ខេត្តមណ្ឌលគិរី ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរដែលមកទស្សនាខេត្តមណ្ឌលគិរី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ មានប្រមាណចំនួន២៥ ៩៣០នាក់ ក្នុងនោះទេសចរជាតិប្រមាណជា២៥.៤៩១នាក់ ទេសចរអន្តរជាតិចំនួន៤៣៩នាក់ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ សរុបចំនួន២២ ៦២៣នាក់ ក្នុងនោះទេសចរអន្តរជាតិចំនួន៣៩៧នាក់ នេះបើតាមរបាយការណ៍របស់លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ។
នាឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំសង្ក្រាន្តមណ្ឌលគិរី ដែលប្រព្រឹត្តិទៅនៅលើសួនឧទ្យានសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ព័ន្ធយុវជនស្រាលាញ់សន្តិភាព និងតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងអាជីវករទាំងអស់ ដែលបានសហការគ្នា ដែលបានញុ់ាំងឱ្យព្រឹត្តិការណ៍កើតឡើងបានយ៉ាងល្អប្រសើរ ដោយស្របទៅនឹងផែនការណែនាំរបស់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
អភិបាលខេត្តបន្ថែមថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ជាការប្រតិបត្តិនូវជំនឿ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូផង់ដែលបានបន្សល់ទុកតាំងពីបុរាណរៀងមក។ លោកបានណែនាំដល់កងកម្លាំងសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវរៀបចំសន្តិសុខសណ្តាប់សាធារណៈនៅតាមគោលដៅសំខាន់ៗ ដើម្បីធ្វើយ៉ាងណាជួយសម្រួលចរាចរណ៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី ហើយក៏អំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា។
លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា សង្ក្រាន្តមណ្ឌលគិរី ដែលបានរៀបចំឡើងដោយរដ្ឋបាលសាលាខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដ៏ប្រពៃណីនៃជាតិខ្មែរយើង។ ម្យ៉ាងទៀតជាខេត្តភូមិភាគឥសាន ស្របពេលដែលប្រទេសមានសន្តិភាព ប្រជាជនមានជីវភាពធូរធា ហេដ្ឋារចនាសម្ព័ន្ធល្អ និងទេសភាពក្នុងខេត្ត មានលក្ខណៈអំណោយផលល្អ វប្បធម៌ប្រពៃណីជនជាតិ ក្នុងការទាក់ទាញទេសចរណ៍ឱ្យមានការកើនឡើង ដើម្បីជាមុខមាត់សម្រាប់ខេត្តមណ្ឌលគិរី។
លោក បន្ថែមថា សង្ក្រាន្តមណ្ឌលគិរីឆ្នាំនេះ រួមមានការទស្សនាភូមិវប្បធម៌ជនជាតិដើមភាគតិច សាស់យក្ស ការលេងល្បែងប្រជាប្រិយនានា ការទស្សនាកម្មវិធីក្នុងតំបន់ត្រជាក់ចិត្ត និងមានការដាក់តាំងពិព័ណ៍ផលិតផលក្នុងស្រុក ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរីផងដែរ៕
ចែករំលែកព័តមាននេះ