ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ហ្វូងដំរីព្រៃជាច្រើនក្បាលបានបង្ហាញខ្លួនម្តងនៅបរិវេណខាងក្រោយសាលាស្រុកកែវសីមា និងនៅចំណុចស្រះទឹក ក្នុងសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះមានចម្ងាយប្រហែល៣០០ម៉ែត្រប៉ុណ្ណោះពីដងផ្លូវជាតិលេខ៧៦ ក្នុងភូមិអូរអាម ឃុំស្រេខ្ទុម ស្រុកកែវសីមា ។
វត្តមានជាថ្មីរបស់ហ្វូងដំរីព្រៃទាំងនោះ គឺតាំងពីថ្ងៃ២០ មេសា ហើយរហូតមកដល់ព្រឹកថ្ងៃទី២៣ មេសានេះពួកវាកំពុងស្ថិតនៅចំណុចដដែល ។ ជាទូទៅដំរីព្រៃទាំងនោះតែងចេញមកចំណុចខាងលើនៅរៀងរាល់ឆ្នាំក្នុងអំឡុងរដូវនេះ ព្រោះទីតាំងខាងក្រោយសាលាស្រុកកែវសីមា និងបរិវេណសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះជាជម្រកចាស់របស់ពួកវា ។
ទោះយ៉ាងណាហ្វូងសត្វដំរីទាំងនេះមិនបង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្បែរនោះទេ គិតរហូតមកដល់ពេលនេះ ប៉ុន្តែទោះជាយ៉ាងណាមន្ត្រីបរិស្ថានក្នុងតំបន់បានឃ្លាំមើលការបម្លាស់ទីរបស់ពួកវាជាប្រចាំ ដើម្បីបង្ការហានិភ័យផ្សេងៗដែលអាចកើតឡើងពីសកម្មភាពរបស់ពួកវាមកលើអ្នកស្រុក ។ លោកបន្ថែមថា ហ្វូងដំរីទាំងអស់មានចំនួន៧ក្បាល ហើយការចេញពីព្រៃជ្រៅមកក្បែរភូមិអ្នកស្រុក គឺពួកវាមកផឹកទឹក និងស៊ីចំណី ។
លោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តបានឲ្យដឹងថា មួយរយៈនេះសម្រាប់ខេត្តមណ្ឌលគិរីមានភ្លៀងធ្លាក់ជោគជាំជារឿងដ៏ប្រសើរមួយ ព្រោះថាក្នុងព្រៃនៅតែមានប្រភពទឹក ដើម្បីឲ្យសត្វព្រៃផឹក ហើយករណីនេះមន្ត្រីបរិស្ថាន និងមន្ត្រីអង្គការ WCS ក្នុងតបន់ក៏បានត្រៀមដឹកទឹកទៅចាក់ក្នុងថ្លុក ឬត្រពាំងក្នុងព្រៃឲ្យមានប្រភពទឹកជាប្រចាំដែរ ប្រសិនបើប្រភពទឹកនោះត្រូវរីងហួត ។
នៅរដូវប្រាំងបែបនេះដែរ មន្ត្រីជំនាញក៏នឹងបង្កើនការល្បាតព្រៃ និងចាំឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ផងដែរ ព្រោះព្រានព្រៃតែងចេញប្រមាញ់ក្នុងរដូវនេះ ហើយការបរបាញ់សត្វព្រៃពីសំណាក់ជនល្មើស គឺធ្វើឡើងនៅតំបន់មានប្រភពទឹកដែលសត្វព្រៃអាស្រ័យប្រចាំថ្ងៃនោះ ។
លោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជាក់ថា បច្ចុប្បន្នចំនួនសត្វដំរីព្រៃនៅខេត្តមណ្ឌលគិរី មានចន្លោះពី៣៧០ក្បាល ទៅ៥០០ក្បាល គឺមានការកើនឡើង ហើយដំរីព្រៃនៅខេត្តមណ្ឌលគិរី មានតែមួយប្រភេទប៉ុណ្ណោះ គឺដំរីអាស៊ី ។ លោកប្រធានមន្ទីរបរិស្ថានក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលទៅមើល ឬថតរូបហ្វូងដំរីទាំងនោះ សូមកុំបង្កការំខានដល់ពួកវា ដែលអាចមានគ្រោះថ្នាក់នានាព្រោះចរិកដំរីព្រៃ បើយើងមិនរំខានវាទេ វាក៏មិនធ្វើអីដល់មនុស្សដែរ ៕
ចែករំលែកព័តមាននេះ