ខេត្តកណ្តាល ៖ យុវជនមួយក្រុមបាននាំគ្នាប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ជួល ត្រូវប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ។ ភ្លាមៗនោះកម្លាំងជំនាញផ្នែកគ្រឿងញៀនចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនបាន៤នាក់ ក្នុងនោះស្រីម្នាក់ និងវត្ថុតាងមួយចំនួនទៀត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ម៉ោង១៧និង៣០នាទីល្ងាច នៅចំណុចក្នុងបន្ទប់ជួល ភូមិចុង បង្គោលឃុំបែកចានស្រុកអង្គស្នួល ។
ជនសង្ស័យ៤នាក់ខាងលើ ១-ឈ្មោះហេង ថានិន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់លៀស ស្នាក់នៅភូមិចុងបង្គោលឃុំបែកចាន ស្រុកអង្គស្នួល ២-ឈ្មោះសុខា ឆេងលី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់លៀស ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ៣-ឈ្មោះ មាន វាសនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិលិចវត្តសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មុខរបរអ៊ុតតែមម៉ូតូ និង៤-ឈ្មោះ ឃន ពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបំរើការខារាអូខេ ស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ។ ចំណែកវត្ថុតាងដកហូតមាន ឧបករណ៍ ប្រើប្រាស់ថ្នាំញៀន ទូរស័ព្ទដៃ៥គ្រឿង និងម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខៀវ សផ្លាកលេខភ្នំពេញ 1HF0591។
បើតាមនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ កម្លាំងជំនាញទទួលព័ត៌មានពីពលរដ្ឋថាមានមុខសញ្ញាកំពុងប្រើប្រាស់ថ្នាំញៀនក្នុងបន្ទប់ជួល នៅភូមិចុងបង្គោល ឃុំបែកចាន។ ភ្លាមនោះកម្លាំងជំនាញផ្នែកគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបែកចាន ចុះទៅដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យទាំង៤នាក់នៅកន្លែងកើតហេតុ រួមនឹងវត្ថុតាងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀនប្រាកដមែនហើយថ្នាំញៀនដែលប្រើប្រាស់បានចូលលុយគ្នាទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅមុខក្លោងទ្វារចូលវត្តស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ