រាជធានីភ្នំពេញ ៖ ផ្អើលសមត្ថកិច្ច ទាំងប៉ូលិស ទាំងអាវុធហត្ថ បន្ទាប់ពីជនជាតិចិនមួយក្រុមមានគ្នា៥នាក់ប្រើល្បិចរូបភាពចូលផឹកស៊ីក្នុងភោជនីយដ្ឋាន រួចបបួលស្ត្រីជនជាតិចិនចំនួន៥នាក់ថា ទៅដើរលេងខាងក្រៅ ស្រាប់តែទៅបាត់រហូត ហើយទូរស័ព្ទគំរាមជម្រិតទារប្រាក់ពីថៅកែភោជនីយដ្ឋានឲ្យវេរលុយចំនួន២ដងជាស្រេច ហើយនៅតែមិនទាន់ដោះលែងជនរងគ្រោះមកទៀត ទើបបែកធ្លាយរឿងកាលពីម៉ោង១០យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ផ្អើលឆោឡោរហូតសមត្ថកិច្ចចុះទៅសាកសួរនៅកន្លែងភោជនីយដ្ឋាន ថាតឌីង ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមរយៈការបំភ្លឺពីជនជាតិចិនម្ចាស់ភោជនីយដ្ឋានបានឲ្យដឹងថា នៅម៉ោង៦ព្រលប់ ថ្ងៃទី២០ មេសា បុរសជនសង្ស័យជនជាតិចិនមួយក្រុមមានគ្នា៥នាក់ ជិះរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ TOP1 ពណ៌ខ្មៅ មិនចាំស្លាកលេខ ចូលមកផឹកស៊ី មួយសន្ទុះក្រោយមកនិយាយប្រាប់ថៅកែឲ្យរកស្ត្រីជនជាតិចិន៥នាក់ (ស្ត្រីខ្មែរមិនយកទេ) ដើម្បីមកអង្គុយផឹកកំដរលេងជាមួយក្រុមជនសង្ស័យទាំង៥នាក់នោះ ។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យ៥នាក់ ស្ត្រីរងគ្រោះ៥នាក់ជាជនជាតិចិនទាំងអស់ នាំគ្នាផឹកស៊ីរហូតដល់ម៉ោង៩យប់ ក្រោយមកក្រុមជនសង្ស័យប្រាប់ថា សុំនាំក្រុមស្ត្រីទាំង៥នាក់នោះចេញទៅដើរលេងមួយភ្លែត ហើយក៏នាំគ្នាឡើងជិះរថយន្ត TOP1 ខាងលើចាកចេញទៅបាត់ មិនដឹងថាទៅដល់ណា ស្រាប់តែនៅម៉ោង១០យប់ថ្ងៃដដែល ក្រុមជនសង្ស័យទូរស័ព្ទ មកគំរាមជម្រិតទារប្រាក់ចំនួន១០ម៉ឺនយ៉េនជាថ្នូរនឹងដោះលែងស្ត្រីចិន៥នាក់ទៅវិញ ទើបភ័យស្លន់ស្លោចរចា ផ្ញើវេរលុយ លើកទី១ ចំនួន១៩០០០យ៉េន តែក្រុមជនសង្ស័យមិនព្រមដោះលែង ។
ប្រភពដដែលបន្តថា លុះដល់ម៉ោង៤ព្រឹក ថ្ងៃទី២១ មេសានេះ ជនសង្ស័យទាមទារលុយបន្ថែម ថៅកែភោជនីយដ្ឋានក៏វេរលុយជាលើកទី២ ចំនួន៣២០០០០យ៉េនបន្ថែមទៀត ថានឹងដោះលែងស្ត្រីជនជាតិចិន៣នាក់មកសិន នៅតែមិនឃើញដោះលែងជនរងគ្រោះដដែល ។ ក្រោយមកថៅកែភោជនីយដ្ឋានកាន់តែភ័យ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចផ្អើលឆោឡោ ទាំងប៉ូលិស ទាំងអាវុធហត្ថ ចុះទៅសាកសួរដល់ភោជនីយដ្ឋាន តែម្តង។
ក្រុមស្ត្រីជនរងគ្រោះ រហូតមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី២១ មេសានេះទៅហើយ នៅតែមិនទាន់ឃើញ ក្រុមជនសង្ស័យដោះលែងមកទៀត កម្លាំងសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវ តាមស្វែងរកបន្តទៀត ៕
ចែករំលែកព័តមាននេះ