រវល់មែន តែឡុង សុភី នៅតែផ្ដួលជើងខ្លាំងថៃត្រឹម៣ទឹក
- ភ្នំពេញ
គ្មានអ្នកណាមិនដឹងនោះទេថា កីឡាករ នី សុភី ដែលគេស្គាល់ភាគច្រើនថាឈ្មោះឡុង សុភី មមាញឹកនឹងសកម្មភាពលក់ដីក្នុងមួយរយៈចុងក្រោយជាមួយនឹងកីឡាករបឺត ខាំ នៅខេត្តកំពុងស្ពឺ ច្រើនជាងចង់ប្រដាល់ដូចមុន ដោយលោកទទួលប្រកួតតែយួរៗម្ដងប៉ុណ្ណោះ។

លោកក៏បានសារភាពថា មិនសូវបានចូលក្លិបហ្វឹកហាត់ញឹកញាប់ ឬជាប់លាប់ដូចមុននោះដែរ អីុចឹងហើយទើបការឡើងប្រកួតរបស់លោកកាលពីព្រឹកថ្ងៃទី២៨ មេសា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ហាក់ធ្វើឱ្យអ្នកគាំទ្រមិនសូវទុកចិត្ត ស្របគ្នាដែល២ទឹកដំបូងៗ លោកក៏មិនសូវប្រឹងបញ្ចេញក្បាច់ផង។

ការប្រកួតអន្តរជាតិ ដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករនៅក្នុងស្ទីឌីយោរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ កីឡាករ នី សុភី ត្រូវប៉ះកីឡាករថៃឈ្មោះ Yorth Phuluong ដែលជាកីឡាករវ័យក្មេង ហើយជើងខ្លាំង។ ការប្រកួតនេះម្នាក់ៗមិនរំពឹងថា កីឡាករកម្ពុជានឹងឈ្នះដោយស្រួលនោះទេ ដោយសារតែកីឡាករថៃគឺជាជើងខ្លាំង។

ជាពិសេសក្នុងពេលដែលគេដឹងថា កីឡាករកម្ពុជា រវល់នឹងរឿងលក់ដី ច្រើនជាងការងារប្រដាល់ដូចមុននោះ។ យ៉ាងណាមិញ កីឡាករ ឡុង សុភី ឬ នី សុភី មិនធ្វើឱ្យអ្នកទស្សនាខកចិត្តនោះទេ ដោយសម្រុកវាយកីឡាករឱ្យរាប់៣ទឹកក្នុងពេលតែមួយ ហើយមួយស្នៀតចុងក្រោយ គឺក្បាច់ជង្គង់ហោះរបស់គេ គឺជាស្នៀតដែលធ្វើឱ្យកីឡាករថៃត្រូវរាប់ជាលើកទី៣ និងត្រូវអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួត។ ម្នាក់ៗលាន់មាត់ថា នី សុភី ដ្បិតថាយូរឡើងរេញម្ដងមែន ប៉ុន្តែគូរប្រកួតដែលប៉ះជាមួយគេ គឺនៅតែមិនអាចទៅរួចដដែល ដែលមានន័យថា គេនៅតែរក្សាកម្លាំងថាមពលបានល្អ៕









ចែករំលែកព័តមាននេះ