ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ វឌ្ឍនាកា រំពឹង​កើន​ប្រជាប្រិយភាព​ឡើង​​វិញ​ជាមួយ​ក្លិប​ថ្មី​នៅ​ម៉ា​ឡេ​ស៊ី

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ខកចិត្ត​ជាមួយ​ក្លិប​បរទេស​ដំបូង​ដែល​កីឡាករ​ល្បី​ល្បាញ ចាន់ វឌ្ឍនាកា បាន​កុងត្រា​ហើយ​ស្រាប់តែ​មានការ​ផ្ដាច់​វិញ​កណ្ដាល​ទីនោះ គេ​កត់​សម្គាល់ថា កីឡាករ​រូប​នេះ​មាន​អារម្មណ៍​មិនសូវ​នឹងនរ​ដូច​អំឡុង​ពេល​មុន​នោះ​ទេ ដោយ​លោក​ត្រូវ​គេ​ឃើញ​រាង​បាក់ទឹកចិត្ត​មិន​តិច​នោះ​ផង បើ​ទោះជា​ក្លិប​បឹង​កេ​ត​នៅ​តែ​យកចិត្តទុកដាក់​ក្រោយ​ពេល​ត្រឡប់​មក​វិញ​ក៏​ដោយ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ខកចិត្ត​ជាមួយ​ក្លិប​បរទេស​ដំបូង​ដែល​កីឡាករ​ល្បី​ល្បាញ ចាន់ វឌ្ឍនាកា បាន​កុងត្រា​ហើយ​ស្រាប់តែ​មានការ​ផ្ដាច់​វិញ​កណ្ដាល​ទីនោះ គេ​កត់​សម្គាល់ថា កីឡាករ​រូប​នេះ​មាន​អារម្មណ៍​មិនសូវ​នឹងនរ​ដូច​អំឡុង​ពេល​មុន​នោះ​ទេ ដោយ​លោក​ត្រូវ​គេ​ឃើញ​រាង​បាក់ទឹកចិត្ត​មិន​តិច​នោះ​ផង បើ​ទោះជា​ក្លិប​បឹង​កេ​ត​នៅ​តែ​យកចិត្តទុកដាក់​ក្រោយ​ពេល​ត្រឡប់​មក​វិញ​ក៏​ដោយ ។

យ៉ាងណា​ក៏​ដោយ អ្នកគាំទ្រ​លោក​បាន​កត់សម្គាល់​ឃើញ​ថា លោក​ចាប់ផ្ដើម​មាន​អារម្មណ៍​ស្រស់ស្រាយ និង​មាន​កម្លាំង​ចិត្តច្រើន​ត្រឡប់​មក​វិញ បន្ទាប់​ពី​លោក​សម្រេចចិត្ត​ចុះ​កុងត្រា​ជាមួយ​ក្លិប​ថ្មី​ផ្សេង​មួយទៀត​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​សម្រេចចិត្ត​ទៅ​លេង​ឱ្យ​ក្លិប​មួយ​នោះ​ក្នុង​ឆ្នាំ​២០១៩​នេះ​។

ចាន់ វឌ្ឍនាកា បាន​បង្ហាញ​អារម្មណ៍​រីករាយ​មិន​តិច​នោះ​ទេ ក្នុង​ពេល​ដែល​គេ​បាន​ក្លាយជា​កីឡាករ​កម្ពុជា ដែល​ត្រូវ​បាន​ក្លិប​មួយ​របស់​ប្រទេស​ម៉ា​ឡេ​ស៊ីទទួលយក​តាម​ការ​ចង់បាន ខណៈ​ដែល​ការ​សម្រេចចិត្ត​ទទួល​យក​ក្លិប​នេះ ដោយ​បាន​ទាំង​បោះបង់​កុងត្រា​ទាំងស្រុង​ជាមួយ​ក្លិប​បឹង​កេ​ត​នៅ​កម្ពុជា​ផង គឺ​ធ្វើ​ឱ្យ​លោក​រំពឹង​ច្រើន​ថា ខ្លួន​នឹង​មាន​ប្រជាប្រិយភាព​ខ្លាំងក្លា​មក​វិញ ព្រោះ​មុន​ឈាន​ដល់​ចុះ​កុងត្រា ក្លិប​ថ្មី​របស់​ម៉ា​ឡេ​ស៊ី បាន​ព្រមព្រៀង​ក្នុង​ការ​លើក​ស្ទួយ​លោក​ខុស​ពី​ក្លិប​ដែល​លោក​លេង​ឱ្យ​កាលពី​ឆ្នាំ​មុន ។

រំលឹក​ដល់​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​កាលពីដើម​ឆ្នាំ​២០១៩ ដើម្បី​បន្តការងារ​ថ្មី​លើ​ទឹកដី​ប្រទេស​ម៉ា​ឡេ​ស៊ី កីឡាករ​រូប​នេះ​បាន​បង្ហោះ​ឃ្លី​ប​ទៅ​កាន់​អ្នកគាំទ្រ​ថា​«​ខ្ញុំ​ស្រឡាញ់ កម្ពុជា និង​ស្រឡាញ់​ក្លិប​បាល់ទាត់ បឹង កេ​ត​» ដែល​ពាក្យ​មួយ​ឃ្លា​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​មិន​ចង់​ចាក​ចេញពី​ក្រុម​កម្សត់កម្រ និង​មិន​ចង់​ចាក​ចេញពី​កម្ពុជា​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​លោក​ត្រូវការ​ស្វែងរក​បទ​ពិសោធន៍ និង​ត្រូវការ​កសាង​កេរ្តិ៍ឈ្មោះ​ឱ្យ​បាន​ឈាន​ឡើង​បន្ថែម​ទៀត ។

ទើប​លោក​មិន​អាច​បន្ត​លេង​នៅ​ក្រុម​បឹង​កេ​ត​ស្រុក​ខ្មែរ ហើយ​សម្រេចចិត្ត​ទៅ​លេង​ឱ្យ​ក្រុម​ម៉ា​ឡេ​ស៊ី ដែល​ធ្វើ​ឱ្យ​ម្នាក់​ៗ​យល់​ថា ក្រោយ​បរាជ័យ​ក្នុង​ការ​ទទួល​បាន​ប្រជាប្រិយភាព​ដូច​ក្ដី​រំពឹង​ពី​ក្រុម​ដំបូង​របស់​ម៉ា​ឡេ​ស៊ី លោក​ចាប់ផ្ដើម​មានការ​ឈាន​ឡើងជា​ថ្មី​សម្រាប់​ឆ្នាំ​២០១៩ នេះ ។ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅ​តែ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​កីឡាករ​ឆ្នើម​របស់​ក្លិប​បាល់ទាត់​បឹង​កេ​ត បើ​ទោះជា​រូបគេ​សម្រេច​ចាកចេញ​ដើម្បី​សម្រេច​បំណង​ទៅ​លេង​នៅ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី ជាលី​ក​ទី​២​ក្នុង​ឆ្នាំ​២០១៩ នេះ​។

ចាន់ វឌ្ឍនាកា ធ្លាប់​បាន​ទទួល​ការ​ខកចិត្ត​ម្តង​ហើយ​សម្រាប់​ការ​ចេញ​ទៅ​លេង​នៅ​ក្លិប Pahang កាលពីដើម​ឆ្នាំ​២០១៨ បន្ទាប់​ពី ក្លិប​លេង​នៅ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​មួយ​នេះ​បាន​សម្រេច​បញ្ចប់​កុងត្រា​ជាមួយ​រូបគេ​ត្រឹម​ពាក់កណ្តាល​រដូវ​កាលនោះ អ៊ីចឹង​ហើយ​ទើប​ម្នាក់​ៗ​បង្ហាញ​ការ​អបអរសាទរ​នៅ​ពេល​ដែល​កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្តកំពត​រូប​នេះ​នៅ​តែ​មាន​ទីផ្សារ​នៅ​លើ​ទឹកដី​ម៉ា​ឡេ​ស៊ី​តាម​រយៈ​ការ​ទៅ​រួមរស់​ជាមួយ​ក្លិប PKNS FC ដែល​ជា​ក្លិប​ទើប​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ការ​ប្រកួត​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី កាលពី ឆ្នាំ​២០១៨​។

លោក បែ មក​រា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹង​កេ​ត ទទួលស្គាល់​ថា ចាន់ វឌ្ឍនាកា ពិតជា​បាន​បញ្ចប់​កុងត្រា​ជាមួយ​ក្លិប​បឹង​កេ​ត​មុន​ពេល​សម្រេចចិត្ត​លេង​ឱ្យ​លី​គ​កំពូល​របស់​ម៉ា​ឡេ​ស៊ី​ជា​លើក​ទី​២ ដោយ​លោក​បាន​ទាំង​អះអាង​ថា ការ​សម្រេចចិត្ត​នេះ​គឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ដែល​លោក​ក៏​ដូច​ជា​ក្រុមការងារ គឺ​មាន​តែ​ជួយ​ជ្រោមជ្រែង​ដើម្បី​បំពេញ​បំណង​។ លោក​ថា ចាន់ វឌ្ឍនាកា បាន​សាង​ស្នាដៃ​ជា​ច្រើន​ឱ្យ​ក្រុម​កម្ពុជា ជា​ពិសេស​ក្នុង​ពេល កម្ពុជា​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី កន្លង​ទៅ​។

លោក​បង្ហាញ​ការ​សោកស្តាយ​សម្រាប់​ការ​ចាកចេញ​របស់​ចាន់ វឌ្ឍនាកា ដោយ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ថា​៖«​គាត់​ហាក់ដូចជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្លិប ធ្លាប់ នៅ​ជាមួយ​យើង​យូរ និង​បាន​ជួយ​សាង​ភាព​ល្បីល្បាញ​នៅ​ក្នុង​ក្លិប អ៊ីចឹង​ជា​ការ​ធម្មតា​ទេ​ការបាត់បង់​កីឡាករ​ឆ្នើម​លំដាប់​លេខ​១ ក្នុងស្រុក គឺ​យើង​មានការ​សោកស្តាយ​ខ្លាំង ប៉ុន្តែ​ដើម្បី អនាគត​កីឡាករ និង​ដើម្បី​បើកផ្លូវ​ឲ្យ​កីឡាករ​ខ្មែរ​យើង​ផ្សេង​ៗ​ទៀត​បាន​ទៅ​លេង​នៅ​ក្រៅប្រទេស​យើង​ត្រូវ​តែ​ធ្វើការ​លះបង់​»​។

យ៉ាងណា​ក៏​ដោយ​អ្នកចាត់ការ​ទូទៅ ដែល ធ្លាប់​មាន​បទ​ពិសោធ​ទៅ​ដឹកនាំ​ក្រុម​នៅ​ប្រទេស ថៃ លោក បែ មក​រា នៅ​តែ មានការ​គាំទ្រ​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កម្ពុជា ចាន់ វឌ្ឍនាកា ក្នុង​ការ​ទៅ ប្រកប​អាជីព​នៅ​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី ដោយ​លោក​គិត​ថា វឌ្ឍនាកា នឹង​មាន​អនាគត​ជាង​ការ​លេង​នៅ​ក្នុងស្រុក ។ លោក បែ មក​រា បាន​បញ្ជាក់​ថា សមត្ថភាព​របស់ ចាន់ វឌ្ឍនាកា គួរតែ​ទៅ​លេង​នៅ​លី​គ​ដែល​ល្អ​ជាង​នៅ​កម្ពុជា ហើយ​ជា​ធម្មតា​ទាំង​លោក និង​ក្លិប​ជឿជាក់​ទាំងស្រុង​ថា ចាន់ វឌ្ឍនាកា នឹង​មាន​ប្រជា​ប្រិយភាព​កាន់តែ​ខ្លាំង​ជាមួយនឹង​ក្លិប​ថ្មី ដែល​គេ​សម្រេចចិត្ត​លេង​ឱ្យ​ក្នុង​ឆ្នាំ​២០១៩​នេះ​។

ការ​ចាកចេញ​របស់​លោក ងាក​ទៅ​ក្លិប​បឹង កេ​ត​ឯណោះ​វិញ ក៏​បាន​សរសេរ​បង្ហោះ​នៅ លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដោយ​ជូនពរ​ដល់ ចាន់ វឌ្ឍនាកា ឲ្យ​ទទួល​បាន​ជោគជ័យ សម្រាប់​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្លិប​ថ្មី PKNS FC របស់​ម៉ា​ឡេ​ស៊ី នា​រដូវ​កាល​ថ្មី​នេះ​ផង​ដែរ ។

ការ​ចាកចេញ​របស់​លោក គឺ​ស្របគ្នា​នឹង​ក្លិប​បឹង កេ​ត ក៏​បាន​នាំ​ចូល​កីឡាករ​បរទេស​ល្អ​ៗ ដើម្បី ត្រៀម​ការ​ប្រកួត​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៩ នេះ ដ្បិតថា​គ្មាន​វត្តមាន​កីឡាករ​ល្អ គឺ​ចាន់ វឌ្ឍនាកា​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក បែ មក​រា បាន បង្ហើប​ថា គិត​មក​ដល់​ពេល​នេះ ក្លិប​បឹង​កេ​ត បាន​នាំ​យក​កីឡាករ​បរទេស​គ្រប់​៥​នាក់ សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​នេះ​រួចរាល់​ហើយ ហើយ​ការ​ត្រៀមខ្លួន​លើក​នេះ​សង្ឃឹមថា យើង នឹង​អាច​ធ្វើ​បាន​ល្អ​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ