណារងរបួសដែរ តែបណ្តាលឱ្យឆេះឃ្លាំងស្ទើតែទាំងស្រុង រួមទាំងរថយន្តមួយគ្រឿង និងសម្ភារៈផ្សេងៗទៀតផងដែរ ។ ទោះជាយ៉ាងណាក្តី សមត្ថកិច្ចបន្តការស្រាវជ្រាវជុំវិញករណីអគ្គិភ័យខាងលើនេះផងដែរ ៕



















ចែករំលែកព័តមាននេះ