ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ផ្អើល​ភូមិ អ្នកស្រុក​ផ្តិត​មេដៃ​ទាមទារ​រក​យុត្តិធម៌ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជប់​វ៉ា​រី​ម្នាក់ ត្រូវ​បាន​អ្នក​ភូមិ​ជាង​100​នាក់ ផ្តិត​មេដៃ​ប្តឹង​ទាមទារ​រក​យុត្តិធម៌​ក្នុង​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​មិន​មាន​មូលហេតុ​។ ពលរដ្ឋ​ជា​ម្ចាស់​បណ្តឹង គឺជា​អ្នក​ភូមិ​កក់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ហើយ​ពួក​គាត់​ថា…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជប់​វ៉ា​រី​ម្នាក់ ត្រូវ​បាន​អ្នក​ភូមិ​ជាង​100​នាក់ ផ្តិត​មេដៃ​ប្តឹង​ទាមទារ​រក​យុត្តិធម៌​ក្នុង​ករណី​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​មិន​មាន​មូលហេតុ​។ ពលរដ្ឋ​ជា​ម្ចាស់​បណ្តឹង គឺជា​អ្នក​ភូមិ​កក់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ ហើយ​ពួក​គាត់​ថា ករណី​ផ្ទុះអាវុធ​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​18 ខែមេសា 2019 នៅ​ក្នុងភូមិ​តែ​ម្តង​។

ក្រុម​ពលរដ្ឋ​បាន​និយាយ​ថា មុន​ហេតុការណ៍​កើតឡើង​ពួក​គាត់​ទាំង​ក្មេង ទាំង​ចាស់​កំពុង​រាំ​លេង​ក្នុងភូមិ​យ៉ាង​សប្បាយ ព្រោះ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ (​ថ្ងៃ​ស្រង់​ព្រះ​) ស្រាប់តែ​មាន​ឮ​ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះ​ឡើង​ពី​ខាងលិច​ភូមិ​ប្រាវ​ៗ​ប្រហែល​4​ទៅ​5​គ្រាប់​។

ពួក​គាត់​បន្ត​ថា ដោយសារ​មិនដឹង​ពី​មូលហេតុ ពួក​គាត់​ក៏​នាំ​គ្នារ​ត់ទៅ​កន្លែង​កើតហេតុ​ក្រែង​មាន​បញ្ហា​អ្វី​កើតឡើង ដឹង​អី​ស្រាប់តែ​ឃើញ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជប់​ម្នាក់​ឈ្មោះ ចក់​មិន​ស្គាល់​ត្រកូល បាន​ជិះ​ម៉ូតូ​ចូល​មក​កន្លែង​រាំ​កម្សាន្ត ហើយ​ថែម​ទាំង​បំផ្ទុះ​អាវុធ​ឡើង​លើ​2​គ្រាប់​ទៀត ធ្វើ​ឲ្យ​អ្នក​ភូមិ​ភ្ញាក់ផ្អើល និង​នាំ​កូនចៅ​រត់​ពួន​រៀងខ្លួន​ៗ​។ អ្នក​ភូមិ​មានការ​ខឹងសម្បា​នឹង​សមត្ថកិច្ច​ខាងលើ​ជា​ខ្លាំង ហើយ​នាំ​គ្នា​តាម​សួរ​រក​ខុស​ត្រូវ តែ​នគរបាល​ដែល​បំផ្ទុះ​អាវុធ​បាន​បើករថយន្ត​ចេញ​ទៅ​បាត់​។

លោក ថេ​ង សឿ​ន មេ​ភូមិ​កក់​ប្រាប់​កោះសន្តិភាព​ថា ពិតជា​មាន​ករណី​ផ្ទុះអាវុធ​ពី​សំណាក់​នគរបាល​ម្នាក់​បង្ក​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុងភូមិ​របស់​លោក​មែន​។ លោក​បន្ត​ថា យោង​តាម​ការ​សាកសួរ​សមត្ថកិច្ច​ប្រាប់​ថា ទទួល​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ថា មាន​ករណី​ហិង្សា​វាយ​កម្ទេច​ម៉ូតូ​1​គ្រឿង ទើប​សមត្ថកិច្ច​ចុះ​ដល់​ភូមិ​កើតហេតុ​។

លោក​មេ​ភូមិ​ខាងលើ​ប្រាប់​ថា ថ្ងៃ​កើតហេតុ​នោះ មាន​ករណី​ហិង្សា​វាយ​ម៉ូតូ​1​គ្រឿង​មែន ប៉ុន្តែ​ទីតាំង​នោះ​នៅ​ខុស​គ្នា​ពី​កន្លែង​ពលរដ្ឋ​កំពុង​រាំ​លេង​កម្សាន្ត​ប្រហែល​400​ទៅ​500​ម៉ែត្រ (​ខាងលិច​ភូមិ​)​។ ក្រោយ​កើតហេតុ​អ្នក​ភូមិ​ជាង​100​នាក់​បាន​ផ្តិត​មេដៃ​ដាក់​ពាក្យបណ្តឹង​តាម​រយៈ​អាជ្ញាធរ​ភូមិ​ទាមទារ​រក​យុត្តិធម៌ និង​សុំ​ឲ្យ​ថ្នាក់លើ​មាន​វិធានការ​លើ​នគរបាល​ទំនើង​នេះ​ផង​។

នគរបាល​ដែល​រង​ការ​ជាប់ចោទ​ខាងលើ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ។ យ៉ាងណា​ក៏​ដោយ​ករណី​ផ្ទុះអាវុធ​ខាងលើ លោក​មាស ឬ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​កើត​មាន​មែន ប៉ុន្តែ​អះអាង​ថា វា​ជា​ការ​យល់​ច្រឡំ​រៀងខ្លួន​ៗ រវាង​ពលរដ្ឋ និង​នគរបាល​ដែល​បំផ្ទុះ​អាវុធ​នោះ​។

លោក​បញ្ជាក់​ថា ដំបូង​មាន​ពលរដ្ឋ​រាយការណ៍​ថា​មាន​ករណី​ហិង្សា​វាយ​កម្ទេច​ម៉ូតូ ភ្លាម​នោះ​សមត្ថកិច្ច​ក៏​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយដោយ​សា​គេ​ប្រាប់​ថា ជន​បង្ក​រត់​ចូល​ភូមិ ម្យ៉ាង​អ្នកបើកបរ​ម៉ូតូ​ដឹក​នគរបាល​ជា​គូ​ជម្លោះ​ពី​មុន​ជាមួយ​អ្នក​ភូមិ​ផង ពលរដ្ឋ​ក៏​រត់​តម្រង់​ធ្វើ​ឲ្យ​មានកា​យល់​ច្រឡំ​រៀងខ្លួន​ស្មានថា អ្នក​ភូមិ​រក​វាយ​នគរបាល​ខាងលើ ក៏​ផ្ទុះអាវុធ​ឡើង​លើ​ដើម្បី​ការពារ​ខ្លួន​តែ​ម្តង​។

លោក​អធិការ​បន្ត​ថា ពេល​នោះ​បាន​ហៅ​អាជ្ញាធរ​ភូមិ និង​ឃុំ​រក​ដំណោះស្រាយ​ហើយ ដោយ​លោក​ផ្តាំ​សុំ​ទោស​ជំនួស​ជន​បំផ្ទុះ​អាវុធ​ខាងលើ​។ នៅ​ពេល​ដែល​ពលរដ្ឋ​ទទួល​ព័ត៌មាន​ថា មានកា​សុំ​សម្របសម្រួល​លើ​ករណី​នេះ ពួក​គាត់​បាន​ប្រតិកម្ម និង​បដិសេធ​មិន​ទទួលយក​ការ​សម្របសម្រួល​ឡើយ ហើយ​បាន​សំណូមពរ​យ៉ាង​ទទូច​សុំ​ឲ្យ​ថ្នាក់លើ​គួរ​មាន​វិធានការ​លើ​នគរបាល​ដែល​បាញ់បោះ​សេរី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ