ខេត្តកំពង់ឆ្នាំង ៖ ទឹកធ្លាក់ថ្មក្រាល គឺជារមណីយដ្ឋានដែលត្រូវបានសហគមន៍រៀបចំឡើងមានរយៈពេលជាង ៤ឆ្នាំហើយ ប៉ុន្តែហាក់គ្មានមនុស្សបានស្គាល់ និងមានភ្ញៀវទៅលេងតិចតួចបំផុត ។ រមណីយដ្ឋាននេះស្ថិតក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ មានចម្ងាយ៥៧គីឡូម៉ែត្រពីទីក្រុងកំពង់ឆ្នាំង ។
លោកប្រាក់ គឹមសេង អនុប្រធានសហគមន៍ទឹកធ្លាក់ថ្មក្រាលបានអោយដឹងថា ទឹកធ្លាក់ថ្មក្រាល គឺជាតំបន់ទឹកធ្លាក់យ៉ាងស្រស់ស្អាត និងមានបរិស្ថានល្អ ។ ដោយសារហេតុនេះហើយទើបអាជ្ញាធរមូលដ្ឋានបានបង្កើត សហគមន៍រមណីយដ្ឋាន រមណីដ្ឋានទឹកធ្លាក់ថ្មក្រាល នៅឆ្នាំ២០១៥ មកដល់ពេលនេះមានរយៈពេល៤ឆ្នាំហើយ ។ ប៉ុន្តែចាប់តាំងពីកើតសហគមន៍ទឹកធ្លាក់ថ្មក្រាលនេះមក គឺមិនសូវមានភ្ញៀវទេសចរមកលេងកម្សាន្តឡើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ។ ប៉ុន្តែជាភ័ព្វសំណាងនៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺថ្ងៃទី ២ ដែលត្រូវនឹងថ្ងៃទី ១៥ ខែ មេសា មានភ្ញៀវទេសចរទៅលេងកម្សាន្ត ប្រមាណជាង ៣ពាន់នាក់ ។
លោកបានបញ្ជាក់ថា៖ចំនួនភ្ញៀវទេសចរដែលទៅលេងទឹកធ្លាក់ថ្មក្រាលមានចំនួនច្រើនលើសលប់បែបនេះ គឺដោយសារតែមាន ព័ត៌មានត្រឡប់ គឺមានន័យថា៖ បន្ទាប់ពីមានអ្នកមកលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលនេះ ពេលត្រឡប់ទៅវិញក៏បានបង្ហោះរូបភាព ទឹកធ្លាក់ តាមបណ្ដាញសង្គមហ្វេសប៊ុកហើយក៏ដឹងតៗគ្នាទើប បណ្ដាលឲ្យថ្ងៃចូលឆ្នាំថ្មីឆ្នាំ២១០៩នេះ មានភ្ញៀវទេសចរទៅកម្សាន្តយ៉ាងច្រើនកុះករ។ លោក បានរំលឹកថា សហគមន៍ទឹកធ្លាក់ថ្មក្រាលមានចំនួន៧៣គ្រួសារ ហើយបានត្រួសត្រាយផ្លូវកាប់ឆ្ការ ព្រៃ ដើម្បីរៀបបង្កើតជាតំបន់ទេសចរ ។ បន្ទាប់មកក៏មានការចូលរួមពីសប្បុរសជននានាចាក់ដីបំពេញផ្លូវ និងខ្លះទៀតជួយធ្វើកន្លែងអង្គុយលេងផងដែរ ។
ជាចុងក្រោយក្នុងនាមលោកជាអនុប្រធានសហគមន៍ក៏ដូចជា ជំនួសមុខអាជ្ញាធរដែនដីសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមកលេងតំបន់ទឹកធ្លាក់ថ្មក្រាលដែលជារមណីយដ្ឋានថ្មីទើបនឹងរកឃើញនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ដើម្បីចូលរួមគាំទ្រដល់សហគមន៍ដើម្បីឲ្យដំណើរការតំបន់មួយនេះក្លាយជាតំបន់ទេសចរណ៍នៅទីនេះរីកចម្រើនឡើងជាងនេះ និងសូមអោយមន្ត្រីពាក់ព័ន្ធជួយធ្វើស្លាកសញ្ញាសម្គាល់ រមណីដ្ឋាននេះអោយបានច្បាស់លាស់ សម្រាប់ជួយសម្រួលភ្ញៀវដែលចងមកកម្សាន្តនៅរមណីដ្ឋាននេះ ។
សូមបញ្ជាក់ថា ភ្ញៀវទេសចរដែលចង់ទៅលេងកម្សាន្តនៅរមណីដ្ឋានទឹកធ្លាក់ថ្មក្រាលត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំងតាមផ្លូវជាតិលេខ៥៣ ទៅដល់ផ្សារស្រុកទឹកផុសត្រូវបន្តដំណើរឆ្លងកាត់ផ្លូវរថភ្លើងរហូតដល់ជិតវត្តក្នុងខ្លុងពពក ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ រូចបត់ស្តាំតាមផ្លូវក្រាលកៅស៊ូ និងគ្រោះក្រហមជាង២០គីឡួម៉ែត្រទើបដល់រមណីដ្ឋានដ៏ស្រស់ស្អាតមួយនេះ ៕
ចែករំលែកព័តមាននេះ