រាជធានីភ្នំពេញ៖ ខណៈពេលកំពុងតែពិសាអាហារក្នុងភោជនីយដ្ឋានសាមបាអុីលីតសុខៗ ស្រាប់តែភ្ញៀវបានរត់ប្រសាចចេញមកក្រៅ បន្ទាប់ពីឃើញមានផ្សែងបានហុយទ្រលោមចេញពីបំពង់ផ្សែងយ៉ាងខ្មួលខ្មាញ់ទៅលើ បង្កអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងចុះមកជួយអន្តរាគមន៍ ដោយស្មានតែកើតមានអគ្គីភ័យនោះ។
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១និង១៥នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចភោជនីយដ្ឋាន សាមបាអុីលីត ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ក្នុងហេតុការណ៍ខាងលើនេះដែរ ម្ហូបអាហារមួយចំនួនត្រូវបានបំផ្លាញ ដោយសារតែបុគ្គលិក បានយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ បណ្តាលអោយហុយពេញហាង ខណៈស្មានតែកើតមានកើតអគ្គីភ័យនោះ។
តាមប្រភពពីបុគ្គលិកបានអោយដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលភ្ងៀវកំពុងតែ ពិសាអាហារ ស្រាប់តែមានផ្សែងហុយចេញពីបំពង់ផ្សែងខុសពីធម្មតា ដោយសាតែមានបញ្ហា ម៉ាស៊ីនបូមខ្យល់ ពេលនោះបង្កអោយមានការភ្ញាក់ផ្អើលដល់បុគ្គលិកបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់អស់ចំនួន៧បំពង់ ជាហេតុធ្វើអោយផ្សែងបំពង់ពន្លត់អគ្គីភ័យ ហុយកាន់តែខ្លាំងទៅលើ ធ្វើឱ្យភ្ញៀវដែលកំពុងពិសាអាហារបាននាំគ្នារត់ប្រសាចចេញមកក្រៅ ។
ភ្លាមៗនោះដែរ ក៏បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក បានហៅរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងចុះទៅជួយអន្តរាគមន៍ ។ ទោះបីជាយ៉ាងណា ភ្លើងពុំបានឆាបឆេះនោះទេ គឺគ្រាន់តែបំពង់ផ្សែងដែលអាំងសាច់នោះហុយតែប៉ុណ្ណោះ និងបណ្តាលមកពីមានបញ្ហាម៉ូទ័របូមផ្សែងបន្តិចបន្តួច៕
ចែករំលែកព័តមាននេះ