ដល់​កម្រិត​បែកគំនិត​ដុត​ផ្ទះ​ដែល​គ្មាន​ម្ចាស់​នៅ​ផ្អើល​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​ក្រុង


រាជធានី​ភ្នំពេញ ៖ ផ្ទះថ្ម​មួយ​ល្វែង​ប្រក់ស​ង្ក័​សី​ដែល​ម្ចាស់​បាន​ទុក​ចោល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​ស​ង្ងំ​ជក់​ថ្នាំ​ញៀន​នៅ​ខាងក្នុង​ផ្ទះ​រហូត​វង្វេងស្មារតី (​បែក​ថ្នាំ​) ក៏​ធ្វើ​កម្ម​ភាព​ដុត​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​ប្រជាពលរដ្ឋ សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩​ត្រង់​ចំណុច​ជាប់ និង​គល់​ស្ពាន​អាកាស​៥​មក​រា ផ្ទះ​លេខ​១១០ ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ភូមិ​៣ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​ផ្សែង និង​ធំក្លិន​ឈ្ងៀម​ចេញ​មក​ពី​ជាន់​ទី​១ ក្នុងផ្ទះ​កើតហេតុ​ខាងលើ ។ មួយ​ស្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​លេច​ចេញ​ជា​អណ្ដាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ។ ភ្លាម​ៗ​នោះ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​បាន​រត់​ចេញ​មក​ពី​ក្នុងផ្ទះ​កើតហេតុ​ទាំង​ក្នុង​ស្ថានភាព​ស្មារតី​វង្វេងវង្វាន់​(​បែក​ថ្នាំ​) ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​នាំ​គ្នា​ចាប់​ឃាត់ខ្លួន និង​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​ជនសង្ស័យ​ខាងលើ​រង​របួស​បែកក្បាល​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ចំនួន​១៤​គ្រឿង​បាន​ធ្វើការ​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៤​គ្រឿង ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។ នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គឺ​ឆាបឆេះ​តែ​ផ្ទះថ្ម​ខាងលើ​ដែល​មាន​ទំហំ​ប្រមាណ​១៨​ម៉ែត្រ​គុណ​នឹង​៣០​ម៉ែត្រ រង​ការ​ខូចខាត​ជាន់​ទី​មួយ​ស្ទើរ​ទាំងស្រុង និង​បាន​បង្ក​អោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ដែល​ស្នាក់​នៅ​ជាប់​ផ្ទះ​កើតហេតុ​ខាងលើ​បាន​សន្លប់ ដោយសារ​តែ​ឈ្លក់ និង​ផ្សែង រួច​ក៏​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

មូលហេតុ​ជំហាន​ដំបូង គឺ​សង្ស័យ​ថា មក​ពី​ជនសង្ស័យ​ខាងលើ​ដែល​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​ដុត​បន្ទាប់​ពី​ជក់​ថ្នាំ​រួច ។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ផ្ទះ​កើតហេតុ​ខាងលើ គឺ​ត្រូវ​បាន​ទុក​ចោល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ គឺ​តាំង​តែ​ពី​ផ្ទះ​ខាងលើ​មាន​ទ្វារ និង​បង្អួច​ត្រឹមត្រូវ រហូត​ត្រូវ​ចោរលួច​គាស់​យក​អស់​សល់​តែ​សំបក​ផ្ទះ​នៅ​តែ​មិនឃើញ​ម្ចាស់​មក​មើល​ល​ម្តង​សោះ ។ កន្លង​មក គឺ​តែងតែមាន​ជនអនាថា​បាន​នាំ​គ្នា​មក​ស្នាក់​នៅ និង​ពពាក់ពពូន​គ្នា​ជក់​ថ្នាំ​ញៀន​នៅ​ក្នុងផ្ទះ​ខាងលើ​ជា​រៀងរាល់ថ្ងៃ ។ កន្លង​មក​ធ្លាប់​មានការ​ដុត​ដូច​ករណី​ខាងលើ​ចំនួន​ពីរ​ទៅ​បី​ដង​ដែរ ប៉ុន្តែ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹង​ពន្លត់​រលត់​វិញ​ទាន់​ពេលវេលា ។

ក្រោយ​ពេល​កើត​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​សម្ថ​កិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ ដើម្បី​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ