ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សំបូរ ប្រាប់​មូលហេតុ​ខាន​ប្រកួត​ជា​មួយ​​កីឡាករ​បរទេស​ជាង​កន្លះ​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមាណ​កន្លះ​ឆ្នាំ​មក​ហើយ ដែល​កីឡាករ​គង់ សំបូរ ដែល​ត្រូវ​គេ​ស្គាល់​ថា ​ជា​ម្ចាស់​ជើងឯក​នៅ​ប៉ុស្តិ៍​លេខ​៥​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ បាត់​មុខ​ពី​ការ​ប្រកួត​អន្តរជាតិ​តែ​ម្ដង ខណៈ​ដែល​សាមី​ខ្លួន​ក៏​ទទូច​ឱ្យ​មានការ​ផ្គូផ្គង​ខ្លួន​បាន​ប្រកួត​គូ​អន្តរជាតិ​ឡើង​វិញ​។ កីឡាករ​រូប​នេះ​បាន​ថ្លែង​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​រូបគេ​បាត់​មុខ​ពី​ការ​ប្រកួត​បែប​នេះ​ក្នុង​ពេល​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ…

រាជធានី​ភ្នំពេញ ៖ ប្រមាណ​កន្លះ​ឆ្នាំ​មក​ហើយ ដែល​កីឡាករ​គង់ សំបូរ ដែល​ត្រូវ​គេ​ស្គាល់​ថា ​ជា​ម្ចាស់​ជើងឯក​នៅ​ប៉ុស្តិ៍​លេខ​៥​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ បាត់​មុខ​ពី​ការ​ប្រកួត​អន្តរជាតិ​តែ​ម្ដង ខណៈ​ដែល​សាមី​ខ្លួន​ក៏​ទទូច​ឱ្យ​មានការ​ផ្គូផ្គង​ខ្លួន​បាន​ប្រកួត​គូ​អន្តរជាតិ​ឡើង​វិញ​។

កីឡាករ​រូប​នេះ​បាន​ថ្លែង​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​រូបគេ​បាត់​មុខ​ពី​ការ​ប្រកួត​បែប​នេះ​ក្នុង​ពេល​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ ភិន សុទី នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២១ មេ​សា​។

កីឡាករ គង់ សំបូរ បាន​ថ្លែង​បញ្ជាក់​ថា កាលពី​ជាង​កន្លះ​ឆ្នាំ​មុន លោក​បាន​ឡើង​ប្រកួត​នៅ​ CTN ហើយ​ដោយ​សារ​តែ​កីឡាករ​ថៃ​ក៏​ជា​ជើង​ខ្លាំង​ដែរ ទើប​ធ្វើ​ឱ្យ​លោក​បរាជ័យ​យ៉ាង​អាម៉ាស់ ដោយ​ត្រូវ​គណៈកម្មការ​ដាក់​​បម្រាម​មិន​ឱ្យ​ប្រកួត​២​ខែ ព្រោះតែ​ពេល​នោះ​គណៈកម្មការ​ចោទ​ថា ​ប្រកួត​មិន​អស់ដៃ ។ បន្ទាប់​មក​ប្រមាណ​ជាង​៤​ខែ​មុន​លោក​ក៏​ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ម្ដងទៀត ហើយ​ក៏​រង​របួស​ជើង​បណ្ដាល​ឱ្យ​លោក​កាន់តែ​បាត់បង់​ការ​ប្រកួត​គូ​អន្តរជាតិ ។

លោក​ថា ខ្លួន​ជា​របួស​ជើង​យូរ​ខែ​មក​ហើយ ប៉ុន្តែ​មិនដឹង​យ៉ាងម៉េច​ទើប​គណៈកម្មការ​មិន​ផ្គូផ្គង​ឱ្យ​លោក​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ទាល់តែ​សោះ​មក​ទល់​ពេល​នេះ ។ ហេតុផល​មិន​បាន​ប្រកួត​ជាមួយ​គូ​អន្តរជាតិ​ត្រូវ​កីឡាករ​រូប​នេះ​ដាក់​ការ​សង្ស័យ​ថា​ដោយសារ​តែ​លោក​ក្នុង​មួយ​រយៈ​ចុង​ក្រោយ គឺ​មិនសូវ​ហ្វឹកហាត់ ហើយ​ធ្លាក់ដៃ​ជាង​មុន​ទើប​គណៈកម្មការ​ប្រដាល់​មិន​ទាន់​ចង់​ដាក់​ក្នុង​ពេល​លោក​ក៏​សន្យា​ថា នឹង​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​បាន​ល្អជា​មុន​សិន​ផង​ដែរ ។

លោក​ថា ខ្លួន​ត្រូវការ​បំប៉នកម្លាំង និង​ប្រឹង​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន​សិន ទើប​ហ៊ាន​ទទួល​ការ​ប្រកួត​គូ​អន្តរ​ជាតិ​ឡើង​វិញ ដោយ​លោក​ប្រកាស​ថា ពេល​នេះ លោក​ក៏​មិន​ទាន់​អាច​ទទួល​ការ​ប្រកួត​អន្តរជាតិ​បាន​ដែរ ដោយសារ​លោក​មិន​ទុកចិត្ត​ខ្លួនឯង​។ លោក​ត្រូវការ​ពេលវេលា​យ៉ាង​ហោច​មួយ​ខែ​ទៅ​២​ខែ​ទៀត ទើប​សម្រេច​ទទួលយក​ការ​ប្រកួត​គូ​អន្តរជាតិ​ឡើង​វិញ​។

ងាក​មក​កាន់ការ​ប្រកួត​នៅ​លើ​សង្វៀន​អា​ស៊ី​អាគ្នេយ៍​កាលពី​ថ្ងៃ​ទី​២១ មេ​សា​វិញ កីឡាករ​បង្គោល​ក្រហម គង់ សំបូរ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ម្ចាស់​ជើងឯក​មួយ​រូប​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​បាន​ទទួល​ជ័យជម្នះ​គួរ​ជាទី​មោ​ទ​នៈ ប៉ុន្តែ​កីឡាករ​រូប​នេះ បែរជា​សារភាព​ថា ជ័យជម្នះ​ដែល​ខ្លួន​ទទួល​បាន​គឺជា​រឿង​លំបាក​បំផុត ដ្បិតតែ​អាច​វាយ​ឱ្យ​គូប្រកួត​បោះបង់​ក្នុង​ទឹក ទី​៣​។ មួយគូ​នេះ​ត្រូវ​គេ​កត់​សម្គាល់ថា មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​ទាំង​ពីរ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ខុស​ពី​គូប្រកួត​ស៊ី​សាច់​ហុតឈាម​នោះ​ឡើយ ទម្រាំ​តែ​អាច​រក​ឃើញ​ចាញ់​ឈ្នះ​។

អ្នកគាំទ្រ​ការ​ប្រកួត​មួយគូ​នេះ បង្ហាញ​ការ​ពេញចិត្ត​ពេញ​ថ្លើម​យ៉ាង​ខ្លាំង​នៅ​ពេល​កីឡាករ​បង្គោល​ក្រហម និង​បង្គោល​ខៀវ​ចាប់ផ្ដើម​វាយ​សម្រុក​ទៅ​វិញ​ទៅ​មក ដោយ​កីឡាករ​ម្នាក់​ៗ​ស្ទុះ​វាយ​ដោយ​មិន​ខ្លាច​គ្រោះ​ថ្នាក់​ហើយ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​បុក​ពោះ​ជំនួស​មុន​ពេល​លទ្ធផល​ត្រូវ​បាន​ប្រកាស ។ ក្នុង​ទឹក​ទី​១ និង​ទី​២ កីឡាករ ភិន សុទី ត្រូវ​គេ​ឃើញ​វាយ​ចេញ​បាន​ល្អ ហើយ​ក៏​ទំនង​មិន​គួរ​នឹង​ចាញ់​ការ​ប្រកួត​នោះ​ដែរ ជា​ពិសេស​នៅ​ពេល​គេ​វាយ​បាន​ល្អ​ទៅ​កាន់​កីឡាករ គង់ សំបូរ ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ។

ប៉ុន្តែ​ឈាន​ដល់​ទឹក​ទី​៣ កីឡាករ​គង់ សំបូរ បែរជា​ប្រើ​បច្ចេកទេស​វាយ​សម្រុក​យ៉ាង​ចាស់ដៃ ធ្វើ​ឱ្យ​បង្គោល​ខៀវ ភិន សុទី ត្រូវ​រាប់​ដល់​ទៅ​៣​ដង​ក្នុង​មួយ​ទឹក ហើយ​លោក​អាជ្ញាកណ្ដាល​សម្រេច​មិន​ឱ្យ​ប្រកួត​បន្ត ដោយសារ​តែ​ភ្លៅ​ទាំង​សងខាង​របស់​ភិន សុទី ត្រូវ​បាន​ទាត់​ឡើង​ហើម និង​មើលទៅ​មាន​របួសធ្ងន់​ទៅ​ហើយ ។ កីឡាករ គង់ សំបូរ សប្បាយចិត្ត​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ប្រកាស​ថា​ឈ្នះ​ក្នុង​ទឹក​ទី​៣ ក្នុង​ពេល​ដែល​កីឡាករ​រូប​នេះ ក៏​សារភាព​ថា​ពិបាក​វាយ​កីឡាករ​បង្គោល​ខៀវ ភិន សុទី មុន​ទទួល​ជ័យជម្នះ​ផង​ដែរ។

គង់ សំបូរ និយាយ​ថា កីឡាករ ភិន សុទី ដ្បិតថា​ថ្មី ហើយ​មាន​ប្រវត្តិ​ឡើង​រេញ​បាន​តិច​ជាង​ខ្លួន ប៉ុន្តែ​ក្បាច់​វ័ធ​កែង និង​ទាត់​លើ​ខ្លាំង​មិនធម្មតា ដោយ​លោក​ត្រូវ​ស៊ូ​ប្រកួត​យ៉ាង​លំបាក ទើប​មានឱកាស​នៅ​ក្នុង​ពេល​នោះ​។ លោក​អះអាង​ដោយ​ប្រយោល​ថា បើ​ការ​ប្រកួត​នេះ​ជួប​គ្នា​ជា​លើក​ទី​២ ក៏​មិន​ប្រាកដ​ថា នឹង​ឈ្នះ​បែប​នេះនោះ​ដែរ ដោយសារ​កីឡាករ ភិន សុទី លោក​ទទួលស្គាល់​ថា​គឺ​ខ្លាំង ។ លោក​ថា​ខ្លួន​ត្រូវការ​ឈ្នះ​កីឡាករ​ខ្មែរ​ៗ​គ្នា​ឯង យ៉ាង​ហោច​២​ទៅ​៣​ប្រកួត​ទៀត ទើប​សម្រេចចិត្ត​ទទួល​ប្រកួត​អន្តរជាតិ ហើយ​ប្រកួត​ឱ្យ​បាន​ល្អ​តែ​ម្ដង ដើម្បី​ឱ្យ​គណៈកម្មការ​យល់​ថា​មិន​ធ្លាក់ដៃ​ក៏​បើកឱកាស​ឱ្យ​លោក​ប្រកួត​គូ​អន្តរជាតិ​បន្ត​បន្ទាប់​​ទៀត​កុំឱ្យ​ដាច់​ដូច​កន្លះ​ឆ្នាំ​កន្លង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ