ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យមានស្រុកចំនួន២ មានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់២ស្រុកដែលធ្វើឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ៥៤ខ្នង ខូចខាតធ្ងន់ធ្ងរ១០ខ្នង រោងម៉ាស៊ីន២កន្លែង និងម៉ូតូ២គ្រឿង កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍បន្តថា ស្រុកចំនួន២ដែលរងការប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ គឺស្រុកមង្គលបូរី ប៉ះពាល់២ឃុំមាន ១-ឃុំអូរប្រាសាទប៉ះពាល់១ខ្នងប៉ើងដំបូល ២-ឃុំរហាត់ទឹក ប៉ះពាល់៣ភូមិ គឺភូមិអូរដង្កខូចខាត១ខ្នងធ្ងន់ធ្ងរ និងម៉ូតូ២គ្រឿងខូចខាតទាំងស្រុង, ភូមិថ្នល់បតខូចខាត៨ខ្នង ក្នុងនោះរោងម៉ាស៊ីន២កន្លែងត្រូវបានប៉ើងដំបូល និងភូមិរហាត់ទឹកខូចខាត៣ខ្នងប៉ើងដំបូល។ ចំណែកស្រុកស្វាយចេក ប៉ះពាល់ខូចខាត៤០ខ្នង ដែលនៅភូមិ-ឃុំតាបែន។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះថា ក្រោយពេលទទួលព័ត៌មាននៅឃុំរហាត់ទឹក រងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសំបែងបងប្អូនប្រជាពលរដ្ឋ១៤ខ្នងរងការខូចខាត ធ្ងន់ធ្ងរ១ខ្នងបានបាក់ទាំងស្រុង បណ្តាលឱ្យសង្កត់ម៉ូតូខូចខាតធ្ងន់ធ្ងរ២គ្រឿង។ ហើយពេលនេះកងកម្លាំងបានចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយខ្យល់កន្ត្រាក់ ដោយជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋវិញ៕







ចែករំលែកព័តមាននេះ