យី…យកប្រាក់គេអស់ជិត១លានដុល្លារ អង្គុយហូបស៊ុបជាមួួយប្រពន្ធធ្វើមិនដឹង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថៅកែឃ្លាំងទិញ-លក់រថយន្តដែលប្រើល្បិចលក់រថយន្ត (ជាខ្យល់ ដោយធ្វើនំអត់ម្សៅ) ដោយបានប្រមូលប្រាក់កក់ប្រមាណជិត១លានដុល្លាររត់បាត់ ត្រូវបានប្រជាពលរដ្ឋដែលជាអ្នកចាញ់បោកតាមរកឃើញ ហើយនិងប្តឹងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃអោយឃាត់ខ្លួនតែម្តង ។
ហេតុការណ៍នេះ បានបង្កបង្កភ្ញាក់ផ្អើលកាលពីវេលម៉ោងប្រមាណ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២១ មេសា ស្ថិតនៅចំណុចហាងស៊បមួយកន្លែង (អតីតអធិដ្ឋាននគរបាល) ក្នុងខណ្ឌទួលគោក តាមមហាវិថីសេនាប្រមុខ មុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

ជនដែលប្រើល្បិចបោកក្រោមរូបភាពលក់រថយន្តខ្យល់បង់រំលោះ ប្រមូលប្រាក់កក់រត់នោះ ឈ្មោះសេង សុភគ៌ អាយុ៣២ឆ្នាំ មានលំនៅផ្ទះ៦២៧ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ តាមព័ត៌មានឱ្យដឹងទៀតថា មានប្រជាពលរដ្ឋប្រមាណជិត១០០នាក់ ដែលបានចាញ់បោកជននោះ ដែលបានទៅទិញរថយន្តបង់រំលោះ និងបានកក់ប្រាក់ខ្លះ៣ពាន់ ខ្លះ៥ពាន់ រហូតដល់១ម៉ឺនដុល្លាររាប់ខែមកហើយ ថៅកែគ្មានរថយន្តឱ្យដោយប្រមូលប្រាក់ជិត១លានដុលារ ហើយក៏រត់គេចបាត់ ។

តាមព័ត៌មានអោយដឹងថា បន្ទាប់ពីរត់គេចខ្លួន ប្រជាពលរដ្ឋដែលចាញ់បោកបានលើកគ្ន ទៅកាន់ទីតាំងឃ្លាំងលក់រថយន្តយីហោ សេង ហួត ដែលស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩និងបានលើកគ្នា ទៅសាលាសង្កាត់ដើម្បីអោយអាជ្ញាធរជួយអន្តរាគមន៍ និងប្តឹង នគរបាលក្រសួងមហាផ្ទៃ ព្រមទាំងតាមរកហើយ ប្រទះឃើញជនសង្ស័យឆបោកនោះ ។

តាមព័ត៌មានបានឱ្យដឹងទៀតថា លុះនៅវេលាថ្ងៃត្រង់ អ្នកចាញ់បោកក៏បានតាមរកជននោះឃើញ ខណៈពេលដែលជននោះ ព្រមទាំងស្ត្រីជាភរិយាជិះរថយន្តម៉ាកTUNDRA ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ២O ២៥៥៧មួយគ្រឿង ទៅហាងស៊ុបនៅចំណុចខាងលើ។ តាមព័ត៌មានថា ខណៈពេលប្រជាពលរដ្ឋ ប្រមាណជាង៣០នាក់ បានធ្វើការបាននាំគ្នាចុះទៅដល់ហាងនោះ និងទាក់ទងហៅនគរបាលការិយាល័យ ព្រហ្ម ទណ្ឌកំរិស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះទៅយកជនសង្ស័យ ។

ទោះបីជាយ៉ាងណា នគរបាលហាក់ដូចជាសន្តិភាព ហើយពុំបានចាប់វាយខ្នោះនោះទេ ដោយអញ្ជើញជននោះឱ្យបើករថយន្តដោយខ្លួនឯង ទៅកាន់ក្រសួងមហាផ្ទៃ ។ គួរបញ្ជាក់ថា នេះជាល្បិចបោកថ្មី ដែលថៅកែ រថយន្តធ្វើនំអត់ម្សៅ បានជួលរថយន្តគេមកដាក់តាំងក្នុងឃ្លាំង ជាការបញ្ឆោតនិងបោកប្រាស់ដើម្បីឲ្យអ្នកទិញទុកចិត្ត យកលុយទៅកក់ប៉ុណ្ណោះ។

តាម អ្នកដែលចាញ់បោកគេ បានអោយដឹងថា មានអ្នករងគ្រោះ ប្រមាណជិត១០០នាក់ ដែលបានចាញ់បោក នាំគ្នាទៅទិញរថយន្តបង់រំលោះ ដោយអស់ប្រាក់ម្នាក់ខ្លះ ៣ពាន់ដុល្លារ ,៥ពាន់ដុល្លារនិងខ្លះទៀតរហូតដល១ម៉ឺនដុល្លារ ទៅតាមប្រភេទរួមមានរថយន្តហាយឡេនឌ័រ ឡិចស៊ីស៣៣០ និង៣៥០ តែកក់លុយខ្លះប្រមាណជាង១ខែ ខ្លះរហូតដល់៣ខែ មិនទាន់បានរថយន្តនោះទេ ដោយម្ចាស់ បានប្រើល្បិច ពន្យាពេលរហូត ។

ដោយឡែក អ្នកខ្លះទៀតប្រគល់លុយគ្រប់បានរថយន្តយកទៅជិះរយៈពេលខ្លីហើយត្រូវបានថៅកែឃ្លាំងនេះយករថយន្តត្រឡប់ទៅវិញដោយកុហកថារថយន្តដាច់ប្រព័ន្ធតាមដានGPS ហើយក្រុមហ៊ុនត្រូវយកទៅវិញដើម្បីតភ្ជាប់ប្រព័ន្ធតាមដានGPSឲ្យបានត្រឹមត្រូវឡើងវិញហើយក៍ទៅបាត់រហូតទាក់ទងលែងចូលទើបដឹងថា ឃ្លាំងលក់រថយន្តនោះបោកប្រាក់ពុំមានរថយន្តលក់នោះទេ គឺជួលរថយន្តគេមកដាក់តាំងប្រមូលលុយកក់ប្រមាណជិត១លានដុល្លារ រត់គេចបាត់ស្រមោល តែគេចមិនផុតពីសំណាញ់ច្បាប់ឡើយ៕












ចែករំលែកព័តមាននេះ