ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អង់គ្លេស​នឹង​ទទួល​បានការ​ការពារ​ប្រឆាំង​ដ្រូ​ន និង​អ្នក​លប​បា.ញ់ អំឡុង​បំពេញភារកិច្ច World Cup ឆ្នាំ​២០២៦

1 ម៉ោង មុន

អន្តរជាតិ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស នឹង​ទទួល​បានការ​ការពារ​យ៉ាង​តឹងរ៉ឹង​បំផុត​ជាមួយ​ដែន​ការពារ​ចំនួន ៣ ថ្នាក់ ស្ថិត​នៅ​ឯ​មូលដ្ឋាន​ហ្វឹកហាត់ Swope Soccer Village ជា​មជ្ឈមណ្ឌល​កីឡាបាល់ទាត់​ដ៏​ធំ​មួយ​ក្នុង​ទីក្រុង​កាន់​សាស់ (Kansas City) រដ្ឋ​មី​ស៊ូ​រី (Missouri) សហរដ្ឋអាមេរិក សម្រាប់​ភារកិច្ច​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ​២០២៦​។ វិធានការ​សុវត្ថិភាព​ទាំងនោះ រួម​បញ្ចូល​ទាំង​ការ​តំឡើង​របាំង​ទប់ស្កាត់​ការ​លប​បាញ់ (Sniper) និង​បច្ចេកវិទ្យា​ទប់ស្កាត់​ដ្រូ​ន​ទំនើប​ៗ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​កាសែត The Sun បាន​ចេញផ្សាយ​។

សណ្ឋាគារ​ស្នាក់​នៅ​របស់​ក្រុម​តោ​កំណាច​អង់គ្លេស នឹង​ក្លាយជា​បន្ទាយ​ការពារ​និម្មិត​មួយ ដោយ​បែងចែក​ជា ៣ ផ្នែក (​ផ្នែក​ខាងក្រៅ ជុំវិញ និង​ខាងក្នុង​) ដែល​ហ៊ុម​ព័ទ្ធ​ជុំវិញ​ដោយ​របាំង​បេតុង និង​ផ្ទាំង​ការពារ​បិទ​បាំង​ទប់ស្កាត់​ការ​លប​បាញ់​ដែល​អាច​កើត​មាន​។ លើស​ពី​នេះ តំបន់ហាមឃាត់​ប្រ​តិ​ប​តិ្ត​ការ​អាកាស​នឹង​ត្រូវ​អនុវត្ត ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​ដោយ​ដ្រូ​ន តាម​រយៈ​ការ​បំពាក់​កាំភ្លើង​សម្រាប់​កងការពារ​ទុក​បាញ់​ផ្ដាច់​ប្រព័ន្ធ​បញ្ជា និង​រំខាន​សញ្ញា​ដ្រូ​ន ហើយ​បញ្ជាការ​ចល័ត​មួយ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទល់មុខ​នឹង​សណ្ឋាគារ The Inn at Meadowbrook ផ្ទាល់​តែ​ម្តង​។

ប៉ូលិស​ប្រដាប់​អាវុធ កងកម្លាំង​សន្តិសុខ និង​ឆ្មាំ​សន្តិសុខ​ឯកជន នឹង​ល្បាត​ជុំវិញ​បរិវេណ សណ្ឋាគារ​នោះ​យ៉ាង​តឹងរ៉ឹង​បំផុត​។ ផ្ទាំង​បិទ​បាំង​បន្ថែម​ទៀត​នឹង​ត្រូវ​ដំឡើង ដើម្បី​ការពារ និង​បិទ​បាំង​អ្នក​រស់នៅ​អា​ផាត​មិន​ជាប់​នោះ​ប្រមាណ ៥០០​នាក់​ពី​ការ​មើលឃើញ ឬ​ថត​សកម្មភាព​ក្រុម​ដែល​ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក Thomas Tuchel មួយ​នេះ រួម​ទាំង​ការពារ​សង្កាត់​ទាំងមូល​ពី​ការ​រំខាន​ពី​ខាងក្រៅ​ផង​ដែរ​។ ជាមួយ​គ្នា​ដែរ អាជ្ញាធរ​បាន​ផ្ញើ​លិខិត​ទៅ​កាន់​អ្នក​ទាំងនោះ ដើម្បី​បង្ហាញ​ពី​ផែនការ​សន្តិសុខ​ដ៏​តឹងរ៉ឹង​នេះ​។

កម្លាំង​ប៉ូលិស​នឹង​អមដំណើរ​រថយន្តក្រុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ទាំង​ទៅ​ទាំង​មក រវាង​សណ្ឋាគារ កន្លែង​ហ្វឹកហាត់ ក៏​ដូច​ជា​ពេល​ការ​ប្រកួត​ផង​ដែរ​។ សមាគម​កីឡាបាល់ទាត់​អង់គ្លេស (FA) អះអាង​ថា​សុវត្ថិភាព និង​សន្តិសុខ​កីឡាករ បុគ្គលិក និង​ក្រុម​គ្រួសារ​របស់​ពួក​គេ គឺជា​អាទិភាព​ចម្បង ប៉ុន្តែ​វិធានការ​ប្រុង​ប្រយ័ត្ន​អំឡុង​ពេល​នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​។ ក្រុម​សន្តិសុខ​ផ្ទាល់​របស់ FA ក៏​នឹង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ​។

គួរ​បញ្ជាក់​ថា អង់គ្លេស ស្ថិត​នៅ​ក្នុង​ពូ​ល L រួម​ជាមួយ ក្រូ​អាស៊ី ហ្កា​ណា និង ប៉ា​ណា​ម៉ា ដោយ​ការ​ប្រកួត​នៅ​ក្នុង​ពូ​ល​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៦ តទៅ ដោយ​ប្រកួត​ទាំងអស់​របស់​អង់គ្លេស​ធ្វើ​ឡើង​នៅ​ទឹកដី​សហរដ្ឋអាមេរិក​៕