ឳ​ខ្លា​កូន​ខ្លា​! មក​ស្គាល់​គ្រួសារ​ឈាម​អ្នក ប្រដាល់​សួន ប៊ុ​ន​សូត្រ ពិតជា​ខ្លាំង​មិន​ធម្មតា


រាជធានី​ភ្នំពេញ ៖ គេ​ធ្លាប់តែ​ដឹង​ថា ពី​មុន​មាន​តែ​លោក អេ ភូ​ថង ប៉ុណ្ណោះ​ដែល​មានកូន​ហាត់​កីឡា​ប្រដាល់​ច្រើន​ជាងគេ ប៉ុន្តែ​ពេល​នេះ​ងាក​មក​មើល​គ្រួសារ​របស់​លោក សួន ប៊ុ​ន សូត្រ​វិញ​ថា​តើ​គាត់​មានកូន​ប៉ុន្មាន​នាក់​ដែល​ចាប់​យក​អាជីព​កីឡាប្រដាល់​ដែល​កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​។

លោក សួន ប៊ុ​ន​សូត្រ ដើម​ឡើយ​គ្រាន់ តែ​ជា​អតីត​កីឡាករ​ប្រដាល់​សាកល​មួយ រូប​ប៉ុណ្ណោះ​ថែម​ទាំង​មិនសូវ​មានឈ្មោះ​បោះ​សំឡេង​ទៀត​ផង ។ លោក​ជា​សិស្ស​រួម​គ្រូ​ជា​មួយ​លោក មាស សុខ​គ្រី ហ្វឹកហាត់​នៅ​ក្លិប ឬ​ស្សី​កែវ​។ លោក​ចូល​ហាត់​ប្រដាល់​តាំងពី ឆ្នាំ​១៩៨៦​ពេល​មាន​អាយុ​១៩​ឆ្នាំ ហើយ​បាន​លា​ឈប់​ពី​អាជីព​មួយ​នេះ​នៅ​ឆ្នាំ​១៩៩០ និង​បាន​រៀប​ ការ​ប្រពន្ធ​ចាប់ពី​ពេល​នោះ​មក​។

ដោយសារ​តែ​មានចិត្ត​ស្រឡាញ់ និង​ចង់​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បូរាណ​ខ្មែរ​នៅ​ឆ្នាំ​២០០៤ លោក​ក៏​សម្រេចចិត្ត​បង្កើត​ក្លិប​ប្រដាល់​មួយ​នៅ​មាត់បឹង​ជិត​ផ្ទះ​របស់​លោក ដោយ​ដាក់​ឈ្មោះ​ថា​បក្សី​ស្លាប​ដែក​និង​មាន​សិស្ស​ចូល​ហាត់រៀន​ច្រើន ។ ក្រោយមក ទីតាំង​ក្លិប​ហ្វឹកហាត់​របស់​លោក​ត្រូវ​ម្ចាស់​គេ​យក​វិញ លោក​ក៏​ប្ដូរ​ទៅ​ធ្វើ​នៅ​សង្កាត់​ក្រាំង​ឃ្ន​ង់​ខណ្ឌ​សែន​សុខ​វិញ ។ ចាប់ពី​ពេល​នោះ​មក​លោក​បាន​សម្រេច​ចិត្ត​ឈប់​បង្ហាត់​អ្នក​ក្រៅ​គឺ​បង្ហាត់​តែ​កូន​ខ្លួនឯង​ប៉ុណ្ណោះ ។ តើ​លោក​មានកូន​ ប៉ុន្មាន​នាក់​ដែល​សុខចិត្ត​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​ជាង​មុខរបរ​ផ្សេង​ៗ​នោះ ។

តាម អ្វី​ដែល​លោក​បាន​ប្រាប់ ក្នុង​ចំណោម​កូនប្រុស​ស្រី​ចំនួន​៧​នាក់ មាន​៥​នាក់​ហើយ​ដែល​បាន​ចាប់​យក​​អាជីព​ជា​អ្នក​ប្រដាល់​ដោយ​មាន​តែ​កូនស្រី​ច្បង​និង​កូនប្រុស​ទី​២​ឈ្មោះ​សូត្រ ផា​ន់ ដា​រ៉ា ប៉ុណ្ណោះ​ដែល​មិន​មាន​និស្ស័យ​ស្រឡាញ់ កីឡាប្រដាល់ ក្រៅពី​នោះ​មាន សូត្រ ចាន់ ដា​រ៉ា ជា​អតីត​កីឡាករ​ប្រដាល់​មួយ​រូប តែ​បាន លាឈប់​ទៅ​ហើយ នៅ​សល់​តែ សួន ចាន់​នី ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​២​ស្ថាប័ន ហើយ​សព្វថ្ងៃ​គេ​កំពុង​តែ​ត្រៀមខ្លួន​ឡើង​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​កំពូល​អ្នក​ប្រយុទ្ធ​កណ្ដាប់ដៃ​ដែក​នៅ​លើ​សង្វៀន​​ស៊ី​អិន​ស៊ី ។

ចំណែក សូត្រ ខេ​វិ​ន​ក៏​ជា​អ្នក​ប្រដាល់​ដែល​កំពុង​តែ​មានឈ្មោះ​ល្បី​មួយ​រូប​ដែរ​ក្នុង​ពេល​សូត្រ វាសនា និង​សូត្រ សុខ​ឃី​ម កំពុង​តែ​មានឈ្មោះ​ស្ថិត​នៅ​ក្នុង​ការ​ប្រមូលផ្ដុំ​កីឡាករ​ជម្រើសជាតិ​ថ្នាល ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

លោក សួន ប៊ុ​ន​សូត្រ បាន​ប្រាប់​ថា កូន​ៗ​ទាំង​៧​នាក់​មាន​តែ​សួន ចាន់​នី​ប៉ុណ្ណោះ​ដែល​យក​ត្រកូល​តាម​ជីតា ក្រៅពី​នោះ​យក​ត្រកូល​តាម ​ឈ្មោះ​លោក​ទាំងអស់ ។ លោក​ថា តាម​ពិត​ទៅ​លោក​ក៏​មាន​បំណង​ចង់ឱ្យ កូន​រៀន​បាន​ជ្រៅជ្រះ​ដូច​គេឯង​ដែរ​ប៉ុន្តែ​ដោយសារ​តែ​គ្រួសារ​របស់​លោក​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ពេក ពុំ​មាន​លទ្ធភាព​រក​ប្រាក់​ឱ្យ​កូន​រៀន​បាន ទើប​សម្រេច​ឱ្យ​កូន​ចូល​ហាត់​កីឡាប្រដាល់​តែ​ម្ដង​ទៅ ។

ទោះបីជា​កូន​ៗ​របស់​លោក​មាន​ខ្លះ​មិន​បាន​ចូល​សាលារៀន​ក្ដី​តែ​លោក​បាន​អប់រំ​ពួក​គេ​មិន​ឱ្យ​ដើរ​ផ្លូវខុស ឬ​សាង​អំពើ​មិនល្អ​ដែល​សង្គម​កំពុង​តែ​ស្អប់ខ្ពើម​នោះ​ទេ ។ លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មុខរបរ​អ្វី​ក៏ ដោយ​​សុទ្ធតែ​ល្អ​ទាំងអស់ សំខាន់​ឱ្យ​តែ​យើង​ចាប់​វា​ឱ្យ​ជាប់ ព្យាយាម​យកចិត្តទុកដាក់​អនុ​វត្ត​ការងារ​នោះ​ឱ្យ​បាន​ល្អ វា​នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​យើង​មិន​ឱ្យ​ខកបំណង​ឡើយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ