ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្តរក្រសួង​ដាក់​ឱសានវាទ​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ធ្វើការ​ទូទាត់ ផល​នៃ​ចំណូល​និង​បំណុល​ជូន​រដ្ឋ ឬ​អាច​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​អន្តរក្រសួង​ថ្មី​ៗ​នេះ​បាន​សម្រេច​ដាក់​ឱសានវាទ ទៅ​ដល់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ធ្វើការ​ចាត់ចែង​ទូទាត់​ចំណែក​នៃ​ផល​ចំណូល​និង​បំណុល​ទាំងអស់​ដែល​ជំពាក់​រដ្ឋ​ជូន​ទៅ​ក្រសួង​ប្រៃសណីយ៍ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ បើ​មិន​ដូច្នេះ​ទេ​ក្រសួង​នឹង​ចាត់វិធានការ​តឹង​រឹង​ទៅ​តាម​ផ្លូវច្បាប់ ។…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​អន្តរក្រសួង​ថ្មី​ៗ​នេះ​បាន​សម្រេច​ដាក់​ឱសានវាទ ទៅ​ដល់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ធ្វើការ​ចាត់ចែង​ទូទាត់​ចំណែក​នៃ​ផល​ចំណូល​និង​បំណុល​ទាំងអស់​ដែល​ជំពាក់​រដ្ឋ​ជូន​ទៅ​ក្រសួង​ប្រៃសណីយ៍ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ខាង​មុខ​នេះ បើ​មិន​ដូច្នេះ​ទេ​ក្រសួង​នឹង​ចាត់វិធានការ​តឹង​រឹង​ទៅ​តាម​ផ្លូវច្បាប់ ។ នេះ​បើ យោង​តាម​សេចក្តីជូនដំណឹង​របស់​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែមេសា កន្លង​ទៅ ។

សេចក្តីជូនដំណឹង​ដដែល​គូសបញ្ជាក់​ថា «​ផុត​កាលកំណត់​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នឹង​ចាត់វិធានការ​តឹង​រឹង​ជា​បន្ត​ដូច​ខាងក្រោម​ដោយ​ពុំ​មានការ​លើកលែង​ឡើយ ៖ ១) – ប្រកាស​ជា​សាធារណៈ​តាម​បណ្តាញសារព័ត៌មាន​ដូច​ចា​កាសែត វិទ្យុ ទូរទស្សន៍ សារព័ត៌មាន Online ជាដើម​។​ចំពោះ​ក្រុមហ៊ុន​ទាំងឡាយ​ណា ដែល​ខក​ខានមិនបាន​អនុវត្ត​តាម​ការ​កំណត់​ខាងលើ​ដោយ​ដាក់​ឈ្មោះ​ក្រុមហ៊ុន ឈ្មោះ​អភិបាល​ក្រុមហ៊ុន​, ម្ចាស់​ក្រុមហ៊ុន​និង​ចំនួន​ទឹកប្រាក់​ដែល​ជំពាក់​។ ២) -​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដូច​ជា​បង្ក​សំណើសុំ​ការ​អនុញ្ញាត​នានា បង្កក​គណនី​នៅ​តាម​ធនាគារពាណិជ្ជ​, បិទ​ហ្វ្រេ​កង់​ស៍​, ហាមឃាត់​ការ​នាំ​ចេញ នាំ​ចូល ហាមឃាត់​ការ​ចូលរួម​ក្នុង​ដំណើរការ​លទ្ធកម្ម សាធារណៈ​, ព្យួរ ឬ​ដកហូត​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ អាជ្ញាប័ណ្ណ​ហ្វ្រេ​កង់​ស៍​វិទ្យុ កិច្ចព្រមព្រៀង ឬ​លិខិត​គិត​យុ​ត្ត​ពាក់ព័ន្ធ​ផ្សេង​ៗ​សម្រាប់​ធ្វើ​អាជីវកម្ម​និង​ចុង​ក្រោយ​រៀបចំ​សំណុំរឿង​ដាក់​បណ្តឹង​ទៅ​តុលាការ​»​។

បន្ទាប់​ពី​អន្តរក្រសួង​ចេញ​សេចក្តីជូនដំណឹង​ទៅ​ដល់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​កាលពី​ថ្ងៃ​ទី​១១ មេ​សា រហូត​មក​ដល់​ថ្ងៃ​ទី ២២ ខែមេសា​ម្សិលមិញ​នេះ បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ថា ក្រសួង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ក្រុមហ៊ុន​ណាមួយ​ជាក់លាក់​នៅឡើយ​ទេ ព្រោះ​ការ​ជូនដំណឹង​នេះ​ស្ថិត​ចំ​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ប៉ុន្តែ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​នឹង​ទទួល​បាន​ព័ត៌មាន​ច្រើន​អំពី​បញ្ហា​ខាងលើ​។

លោក មាស ប៉ូ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​មាន​ប្រសាសន៍​ថា «​អន្តរក្រសួង​បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​១១​មេ​សា និង​បាន​ដាក់​ឱសានវាទ​ដល់​ថ្ងៃ​ទី​៣១​ខែឧសភា ២០១៩​។ ពេល​ចេញ​សេចក្តីជូនដំណឹង​ចំ​ពេល​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​យើង រហូត​ដល់​ពេល​នេះ​យើង​មិន​ទាន់​ទទួល​បាន​ជាក់លាក់​ណាមួយ​ប្រាប់​បាន​នូវឡើយ​នោះ​ទេ​។​តែ​នៅ​ក្នុង​អាទិត្យ​នេះ​ខ្ញុំ​គិត​ថា​អាច​នឹង​មាន​ព័ត៌មាន​ច្រើន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដែល​មិន​ទាន់​បាន​ទូទាត់​ផល​នៃ​ចំណូល​និង​បំណុល​ជូន​មក​ខាង​ក្រសួង​»​។
តាម​មន្ត្រី​អ្នកនាំពាក្យ​ស្ថិត​ក្នុង​អន្តរកាល​នេះ​ក្រសួង​មិន​ទាន់​អាច​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទូរ​គ​មា​គម​ន៍​និង​ទំហំ​ទឹកប្រាក់​ដែល​ត្រូវធ្វើ​ទូទាត់​ជូន​រដ្ឋ​ទៅ​ឱ្យ​សាធារណជន​បានដឹង​នៅឡើយ​នោះ​ទេ​។

លោក មាស ប៉ូ មាន​ប្រសាសន៍​បន្ត​ថា «​ប្រតិបត្តិ​ករ​ដែល​មិន​ទាន់​បាន​ធ្វើ​ទូទាត់​ជូន​រដ្ឋ​គឺ មាន​ច្រើន​ក្រុមហ៊ុន ហើយ​ទឹកប្រាក់​ដែល​ត្រូវការ​ទូទាត់​ជូន​រដ្ឋ​ក៏​មាន​ច្រើន​ដែរ ។ ប៉ុន្តែ​ខ្ញុំ​សូម​រក្សា​មិន​ទាន់​ប្រាប់​បាន​នៅឡើយ​នោះ​ទេ ព្រោះ​សេចក្តីជូនដំណឹង​ក៏​បាន​ណែនាំ​ហើយ​ដែរ លុះត្រាតែ​ក្រោយ​ថ្ងៃ​ឱសានវាទ គាត់​មិន​ព្រម​ទូទាត់​ទើប​យើង​ប្រកាស​ឈ្មោះ​ក្រុមហ៊ុន​ជា​សាធារណៈ​»​។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បង្ហាញ​ថា​ការ​ប្រមូល​ចំណូល​របស់​ក្រសួង​ប្រៃសណីយ៍​នៅ​ឆ្នាំ​២០១៨​នេះ មានការ​កើនឡើង​ខ្ពស់ ហួស​ពី​អ្វី​ដែល​យើង​គិត​ទុក ពោល​កើនឡើង​ពី​ជាង​២៩​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៧ ដល់​ជាង​៣៩​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៨​ស្មើ​ប្រមាណ​ជាង​៨១%​នៃ​ផែនការ​។​បើ​តាម​ការ​របាយការណ៍ ឆ្នាំ​២០១៨​ក្រសួង​ក្រៅពី​ទទួល​បាន​ចំណូល​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ជាង​៣៩​លាន​ដុល្លារ នូវ​ទទួល​បាន​ចំណូល​ជា​ប្រាក់​រៀល​ប្រមាណ​១​ពាន់​លាន​រៀល ខណៈ​នៅ​ឆ្នាំ​២០១៧​ចំណូល​ជា​ប្រាក់​រៀល​មាន​ប្រមាណ​តែ​២៧៨​លាន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ