ឡោមព័ទ្ធវីឡាមួយរហូតដល់ភ្លឺចូលឆែកឃើញស្តុកឈើមិនតិច
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ព្រះរាជអាជ្ញារខេត្តមណ្ឌលគិរីបានបញ្ជាដល់សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឡោមព័ទ្ធផ្ទះមួយកន្លែង ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី តាំងពីម៉ោង១និង៤៥នាទីរំលងអធ្រាត្រថ្ងៃទី២១ មេសានេះ រហូតដល់ព្រឹកថ្ងៃដដែលទើបធ្វើការរឹបអូសវត្ថុតាងបាន ។

មុនមានការឡោមព័ទ្ធវីឡាសង្ស័យខាងលើនៅម៉ោងប្រហែល១២យប់ លោកហៀង សុភាក់ ព្រះរាជអាជ្ញាអមសាលាដំបូងកំពុងធ្វើដំណើរចេញពីខេត្តមណ្ឌលគិរីឆ្ពោះទៅខេត្តក្រចេះ ។ មកដល់ចំណុចចម្ការស្រល់ហួសក្រុងសែនមនោរម្យក៏មានរថយន្តម៉ាកកាមេរី ពណ៌ទឹកប្រាក់១គ្រឿង សង្ស័យដឹកឈើបានគៀររថយន្តរបស់លោក ។

បន្ទាប់មកលោកព្រះរាជអាជ្ញារ និងក្រុមកាងារបានដេញរហូតដល់ផ្ទះវីឡាដែលគេស្គាល់ថា ជាវីឡារបស់អតីតមន្ត្រីកងរាជអាវុធហត្ថឈ្មោះស៊ូ ម៉ារឹទ្ធ ។ ក្រោយពីរថយន្តសង្ស័យរត់ចូលវីឡារបស់ឈ្មោះស៊ូម៉ារឹទ្ធ រួចលោកព្រះរាជអាជ្ញាបានបញ្ជាដល់សមត្ថកិច្ចចម្រុះធ្វើការឡោមព័ទ្ធរឹបអូសរថយន្តម៉ាកកាមរី១គ្រឿង ព្រូឡានម្នាក់ ព្រមទាំងឈើប្រណិតជាច្រើនដុំផងដែរ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះចាន់ ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិព្នង មានមុខរបរមិនពិតប្រាកដ។ដោយឡែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។
ទោះជាយ៉ាងណាគេនៅពុំទាន់ដឹងអំពីបរិមាណឈើប្រណិតនៅឡើយ ត្បិតពុំទាន់បានវាស់វែង ។ ប៉ុន្តែគេគ្រាន់តែដឹងថា ឈើប្រណិតទាំងនោះមានខ្នាតតូចធំវែងខ្លីនៅក្នុងរោងតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ