ប្រទះឃើញពលរដ្ឋខ្មែរម្នាក់មានស្នាមលើរាងកាយ គួរឱ្យសង្ស័យ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ បើយោងតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា គេបានប្រទះឃើញពលរដ្ឋខ្មែរម្នាក់ដេកស្លាប់ដែលមានស្លាកស្នាមលើរាងកាយខ្លះផងក្នុងទឹកដីខេត្តស្រះកែវ ប្រទេសថៃ កាលពីរសៀលថ្ងៃទី២០ ខែមេសា ដែលមានចម្ងាយពីព្រំដែនខ្មែរប្រហែលជាង១០០ម៉ែត្រ ស្ថិតនៅក្បែរស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពពីមន្ត្រីព្រំដែនបានឲ្យដឹងថា ពលរដ្ឋខ្មែរដែលគេប្រទះឃើញដេកស្លាប់ក្នុងទឹកដីប្រទេសថៃនោះត្រូវគេស្គាល់ថា ឈ្មោះខួច លន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន។

ប្រភពដដែលបន្តថា ជនរងគ្រោះខាងលើត្រូវពលរដ្ឋថៃប្រទះឃើញស្លាប់នៅក្នុងព្រៃ ស្ថិតក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដែលនៅឆ្ងាយពីបន្ទាត់ព្រំដែនប្រទេសកម្ពុជា ប្រហែល១០០ម៉ែត្រ ទើបគេផ្ដល់ព័ត៌មានទៅអាជ្ញាធរថៃ ហើយអាជ្ញាធរថៃក៏រាយការណ៍បន្តមកអាជ្ញាខ្មែរភ្លាមៗដែរ ក្រោយពីពិនិត្យឃើញថា ជនរងគ្រោះជាពលរដ្ឋខ្មែរ។
បើតាមមន្ត្រីព្រំដែនខ្មែរបាននិយាយថា ក្រោយពីប្រទះឃើញសាកសពពលរដ្ឋខ្មែរ សមត្ថកិច្ចជំនាញនៅស្រុកសំពៅលូន បានសហការជាមួយអាជ្ញាធរថៃ ចុះត្រូតពិនិត្យសាកសពជនរងគ្រោះភ្លាមៗដែរ ប៉ុន្តែគេមិនទាន់ទទូលបាននូវព័ត៌មានអំពីលទ្ធផលនៃការធ្វើកោសល្យវិច័យ លើសាកពលរដ្ឋខ្មែររូបនោះនៅឡើយទេ រហូតមកដល់ពេលនេះ ។
តែបើតាមប្រភពព័ត៌មានជាបឋមចុងក្រោយបានឲ្យដឹងថា មន្ត្រីបច្ចេកទេសសខាងភាគីថៃ កំពុងធ្វើកោសល្យវិច័យលើសាកសពពលរដ្ឋខ្មែររូបនេះនៅឡើយ ដោយសារតែសាកសពមានស្លាកស្នាមខ្លះៗ នៅលើរាងកាយដែលគួរឲ្យសង្ស័យថា អាចជាអំពើឃាតកម្មទៅលើជនរងគ្រោះ។ ទោះយ៉ាងណានេះក៏ដោយ នេះជាសេចក្ដីរាយការណ៍បឋមតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ