ស្ដាប់ភរិយាអេ ភូថង ទើបដឹងថា វត្តមានកូនប្រុសក្នុងព្រឹត្តិការណ៍ជើងឯកគួរឱ្យអាណិត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្មានអ្នកណាមិនដឹងនោះទេថា អតីតកីឡាករ អេ ភូថង បានបណ្ដុះកូនប្រុសស្រីទាំង៣របស់ខ្លួនឱ្យក្លាយជាអ្នកប្រដាល់ ដោយកូនតូចជាងគេរបស់លោក ក៏ធ្លាប់បង្ហាញសមត្ថភាពឡើងប្រដាល់នោះដែរ។ ដោយឡែក កូនប្រុសរបស់លោក ត្រូវគេឃើញឡើងប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកយ៉ាងកាលីប នៅប៉ុស្តិ៍លេខ៥នោះ ប៉ុន្តែនៅពេលដឹងរឿងពីក្រោយខ្នងទើបគួរឱ្យអាណិត។

អ្នកស្រី សាំង សុម៉ាលី ភរិយាលោក អេ ភូងថង បានបញ្ជាក់ប្រាប់បន្ទាប់ពីកូនប្រុសបានឈ្នះជុំនៅក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់កំពូលជើងឯកTV5 BOXING KNOCK OUT SERIES (K-Cement)ថា កូនប្រុសរបស់អ្នកស្រី គឺអេ អាំម៉ារីនភូថង មកដល់ពេលនេះ គេមានវ័យ១៥ឆ្នាំហើយ ហើយក៏សុំគណៈកម្មការនៅប៉ុស្តិ៍លេខ៥ ប្រកួតច្រើនលើកដែរ ប៉ុន្តែត្រូវបានបដិសេធដោយយល់ថា គេនៅក្មេងសមត្ថភាពស្ទើរហើយឡើងប្រកួតមិនទាន់កើត។

ការស្នើសុំប្រកួតជម្រើសជើងឯកលើកចុងក្រោយ គណៈកម្មការប៉ុស្តិ៍លេខ៥បានយល់ព្រមឱ្យកូនប្រុសរបស់អ្នកស្រីបានប្រកួតម្ដងហើយ ដោយអ្នកស្រីថែមទាំងតម្រូវឱ្យកូនប្រុសហ្វឹកហាត់យ៉ាងជាប់លាប់ទៀតផង ។ ប៉ុន្តែនៅពេលការប្រកួតកាន់តែខិតជិតដល់ កូនប្រុសរបស់អ្នកស្រីក៏ត្រូវគណៈកម្មការប្រាប់ថា មិនអនុញ្ញាតឱ្យប្រកួតនោះទេ ដោយលើក ហេតុផលថា កូនប្រុសអ្នកស្រីក្មេងពេក ហើយសមត្ថភាពក៏នៅស្ទើរដែលមិនអាចដាក់ឱ្យប្រកួតបាន ។

អ្នកស្រីថា វត្តមានការប្រកួតរបស់កូនខ្លួនកាលពីពេលថ្មីៗ គឺដោយសារតែកីឡាករម្នាក់ក្នុងចំណោម៣២នាក់ ដែលជ្រើសរើសហើយ ធ្វើខុសលក្ខន្តិកៈ ហើយក៏ស្នើឱ្យកូនប្រុសរបស់អ្នកស្រីមកជួយប្រកួតជំនួសប៉ុណ្ណោះ។ អ្នកស្រីថា កូនប្រុសរបស់ខ្លួនទោះជាដឹងថា គណៈកម្មការអនុញ្ញាតឱ្យប្រកួតក្នុងនាមជាគូជំនួស ក៏គេនៅតែសប្បាយចិត្ត ដោយខំប្រឹងហ្វឹកហាត់ចុះឡើងៗ ទាំងយប់ទាំងថ្ងៃ ហើយទីបំផុតការប្រកួតរបស់គេក៏ឈ្នះធ្វើឱ្យអ្នកស្រីជាម្ដាយក៏អរចង់ហូរទឹកភ្នែក ។

អ្នកស្រីថា អាណិតកូនណាស់ ហេតុតែចង់ជួយរកលុយម្ដាយ គឺគ្រាន់តែខាងប៉ុស្តិ៍លេខ៥ផ្ដល់ឱកាសឱ្យប្រកួតជ្រើសរើសជើងឯក ក៏ប្រឹងហ្វឹកហាត់អត់សម្រាក ហើយគ្រាន់តែបានឈ្នះការប្រកួតក្នុងជុំទី១ ដើម្បីបានបន្តទៅជុំទី២ ទើបធ្វើគណៈកម្មការដែលផ្ដល់ឱកាសពេញចិត្ត និងថា បើឱ្យគេប្រកួត ហើយបានហ្វឹកហាត់ត្រៀមខ្លួនបានយូរជាងនេះគឺអាចនឹងល្អ ។
អ្នកស្រីថាកូនប្រុសទើបតែប្រកួតបាន១៣-១៤ដងប៉ុណ្ណោះ ប៉ុន្តែគេមានកម្លាំងចិត្តនិងឆន្ទៈជាអ្នកប្រដាល់តែម្ដងទើបអាចយកឈ្នះនៅថ្ងៃនោះបាន។ រំលឹកដល់ឆាកប្រយុទ្ឋរវាងគូនេះ ក្នុងទឹកទី១បង្គោលក្រហមស្រាប់តែវាយសម្រុកដូចទឹកបាក់ទំនប់បំបាក់កូនប្រុសអេភូថងយ៉ាងចាស់ដៃដោយម៉ាត់ផងកែងផងជង្គង់ផងក៏ឃើញដួលពេញរេញ ។ ទំនងមិនសូវល្អបានធ្វើឱ្យសាច់ញាតិខាងលោកអេភូថងម្នាក់ៗស្រែកឱ្យរកវិធីវាយសម្រុកចូលវិញដើម្បីកែខៃស្ថានការណ៍។

ចូលដល់២ទឹកចុងក្រោយ កីឡាករ អេ អាំម៉ារីនភូថង រកបានការវាយចូលវិញបានច្រើនបន្តិចពេលខ្លះបោកដៃគូឱ្យដួលក្រាបពេញសង្វៀនបានប៉ុន្មានដងដែរធ្វើឱ្យភាគីម្ខាងខ្សោយកម្លាំងដង្ហើមដកមិនចង់ត្រូវគ្នា ។ លុះវិនាទីចប់ការប្រកួតត្រូវបានគេប្រកាសផ្លូវការឱ្យអេ អាម៉ារីនភូថងឈ្នះដោយពិន្ទុទាំងត្រដាបត្រដួសបំផុត ។ ឆ្លងកាត់ជុំទី១នេះតម្រូវឱ្យកូនប្រុសអេភូថងត្រូវបន្តខំហ្វឹកហាត់រកបច្ចេកទេសថ្មីៗទៀតដើម្បីទប់ទល់គូប្រកួតជុំទី២ ព្រោះវគ្គដំបូងឃើញថានៅខ្វះចំណុចប្រសើរច្រើនដែលពិបាកចូលដល់ជុំទី២៕
ចែករំលែកព័តមាននេះ