រាជធានីភ្នំពេញ ៖ លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី២៣ មេសា កន្លងមកនេះថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំឬកង់ដៃត្រង់-Cambodia MTB Series2019 សង្ឃឹមថា មានអ្នកចុះឈ្មោះចូលរួមច្រើនជាងបណ្ដាឆ្នាំមុនៗ។
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំថ្នាក់ជាតិដ៏ធំមួយនេះ ត្រូវបានរៀបចំធ្វើឡើងដោយសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រោមការជួយឧបត្ថម្ភធំពីក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ដើម្បីទាក់ទាញអ្នកស្នេហាវិស័យកីឡាប្រណាំងកង់ចូលរួមឱ្យបានច្រើនកុះករ ។ មិនតែប៉ុណ្ណោះក៏ដើម្បីសុខភាពនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរយើងទៀតផង ហើយសហព័ន្ធមានបំណងបំផុសឱ្យមានការចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ។ តាមការឱ្យដឹងបន្ថែម ការប្រកួតនេះត្រូវបានបែងចែកជា៥ដំណាក់កាលដែលដំណាក់កាលទី១ ប្រកួតនៅតំបន់ព្រែក លៀប នាថ្ងៃទី៥ ឧសភា ។

ដំណាក់កាលទី២ប្រកួតនៅខេត្តកែប ថ្ងៃទី១៦ មិថុនាដំណាក់កាលទី៣ប្រកួតនៅខេត្តកំពង់ស្ពឺថ្ងៃទី២១ កក្កដា ដំណាក់កាលទី៤ ប្រកួតនៅភ្នំបាសិតថ្ងៃទី៣ វិច្ឆិកា និងដំណាក់កាលទី៥ ធ្វើនៅថ្ងៃទី១៥ធ្នូ ឆ្នាំ២០១៩ នៅឧទ្យានជាតិគីរីរម្យ ។
សម្រាប់ការចុះឈ្មោះចូលរួមប្រកួតចាប់ផ្ដើមធ្វើឡើងពីថ្ងៃនេះតទៅ ។ ចំពោះវិញ្ញាសាប្រកួតវិញនោះ មានអាយុពី៩-១១ឆ្នាំ អាយុពី១២-១៣ឆ្នាំ អាយុពី១៤-១៧ឆ្នាំ អាយុពី១៥-២៩ឆ្នាំ អាយុពី១៨-២៩ឆ្នាំ អាយុ៣០ឆ្នាំឡើង អាយុ៤០ឆ្នាំឡើង និងផ្នែកនារីអាយុ៤០ឆ្នាំឡើង។ចំពោះព្រឹត្តិការណ៍នៃការប្រកួតនេះ សហព័ន្ធមិនត្រឹមតែធ្វើឡើងដើម្បីទាក់ទាញឱ្យមានការចូលរួមច្រើនសំដៅលើកស្ទួយវិស័យកីឡាប្រណាំងកង់នៅកម្ពុជាប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀតគឺដើម្បីបង្កើនសមត្ថភាពបច្ចេកទេសកីឡាករ កីឡាការិនីជម្រើសជាតិសម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន ក៏ដូចត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
លោកឧកញ៉ា វង្ស ខាន់ពៅ បានបន្តថានៅឆ្នាំ២០២០សហព័ន្ធខ្មែរកីឡាទោចក្រយាន សហការជាមួយក្រសួងទេសចរណ៍ រៀបចំឱ្យមានការប្រកួតជាលក្ខណៈអន្តរជាតិដ៏ធំមួយ នៅខេត្តព្រះសីហនុ និងតំបន់ភ្នំបូកគោ ដោយមានកីឡាករល្បីៗ មកពីបណ្ដាប្រទេសនានាជុំវិញពិភពលោកចូលរួមប្រកួត ។
ការប្រកួតនេះទៀតសង្ឃឹមថា កីឡាករ កីឡាការិនីកម្ពុជា នឹងទទួលបាននូវបទពិសោធន៍ជាច្រើនបន្ថែមទៀត ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺយើងមានឱកាសផ្សព្វផ្សាយឆ្នេរសមុទ្រស្អាត បរិស្ថាន និងធម្មជាតិដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជាយើងទៅកាន់ពិភពលោកទៀតផង៕
ចែករំលែកព័តមាននេះ