រាជធានីភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅលេងស្រុកកំណើត និងដើរលំហែកាយបានធ្វើដំណើរត្រឡប់ចូលរាជធានីភ្នំពេញបណ្តើរៗហើយ ដើម្បីត្រៀមចូលបំរើការងារ និងប្រកបមុខរបរអាជីវកម្មវិញ ។
នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩ នៅតាមដងផ្លូវ ក៏ដូចជានៅតាមផ្លូវជាតិនានា ដែលជាច្រកចូលរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា គេឃើញប្រជាពលរដ្ឋបានធ្វើដំណើរត្រឡប់មកពីតាមបណ្តាលខេត្តស្រុកកំណើតរបស់ខ្លួនបណ្តើរៗ ហើយបានញ៉ាំងឱ្យរាជធានីភ្នំពេញដែលស្ងាត់ជ្រងំប៉ុន្មានថ្ងៃនេះបានវិលទៅរកភាពអ៊ូអរ និងអាចកក់ស្ទះចរាចរឡើងវិញ។ ដោយឡែកនៅលើស្ពានជ្រោយចង្វារ ក៏ដូចជាស្ពាន ព្រែកព្នៅដែលប៉ុន្មានថ្ងៃជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គេសង្កេតឃើញមានសភាពស្ងាត់ ក៏ដូចជារាជធានីភ្នំពេញទាំងមូលដែរ ហើយ ឥឡូវបានចាប់ផ្តើម អ៊ូអរ ឡើងវិញ ខណៈពេលដែលបងប្អូនពលរដ្ឋ ក៏បានវិលត្រឡប់មកពីស្រុកកំណើត និងមកពីដើរកម្សាន្ត ។
ទោះបីជាយ៉ាងណា កម្មករ កម្មការីនីខ្លះ មិនទាន់បានវិលត្រឡប់មកវិញនោះទេ ព្រោះខ្លះបានធ្វើការជំនួស ថ្ងៃសៅរិ៍ អាទិត្យ មុនឈប់សម្រាក ដែលរោងចក្រនឹងចូលធ្វើការវិញនៅថ្ងៃច័ន្ទទី២២ ខែមេសា ហើយស្ថានភាពចរាចរណ៍នឹងអាចកក់ស្ទះនៅថ្ងៃសៅរិ៍ អាទិត្យ ។ ទន្ទឹមនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានដាក់ផែនការរួចជាស្រាចត្រៀមដំបង និងអាវ ពន្លឺ ដាក់ពង្រាយកម្លាំងនៅតាមដងផ្លូវជាតិនានា ដែលជាច្រកចូលនានារបស់រាជធានីភ្នំពេញ ដើម្បីជួយសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ចូលមករាជធានីភ្នំពេញវិញ។
នៅរសៀលថ្ងៃទី១៧ ខែមេសានេះដែរ អាជ្ញាធរខណ្ឌជ្រោយចង្វារ និងនគរបាលខណ្ឌ ក៏បានជួបប្រមូលផ្តុំដើម្បីត្រៀមកម្លាំងក្នុងការចេញរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរដល់បងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់ចូលរាជធានីភ្នំពេញវិញ។ បើតាមការគ្រោងទុករបស់សមត្ថកិច្ចស្ថានភាពចរាចរណ៍នឹងអាចកកស្ទះនៅតាមផ្លូវជាតិលេខ៦ វេលាយប់នេះ ខណៈពេលដែលពលរដ្ឋសម្រុកចូលមករាជធានីភ្នំពេញ។
គួរបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ កុរ ឯកស័ក ដែលបានប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃគឺថ្ងៃទី១៤ ,១៥ និងទី១៦ ខែមេសា ឆ្នាំ២០១៩ ប្រជាពលរដ្ឋដែលរស់នៅប្រកបមុខរបរជីវកម្ម និងធ្វើការនៅរាជធានីភ្នំពេញបានឈប់សម្រាកពីការងារ និងបានធ្វើដំណើរទៅកម្សាន្តនៅស្រុកកំណើតលេងបងប្អូនឪពុកម្តាយ និងរម្មណីយដ្ឋាននានាធ្វើឱ្យរាជធានីភ្នំពេញស្ងាត់ជ្រងំ។ បន្ទាប់ពីចប់ពិធីបុណ្យពលរដ្ឋ ក៏បានវិលត្រឡប់ចូលរាជធានីបណ្តើរនៅថ្ងៃបន្ទាប់ ដើម្បីត្រៀមខ្លួនចូលបម្រើការងារ និងប្រកបមុខរបររកស៊ីរបស់ខ្លួនវិញ៕
ចែករំលែកព័តមាននេះ