ខេត្តស្វាយរៀង ៖ ពលរដ្ឋនៅខេត្តស្វាយរៀង ហាក់មានការភ័យខ្លាចជាថ្មីទៀត ជុំវិញការបង្កគ្រោះថ្នាក់ដល់អាយុជីវិតដោយសារឆ្មាខ្វាចឬខាំ បន្ទាប់ពីបុរសម្នាក់ស្លាប់ដោយសារឆ្មាខាំ រយៈពេលមួយសប្តាហ៍ក្រោយមកនៅភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក កាលថ្ងៃទី១៧ ខែមេសាកន្លងទៅ ។ បុរសដែលស្លាប់ឈ្មោះ ពៅ មល់ អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ ។
បើតាមស្ត្រីជាប្រពន្ធឈ្មោះ ហែម ស៊ីនួន អាយុ៣៦ឆ្នាំ និយាយថា កាលពីថ្ងៃទី១២ ខែមេសា ប្តីគាត់បានត្រូវឆ្មាខាំដៃ ខណៈទៅលេងផ្ទះម្តាយនៅក្នុងភូមិជាមួយគ្នា ។ ពេលនោះក្រុមគ្រួសារនិងអាជ្ញាធរមានសមត្ថកិច្ច បានជំរុញឲ្យប្តីគាត់ទៅជួបគ្រូពេទ្យ ប៉ុន្តែប្តីរបស់គាត់ពុំព្រមទៅជួបគ្រូពេទ្យទេ ទោះបីជាមានបងប្អូនជួយចេញថ្លៃសេវាព្យាបាលក៏ដោយ ។ លុះមកដល់ថ្ងៃទី១៦ ខែមេសា ស្រាប់តែប្តីគាត់ចាប់ផ្តើមធ្វើទុក្ខ ដោយមានអាការក្តៅខ្លាំង ខ្លាចទឹក ខ្លាចខ្យល់ ខ្លាចពន្លឺ ដូចករណីកុមារីម្នាក់ដែលបានស្លាប់ដោយសារឆ្មាំខាំនៅក្រុងបាវិត កាលពីខែមុនដូច្នោះដែរ ។
បើតាមស្ត្រីជាប្រពន្ធឈ្មោះ ហែម ស៊ីនួន អាយុ៣៦ឆ្នាំ និយាយថា កាលពីថ្ងៃទី១២ ខែមេសា ប្តីគាត់បានត្រូវឆ្មាខាំដៃ ខណៈទៅលេងផ្ទះម្តាយនៅក្នុងភូមិជាមួយគ្នា ។ ពេលនោះក្រុមគ្រួសារនិងអាជ្ញាធរមានសមត្ថកិច្ច បានជំរុញឲ្យប្តីគាត់ទៅជួបគ្រូពេទ្យ ប៉ុន្តែប្តីរបស់គាត់ពុំព្រមទៅជួបគ្រូពេទ្យទេ ទោះបីជាមានបងប្អូនជួយចេញថ្លៃសេវាព្យាបាលក៏ដោយ ។ លុះមកដល់ថ្ងៃទី១៦ ខែមេសា ស្រាប់តែប្តីគាត់ចាប់ផ្តើមធ្វើទុក្ខ ដោយមានអាការក្តៅខ្លាំង ខ្លាចទឹក ខ្លាចខ្យល់ ខ្លាចពន្លឺ ដូចករណីកុមារីម្នាក់ដែលបានស្លាប់ដោយសារឆ្មាំខាំនៅក្រុងបាវិត កាលពីខែមុនដូច្នោះដែរ ។
ប្រភពដដែលបន្តថា ដោយប្តីគាត់មានអាការក្តៅខ្លាំង នៅព្រឹកថ្ងៃទី១៧ ខែមេសា ក្រុមគ្រួសារបងប្អូនសម្រេចដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិរមាសហែក តែជាអកុសលប្តីគាត់បានស្លាប់នៅតាមផ្លូវ ។ នេះ ដោយសារតែមានការធ្វេសប្រហែសរបស់ជនរងគ្រោះដោយគិតថា ឆ្មារបស់ខ្លួននៅក្នុងផ្ទះមិនដែលឃើញមានជំងឺអ្វីទេ ។ ពេលឆ្មាខាំនោះ គឺជនរងគ្រោះយកដៃទៅអង្អែលលេងដូចសព្វដង ហើយពេលទៅលេងផ្ទះម្តាយជាទម្លាប់ក៏តែងតែយកដៃទៅអង្អែលប្រឡែងជាមួយឆ្មាដោយការស្រឡាញ់ក៏ត្រូវឆ្មាខាំតែម្តង ។ ដោយឡែក មានករណីមួយទៀត ក្មេងស្រីម្នាក់ទៀតត្រូវឆ្មាខាំដែរ កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅ និងកំពុងសង្គ្រោះបន្ទាន់ ។
បើតាមលោក ស៊ូ ម៉ុល អភិបាលរងស្រុករមាសហែកឲ្យដឹងថា មានករណីឆ្មាខាំក្មេងស្រីម្នាក់ទៀតឈ្មោះ
សំ រស្មី អាយុ១៣ឆ្នាំ រស់នៅភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្តៅ ហើយករណីខាងលើនេះលោកបានឲ្យអាណាព្យាបាលនាំយកទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីចាក់ថ្នាំបង្ការឱ្យទាន់ពេលវេលា អាជ្ញាធរស្រុករមាសហែកអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នកុំលេងសត្វឆ្មាបន្ទាប់ពីមានពលរដ្ឋ៣នាក់រងគ្រោះដោយសារឆ្មាខាំ និងក្រញៅ បង្កជាជំងឺកាចសាហាវនិងគ្រោះថ្នាក់ដល់អាយុជីវិតរួចមក លោក ស៊ូ ម៉ុល ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនស្រុក និងជាអភិបាលរងស្រុករមាសហែក បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ឲ្យមានការប្រុងប្រយ័ត្នចំពោះសត្វចិញ្ចឹមមានឆ្មានិងឆ្កែជាដើម ដែលគប្បីទៅចាក់វ៉ាក់សាំងការពារជាមុន ។
លោកអភិបាលរងស្រុក បានអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកនិងក្រុមការងារទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រូវឆ្មាខាំ និងក្រញៅចំនួន៣គ្រួសារ កាលពីព្រឹកថ្ងៃទី១៨ ខែមេសាកន្លងទៅ នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក ។ជាមួយគ្នានេះ ក្រុមការងារយុវជនគណបក្សស្រុករមាសហែក ក៏បានចូលរួមបុណ្យក្រុមគ្រួសារសពលោក ពៅ មល់ អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្តៅ
ដែលត្រូវឆ្មាខាំហើយស្លាប់កាលពីថ្ងៃទី១៧ ខែមេសា ។
ក្រៅពីនេះ ក្រុមការងារក៏បានសួរសុខទុក្ខជនរងគ្រោះ២នាក់ដែលត្រូវឆ្មាក្រញៅ កាលពីថ្ងៃទី១៦ខែមេសារួមមាន កុមារី សំ រស្មី អាយុ១៣ឆ្នាំ និងយុវជន សំ ពិសិដ្ឋ អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងឈ្នាង ឃុំត្រពាំងស្តៅ ។ ករណីខាងលើនេះ អាណាព្យាបាលបាននាំអ្នកទាំង២នាក់ទៅមន្ទីរពេទ្យដើម្បីពិគ្រោះយោបល់និងចាក់ថ្នាំបង្ការរួចហើយ ពោលគឺមិនមានអាការធ្ងន់ធ្ងរនោះទេ។
គួរកត់សម្គាល់ថា ជំងឺឆ្កែឆ្កួតដោយសារត្រូវឆ្មាឬឆ្កែខាំនេះ កំពុងបង្កការព្រួយបារម្ភខ្លាំងដល់ប្រជាពលរដ្ឋទូទៅ ហើយកន្លងមកពួកគាត់បាននាំគ្នាសម្រុកទៅចាក់ថ្នាំបង្ការនៅវិទ្យាស្ថានប៉ាស្ទ័រ ឯរាជធានីភ្នំពេញ ។ ជាក់ស្តែង នៅខេត្តស្វាយរៀងក្នុងរយៈពេលតែ១ខែប៉ុណ្ណោះ មានមនុស្សស្លាប់ដោយសារឆ្កែខាំម្នាក់នៅស្រុកស្វាយជ្រំ និងឆ្មាខាំស្លាប់ម្នាក់ និងឆ្មាក្រញៅរបួស២នាក់នៅស្រុករមាសហែក ៕
ចែករំលែកព័តមាននេះ