ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​គូ​ចុង​ក្រោយ ការ​ប្រកួត​ជ្រើស​រើស​​ជើងឯក​ជុំ​ទី​១​ហើយ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទើបតែ​បើក​ការ​ប្រកួត​រដូវ​កាល​ទី​៥ កាលពី​ពេល​ថ្មី​ៗ​សោះ ធ្មេច​បើក​ៗ​ការ​ប្រកួត​ជ្រើស​រើស​ឯក​របស់​ព្រឹត្តិការណ៍ TV5 Knock Out Series By K-Cement ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​មួយ​នេះ ឈាន​ដល់​វគ្គ​បញ្ចប់​ហើយ​សម្រាប់​ជុំ​ទី​១ ក្នុង​រដូវ​កាល​ថ្មី​នេះ​។ កីឡាករ​៤​រូប ត្រូវ​បាន​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ ដោយ​កីឡាករ​៤​រូប​បាន​ឡើង​ប្រកួត​គ្នា​ទម្លាក់​២​នាក់ ហើយ​កីឡាករ​មួយគូ​ចុង​ក្រោយ ដែល​ជា​គូ​បិទ​គូទ​ក្នុង​ការ​បញ្ចប់​វគ្គ​ជម្រុះ​ជុំ​ទី​១ ឆ្ពោះទៅ​ប្រកួត​វគ្គ​បន្ត​។

ការ​ប្រកួត​ក្នុង​ជុំ​ចុង​ក្រោយ​នេះ ជំនួប​កីឡាករ​គូ​ទី​បិទ​វគ្គ រវាង​បង្គោល​ខៀវ និង​បង្គោល​ក្រហម គឺ​ពោរពេញ​ឆាក​យុទ្ធ​គុន​យ៉ាង​ជក់ចិត្ត​យ៉ាង​ខ្លាំង​។ បង្គោល​ក្រហម​កីឡាករ ញឹ​ម សា​រិ​ទ្ឋ មក​ពី​ក្លិប​អា​រុណ​រៈ​កីឡា គឺជា​គូប្រកួត​យ៉ាង​ស៊ីសាច់ហុតឈាម​ជាមួយ​បង្គោល​ខៀវ គី​ន ខ្លឹម មក​ពី​ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១​។

បង្គោល​ក្រហម​មាន​ប្រវត្តិ​ប្រកួត​បាន​ចំនួន​១០ ឈ្នះ ៩​ចាញ់ ១ ឯ​បង្គោល​ខៀវ​ប្រកួត​បាន​ចំនួន ១០ ឈ្នះ ៧​ចាញ់​៣​។ ដូចនេះ​កីឡាករ​ទាំង​២​មាន​ប្រវត្តិ​ប្រកួត​ស្មើគ្នា ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំងមូល​មាន​សកម្មភាព​វាយ​គ្នា​ពិបាក​ស្វែងរក​ចាញ់​ឈ្នះ​។ កីឡាករ គី​ន ខ្លឹម ត្រូវ​គេ​ឃើញ​មាន​សន្ទុះ​វាយ​សន្ធាប់​ទៅ​លើ​កីឡាករ ញឹ​ម សា​រិ​ទ្ធ កាន់តែ​ចំ​គោលដៅ ខណៈ​ដែល​កីឡាករ​ម្ខាង​ទៀត ក៏​វាយ​ទៅ​វិញ​ផូង​ផាំង​ៗ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត​។

អ្នក​ទស្សនា​ភាគច្រើន ជាប់​ចិត្តនឹង​ការ​ប្រកួត​មួយគូ​នេះ​យ៉ាង​ខ្លាំង ដោយ​អ្នក​កាន់ជើង​កីឡាករ​ម្ខាង​ៗ ចាប់​ផ្ដើម​អស់ជំនឿ​ក្នុង​ការ​ទុកចិត្ត​សម្រាប់​កីឡាករ​របស់​ខ្លួន​នឹង​ឈ្នះ​នោះ​ផង​។ ម្នាក់​ៗ​ចាប់ផ្ដើម ហើប​គូទ​ពី​កៅអី ព្រោះតែ​ការ​ប្រកួត​មួយ​នេះ គឺ​ជក់ចិត្ត​ស្ទើរតែ​ពេញ​ទាំង​៣​ទឹក​។ ៣​ទឹក​ពេញ​កីឡាករ គី​ម ខ្លឹម បាន​ក្លាយជា​កីឡាករ​ដណ្ដើម​បាន​កៅអី ដែល​អាច​ទម្លាក់​គូប្រកួត​ឱ្យ​ហាលអាវ ហើយ​ឈាន​ទៅ​ប្រកួត​ក្នុង​ជុំ​ទី​២​។ ជ័យ​ជំនះ​ដែល​ទទួល​បាន​នេះ កីឡាករ គី​ន ខ្លឹម បាន​អះអាង​ថា កើតឡើង​ពី​ការ​ហ្វឹកហាត់ និង​ការ​តស៊ូ ដោយ​មិន​ខ្លាច​គ្រោះថ្នាក់​នោះ​ផង ទើប​អាច​ឈាន​ឡើង​ទៅ​វគ្គ​ទី​២​បែប​នេះ​៕