ឆេះសន្ធោសន្ធៅម្សិលមិញ…គិតតែ«ស៊ីស្តែម»មួយតម្លៃ២០ម៉ឺនដុល្លារទៅហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើតាមបុគ្គលិកអគារមីក្រូហិរញ្ញវត្ថុថា ការឆេះនេះបើគិតតែ«ស៊ីស្ដែម»មួយ តម្លៃ២០ម៉ឺនដុល្លារទៅហើយ និងមិនគិតការខូចខាតកុំព្យូទ័រ និងសម្ភារផ្សេងៗទៀត ។ គួរបញ្ជាក់ថា មានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់នៅរាជធានីភ្នំពេញ ខណៈគ្រោះអគ្គិភ័យមួយបានកើតឡើងដោយសារតែការ
ទុស្សេចរន្តភ្លើងក្នុងអគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ា ផេស៊ីហ្វិចហ្វាយនែន ភីអិលស៊ី និងបានជាប់ស្ត្រីជាម្តាយនិងកូនប្រុសក្នុងអគារផងដែរ ទម្រាំសង្គ្រោះបានត្រូវរងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

គ្រោះអគ្គិភ័យនេះ ក៏បានរាលដាលឆេះអគារ និងហាង Domino´sPizza មានទីតាំងនៅខាងមុខយ៉ាងសន្ធោសន្ធៅផងដែរ ។ ហេតុការណ៍ដែលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២២ មេសា ឆ្នាំ២០១៩នេះស្ថិតនៅចំណុចខាងត្បូងអង់តែនទូរទស្សន៍ជាតិ(ទួលគោក) តាមបណ្តោយផ្លូវលេខ៥១៤កែងផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ស្ត្រីជាម្តាយនិងកូនប្រុសដែលរងរបួសភ្លាមៗ ពុំត្រូវស្គាល់ឈ្មោះឡើយ ត្រូវបានបងប្អូនដឹកតាមម៉ូតូបញ្ជូនម្តាយទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត និងកូនប្រុសតូចបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារជាតិ ។
តាមព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឮសំឡេង ផ្ទុះនិងបានក្លាយជាអណ្តាតភ្លើងឆេះជះចេញពីផ្នែកខាងក្រោយនៃអគារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេស៊ា ផេស៊ីហ្វិចហ្វាយនែន ភីអិលស៊ី យ៉ាងសន្ធោសន្ធៅ ហើយ បានឆេះរាលដាលយ៉ាងរហ័សទៅអគារហាង Domino´sPizza ដែលនៅខាងមុខ ព្រមទាំងឆេះរាលដាលទៅបង្គោលភ្លើងបណ្តាលឱ្យហុយផ្សែងខ្មៅទ្រលោម ។

តាមព័ត៌មានឱ្យដឹងទៀតថា ភ្លាមៗនគរបាលរាជធានីភ្នំពេញព្រមទាំងមូលដ្ឋាន ក៏បានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍បាញ់ទឹកពន្លត់ ។ ទន្ទឹមអគ្គិភ័យឆាបឆេះនោះ គេឃើញស្ត្រីម្នាក់រួមទាំងកូន ប្រុសបានជាប់នៅក្នុងអគារគ្រឹះស្ថាននោះ ហើយត្រូវបានអ្នករួមការងារ និងសមត្ថកិច្ចនាំគ្នាជួយសង្គ្រោះបានរួចផុតពីភ្លើងឆេះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ខណៈនោះគេឃើញលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញក៏បានចុះទៅដល់កន្លែងកើតហេតុ ដឹកនាំកម្លាំងក្នុងការជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងសកម្ម ។

តាមនគរបាលបានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គិភ័យ ចំនួន២០គ្រឿងបានទៅអន្តរា គមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់នៅវេលាម៉ោង២និង៣០នាទីរសៀល ។ ទាក់ទិនមូលហេតុនៃមហន្ត រាយនេះនគរបាលមូលដ្ឋានបានឱ្យដឹងថា បណ្តាលមកពីទុស្សេចរន្តភ្លើង ចេញពីអគារគ្រឹះស្ថានមីក្រូហិ រញ្ញ វត្ថុខាងលើ ហើយបានឆេះរាលដាល់ទៅដល់ហាងដែលនៅខាងមុខ ។ ទោះបីជាយ៉ាងណា គេពុំដឹងពីទំហំនៃការខូចខាតនេះនៅឡើយទេ ទំនងខូចខាតធ្ងន់ធ្ងរណាស់ ។

តាមប្រភពចុងក្រោយបានឱ្យដឹងថា អ្នករងរបួសជាម្តាយឈ្មោះ ទុយ ថាវរី អាយុ៣០ឆ្នាំ ជាកម្មការិនី កូនប្រុសឈ្មោះ ម៉ៅ រ៉ាវ័ន អាយុ៧ឆ្នាំ ។ ជនរងគ្រោះជាប្រពន្ធនិងកូនរបស់ឈ្មោះ ម៉ៅ រ៉ាវុធ អាយុ៣១ឆ្នាំ ជាសន្តិសុខ និងជាអ្នកបើកបររថយន្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខាងលើដែលបានស្នាក់នៅបន្ទប់មួយនៅចំហៀងខាងលិចក្នុងអគារនិងមិនបានដឹងថាមានភ្លើងឆេះនោះទេ លុះដឹងខ្លួនឈ្លក់ផ្សែងទៅហើយ ។





















ចែករំលែកព័តមាននេះ