តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា អតីតកីឡាករជើងខ្លាំងរបស់ប្រេស៊ីល Rivaldo ថា ជើងខ្លាំងប្រចាំក្លិបអ្នកមានបុណ្យ Lionel Messi សមនឹងទទួលពាន Ballon d’Or ជាលើកទី៦ មិនថាឈ្នះពាន Champions League ជាមួយនឹង Barcelona ឬអត់នោះទេ ។

Barcelona នៅពេលនេះ អាចរក្សាខ្លួនឯងឱ្យនៅក្នុងការប្រកួតទៅដណ្តើម Champions League បាន ក្រោយពីជួបនឹង Manchester United ហើយកំពុងតែត្រៀមនឹងក្លាយជាជើងឯក La Liga ។

Rivaldo ដែលជាអតីតកីឡាករជើងឯកប្រចាំឆ្នាំ FIFA World Cup បានប្រាប់ព័ត៌មាន Goal ថា៖ «វាពិតជាមិនអាចរៀបរាប់ពី Messi បានមែន ។ ខ្ញុំចូលចិត្តគេខ្លាំងណាស់ ហើយខ្ញុំតែងតែនិយាយថា ខ្ញុំមិនសប្បាយចិត្ត ដោយសារតែគេមិនដែលឈ្នះពាន World Cup ជាមួយនឹងអាហ្សង់ទីន ។ វាគឺជាពានដែលគេគួរតែទទួលបាន ព្រោះកីឡាករលំដាប់ពិភពលោកដូចគេ គឺគួរទទួលពានលំដាប់ពិភពលោក»។

អតីតជើងខ្លាំងម្នាក់នេះបានបន្តថា៖«គេបានរកគ្រាប់បាល់បានជាច្រើន ដែលខ្ញុំគិតថា អ្វីដែលគេបានធ្វើនៅ Champions League គឺអាចជួយឱ្យលេចធ្លោកាន់តែខ្លាំង។ ប្រសិនបើគេមិនអាចឈ្នះពាន Champions League គេក៏នៅតែសមនឹងទទួលពាន Ballon d’Or ដែរ»៕
ចែករំលែកព័តមាននេះ