ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋគ្រប់ទិសទីបានធ្វើដំណើរមកកំសាន្តលេងសប្បាយនៅក្បាលហុងទឹកឆារ ស្រុកព្រៃឈរ ដោយឡែកនៅត្រង់ចំណុចផ្លូវលំភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ កើតមានកុងត្រួលជជុះជំរិតទារប្រាក់នាំឲ្យពលរដ្ឋក្តៅក្រហាយក៏រាយការណ៍មកលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ។
ក្រោយមកបានបញ្ជាឲ្យឃាត់បុរសវ័យ៦៤ឆ្នាំម្នាក់មកសួរនាំ បែរជាមានមនុស្ស៥នាក់មករារាំង ព្រមទាំងបង្កវាយរថយន្តរបស់សមត្ថកិច្ចថែមទៀត ហេតុការណ៍កើតឡើងកាលពីម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៥ មេសា ២០១៩ ហើយរហូតមកដល់ថ្ងៃទី១៧ មេសា ត្រូវបានបញ្ជូនមកតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពីមានហេតុការណ៏ខាងលើនោះ ជនសង្ស័យទាំងសំបុកត្រូវបានឃាត់ខ្លួន ក្នុងនោះមាន ១-ឈ្មោះ កែវ ឌឿន ភេទប្រុស អាយុ៦៤ឆ្នាំ ២-ឈ្មោះ ស្រ៊ី វ៉ាន់ដែន ភេទប្រុស អាយុ៣៧ឆ្នាំ ៣-ឈ្មោះ ស្រ៊ី វ៉ាន់ដា ភេទប្រុស អាយុ៣៨ឆ្នាំ ៤-ឈ្មោះ ស្រ៊ី វ៉ាន់ដេត ភេទប្រុស អាយុ៣៥ឆ្នាំ ៥-ឈ្មោះ ស្រ៊ី គឹមស្រស់ ភេទស្រី អាយុ៣១ឆ្នាំ និង៦-ឈ្មោះ ឌឿន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ ទាំងអស់គ្នារស់នៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ។
សមត្ថកិច្ចបានប្រាប់បន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ប្រជាពលរដ្ឋនៅគ្រប់ទិសទីបាននាំគ្នាមកលេងនៅក្បាលហុងទឹកឆារ ដោយមួយផ្នែកត្រូវចូលមកតាមផ្លូវលំភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ នៅព្រឹកថ្ងៃទី១៥ មេសា អ្នកមកលេងត្រូវបានកុងត្រូលជជុះធ្វើការជំរិតទារប្រាក់ច្រើនហួសហេតុពេក ពលរដ្ឋក៏បានរាយការណ៍មកលោកអភិបាលខេត្តតែម្តង ។
បន្ទាប់មកលោកអភិបាលខេត្តបញ្ជាមកលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត គ្រាន់តែទទួលបញ្ជាភ្លាមក៏បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត ទទួលផែនព្រហ្មទណ្ឌដឹកនាំកម្លាំងទៅសហការជាមួយនឹងនគរបាលស្រុកចំការលើ ចុះទៅដល់ត្រង់ចំណុចដែលពលរដ្ឋបានរាយការណ៍ក៏ឃាត់បុរសម្នាក់ឈ្មោះកែវ ឌឿន មុនគេដាក់តាមរថយន្តមកសួរនាំ ។
ប្រភពដដែលបន្តថា ស្របពេលនោះ ស្រាប់តែមានមនុស្សចំនួន៥នាក់ទៀតយករថយន្តមកស្ទាក់មុខក្រោយមិនឲ្យយកចេញទៅណា ហើយបានរារាំងជេរប្រមាថ និងវាយបំផ្លាញរថយន្តរបស់សមត្ថកិច្ចថែមទៀត ។ ក្នុងគ្រានោះបានសុំគោលការណ៍មកលោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឲ្យឃាត់ខ្លួនមនុស្ស៦នាក់បញ្ជូនមកកាន់ស្នងការដ្ឋានគរបាលខេត្ត។
លោក ហេង ហួរ ម្ចាស់វិនិយោគទុនរមណីយដ្ឋានទឹកឆារ ប្រាប់ថា នៅច្រកផ្លូវសំព័រ ឃុំតាអុង ស្រុកចំការលើ ដោយមានការឯកភាពពីលោកអភិបាលស្រុក និងអភិបាលខេត្តមុន ត្រូវបានអនុញ្ញាតលោកកែវ ឌឿន មើលការខុសត្រូវដោយបានបង់ថវិកាក្នុង១ឆ្នាំ៤លាន៥០ម៉ឺនរៀល តែបង់បាន២ឆ្នាំក៏កើតរឿងខាងលើតែម្តង ។
ដោយមានការណែនាំពីអភិបាលខេត្តថ្មីលោកគួច ចំរើន ដូច្នេះរថយន្តដែលបើកមកលេងដោយមិនឲ្យយកលុយទេ មនុស្សក្នុងម្នាក់បង់២.០០០រៀល ករណីនេះដោយសារតែតាឌឿនបានយកលុយខុសត្រង់បញ្ជបង់លុយ ទើបកើតមានបញ្ហាដូច្នេះ ៕
ចែករំលែកព័តមាននេះ