អន្តរជាតិ ៖ ពូល A នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ (FIFA World Cup 2026) រួមមាន ក្រុមជម្រើសជាតិម៉ិកស៊ិក (ម្ចាស់ផ្ទះរួម), អាហ្វ្រិកខាងត្បូង, កូរ៉េខាងត្បូង និងសាធារណរដ្ឋឆែក។

ម៉ិកស៊ិក គឺជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ហើយក៏ជាក្រុមលេចធ្លោជាងគេក្នុងពូលដោយសារគុណសម្បត្តិលេងលើទឹកដីខ្លួនឯង និងជាក្រុមពោរពេញដោយបទពិសោធន៍យ៉ាងក្រាស់ក្រែលក្នុងព្រឹត្តិការណ៍ World Cup ដោយបានបង្ហាញខ្លួនសរុប ១៧ លើក ទោះបីជាមិនទាន់ឈ្នះជើងឯកយ៉ាងណាក៏ដោយ។ បច្ចុប្បន្នពួកគេមានកីឡាករពោរពេញដោយបទពិសោធន៍ដូចជាអ្នកចាំទី Guillermo Ochoa, ខ្សែបម្រើ Edson Álvarez និងខ្សែប្រយុទ្ធ Santiago Giménez ជាដើម រួមជាមួយយុវជនជំនាន់ក្រោយល្អៗជាច្រើនរូបទៀតផង។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ១៥
-ឱកាសឈ្នះក្នុងពូល ៖ សង្ឃឹមខ្ពស់ (Favorites)
-កីឡាករលេចធ្លោ ៖ Raúl Jiménez ខ្សែប្រយុទ្ធដ៏មានឥទ្ធិពលប៉ិនប្រសប់ក្នុងការរកគ្រាប់បាល់បញ្ចូលទី

អាហ្វ្រិកខាងត្បូង បានវិលត្រឡប់មកកាន់ការប្រកួត World Cup វិញជាលើកដំបូង គិតចាប់តាំងពីពួកគេធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០១០។ ពួកគេធ្វើបានយ៉ាងល្អបញ្ចប់នៅកំពូលតារាង អំឡុងការប្រកួតជម្រុះទ្វីបអាហ្វ្រិកជុំទី ១ ដើម្បីបានកៅអីនៅក្នុងព្រឹត្តិការណ៍ដែលមាន ៤៨ ក្រុមនេះ។ កីឡាករដល់ទៅ ១២ រូបផ្សេងគ្នា ដែលបានរកគ្រាប់បាល់ឱ្យក្រុមរហស្សនាម «បាហ្វាណា បាហ្វាណា» មួយនេះ ដូច្នេះមានន័យថា ពួកគេទាំងអស់គ្នាពឹងផ្អែកលើការលេងសហការគ្នាទៅវិញទៅមក ហើយការរកគ្រាប់បាល់អាចកើតឡើងពីគ្រប់ទីកន្លែង ដែលគូប្រកួតនឹកស្មានមិនដល់។
-ចំណាត់ថ្នាក់ FIFA ៖ លេខ ៦០
-ឱកាសឈ្នះក្នុងពូល ៖ ស្តួចស្តើង
-កីឡាករលេចធ្លោ៖ ខ្សែបម្រើប្រយុទ្ធវ័យក្មេង Relebohile Mofokeng

កូរ៉េខាងត្បូង នៅតែជាក្រុមមួយដែលត្រូវបានគេមើលរំលងនៅក្នុងព្រឹត្តិការណ៍នេះ។ ពួកគេមានកីឡាករដ៏រឹងមាំដែលលេងសហការគ្នាបានយ៉ាងល្អ និងជាគូប្រកួតដ៏លំបាកបំផុតសម្រាប់គ្រប់ក្រុមទាំងអស់។ ពួកគេបានវិវត្តក្លាយជាក្រុមមួយដែលមានកីឡាករច្រើនរូបផ្តល់ការគំរាមកំហែងក្នុងការរកគ្រាប់បាល់ ហើយគ្រប់គ្រងបាល់បានយ៉ាងល្អ ដែលធ្វើឱ្យគូប្រកួតពិបាកក្នុងការផ្លាស់ប្តូរកំហុសទៅជាការវាយបកបានយ៉ាងរហ័ស។
- ចំណាត់ថ្នាក់ FIFA ៖ លេខ ២៥
- ឱកាសឈ្នះក្នុងពូល ៖ មានសង្ឃឹម (ស្ថិតក្នុងចំណោមក្រុមប្រជែង)
- កីឡាករលេចធ្លោ ៖ ខ្សែប្រយុទ្ធ Son Heung-min ប្រធានក្រុម និងជាតួអង្គដ៏សំខាន់បំផុត

សាធារណរដ្ឋឆែក បានបង្កើតកំណត់ត្រាវិលត្រឡប់មកលេងព្រឹត្តិការណ៍ World Cup វិញជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ បន្ទាប់ពីអាក់ខានតាំងពីឆ្នាំ ២០០៦។ ស្ថិតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Miroslav Koubek បានកោះហៅកីឡាករ២៦រូប ដែល លាយបញ្ចូលគ្នារវាងកីឡាករចាស់មានបទពិសោធន៍ និងយុវជនឆ្នើមៗ ហើយក្រុមនេះពឹងផ្អែកខ្លាំងលើប្រព័ន្ធការពារដ៏រឹងមាំ និងការវាយលុកតាមរយៈការតែតបាល់បញ្ចូលទី ដោយសារកីឡាករភាគច្រើនមានកម្ពស់ខ្ពស់។
-ចំណាត់ថ្នាក់ FIFA ៖ ៤១
-ឱកាសឈ្នះក្នុងពូល ៖ ក្រុមបង្កការភ្ញាក់ផ្អើល តែមិនត្រូវបានគេរំពឹងថានឹងឈ្នះ
-កីឡាករលេចធ្លោ ៖ ខ្សែប្រយុទ្ធ Patrik Schick មានកម្ពស់ ១,៩២ ម៉ែត្រ ដែលជាអំណោយផលយ៉ាងខ្លាំងសម្រាប់ការប្រជែងបាល់លើអាកាស និងការទាត់សម្រុកក្នុងប្រអប់គ្រោះថ្នាក់ ដែលទាមទារការសម្រេចចិត្តលឿន និងច្បាស់លាស់។
កាលវិភាគប្រកួតទី ១
-ម្ចាស់ផ្ទះម៉ិកស៊ិក ប៉ះ អាហ្វ្រិកខាងត្បូង ម៉ោង ២ ឈានចូលព្រឹកថ្ងៃទី១២ ខែមិថុនា
-កូរ៉េខាងត្បូង ប៉ះ សាធារណរដ្ឋឆែក ម៉ោង ៩ ព្រឹកថ្ងៃទី១២ ខែមិថុនា
កាលវិភាគប្រកួតទី ២
-សាធារណរដ្ឋឆែក ប៉ះ អាហ្វ្រិកខាងត្បូង ម៉ោង ១១ យប់ថ្ងៃទី១៨ ខែមិថុនា
-ម្ចាស់ផ្ទះម៉ិកស៊ិក ប៉ះ កូរ៉េខាងត្បូង ម៉ោង ៨ ព្រឹកថ្ងៃទី១៩ ខែមិថុនា
កាលវិភាគប្រកួតទី ៣
-សាធារណរដ្ឋឆែក ប៉ះ ម្ចាស់ផ្ទះម៉ិកស៊ិក ម៉ោង ៨ ព្រឹកថ្ងៃទី២៥ ខែមិថុនា
-អាហ្វ្រិកខាងត្បូង ប៉ះ កូរ៉េខាងត្បូង ម៉ោង ៨ ព្រឹកថ្ងៃទី២៥ ខែមិថុនា៕ ប្រភព ៖ Yahoo Sports និងប្រភពផ្សេងទៀត

ចែករំលែកព័តមាននេះ