ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គោល​ក្រហម សេក សា​រ៉ា​ន់ ឈ្នះ​ពិន្ទុ បាន​ឡើង​វគ្គ​១៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កំពូល​ជើងឯក TV5 Boxing Knock Out Series By K-Cement…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កំពូល​ជើងឯក TV5 Boxing Knock Out Series By K-Cement នៅ​ប៉ុស្ដិ៍​លេខ​៥ កាលពី​ថ្ងៃ​២០ ខែមេសា កីឡាករ​៤​រូប​បាន​ឡើង​ប្រកួត​គ្នា ដើម្បី​ជ្រើស​យក​២​រូប​ឡើង​ទៅ​វគ្គ​បន្ត ហើយ​២​នាក់​ដែល​ចាញ់​ការ​ប្រកួត​ត្រូវ​ធ្លាក់​ហាលអាវ​។ យ៉ាងណាមិញ​ក្នុង​ចំណោម​៤​រូប​ដែល​ឡើង​ប្រកួត​គ្នា​គេ​កត់​សម្គាល់ថា កីឡាករ​មួយគូ គឺ​កីឡាករ​សេក សា​រ៉ា​ន់ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប និង​កីឡាករ​បង្គោល​ខៀវ ម៉ៅ ប៉ោក មក​ពី​ក្លិប​រាជសីហ៍ ខេត្ត​រតនៈគីរី ដោយសារ​តែ​កីឡាករ​ទាំង​ពីរ ទម្រាំ​រក​ឃើញ​ចាញ់​ឈ្នះ​គឺ​ម្នាក់​ៗ​វេទនា​ខ្លាំង​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្ដិ៍​លេខ​៥ ស្ថិត​នៅ​ព្រែក​កំ​ពិស​នោះ កាន់តែ​ឈាន​ជិត​ចប់​វគ្គ​ជម្រុះ​៣២​នាក់​យក​តែ​១៦​នាក់​ហើយ ដោយ​កីឡាករ​ដែល​បាន​ឡើង​ទៅ​វគ្គ​បន្ត​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ បើ​ទោះជា​ដឹង​ថា ការ​ប្រកួត​របស់​ខ្លួន​ក្នុង​វគ្គ​១៦​នាក់​យក​៨​នាក់ គឺជា​វគ្គ​ដ៏​តានតឹង​ដែល​ពិបាក​សង្ឃឹម តែ​ឱ្យ​តែ​បាន​ឡើង​ទៅ​វគ្គ​បន្ត​សិន គឺ​ចាត់​ទុក​ថា ខ្លួន​មាន​យីអ៊ុន​ហើយ​។

កីឡាករ​បង្គោល​ក្រហម សេក សា​រ៉ា​ន់ ត្រូវ​គេ​ឃើញ​បង្ហាញ​សមត្ថភាព​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​ដែល​ពោរពេញ​ដោយ​ភាពស្វិតស្វាញ​នោះ​។ ក្នុង​ទឹក​ទី​១ កីឡាករ​ទាំង​ពីរ​ប្រកួត​ទៅ​ប្រកួត​មក រក​មិន​ឃើញ​អ្នក​ណា​ក្ដោប​ក្ដាប់​ពិន្ទុ​បាន​ច្រើន​នោះ​ទេ ប៉ុន្តែ​ឈាន​ដល់​ទឹក​ទី​២ កីឡាករ​បង្គោល​ក្រហម​ដែល​អ្នក​ទស្សនា​ភាគច្រើន​មិនសូវ​សង្ឃឹមថា នឹង​ឈ្នះ ស្រាប់តែ​ធ្វើ​បាន​ល្អ ហើយ​វាយ​សង្គ្រប់​បង្គោល​ខៀវ​ត្រូវ​ចំ​គោលដៅ រហូត​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ដែល​ក្នុង​ទឹក​ទី​១ ទុកចិត្ត​បង្គោល​ខៀវ​ជាង​ប្រែជា​ទះដៃ​អបអរ​ចំពោះ​បង្គោល​ក្រហម​វិញ​។

ក្នុង​ទឹក​ទី​៣ ដែល​ទឹក​កាត់ក្ដី រឹតតែ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជាប់​ចិត្តនឹង​កណ្ដាប់ដៃរ​បស់បង្គោល​ក្រហម​ខ្លាំង​ឡើង ជា​ពិសេស​នៅ​ពេល​គេ​វ័ធ​កែង​បាន​ល្អ ហើយ​ធ្វើ​ឱ្យ​បង្គោល​ខៀវ​កាន់តែ​ចូល​កាន់តែ​ទទួល​កណ្ដាប់ដៃ​យ៉ាង​ចាស់ដៃ ហើយ​ទ័ល​ទី​រក​ផ្លូវ​តស៊ូ​លែង​បាន​។ មួយគូរ​នេះ គេ​ដឹង​ថា កីឡាករ​បង្គោល​ក្រហម​ឈ្នះ​ប្រៀប និង​បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​នាក់​តាំងពី​មិន​ទាន់​ប្រកាស​លទ្ធផល អ៊ីចឹង​ហើយ​ទើប​គ្រាន់តែ​ប្រកាស​ថា កីឡា​ករ សេក សា​រ៉ា​ន់ ជា​អ្នក​ឈ្នះ​ពិន្ទុ​គឺ​ម្នាក់​ៗ​សប្បាយចិត្ត​។

យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា សមត្ថភាព​យកឈ្នះ​យ៉ាង​ខ្លាំងក្លា​របស់​សេក សា​រ៉ា​ន់ តើ​អាច​ឱ្យ​គេ​បាន​ឡើង​ទៅ​វគ្គ​៨​នាក់​ក្នុង​វគ្គ​បន្ត​បាន​ឬ​មិន​បាន​នោះ​ទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ