ខេត្តប៉ៃលិន ៖ គេសង្កេតឃើញថា រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានឈានចូលមកដល់នៅក្នុងខេត្តប៉ៃលិននៅឆ្នាំនេះ មានលក្ខណ:ខុសប្លែកពីឆ្នាំមុនៗ ដោយអាជ្ញាធរខេត្តចាប់ផ្តើមរៀបចំតុបតែងជាលក្ខណ:ទាក់ទាញ ដោយធ្វើសង្ក្រាន្ត រហូតដល់២កន្លែង ដើម្បីទាញអារម្មណ៍ភ្ញៀវទេសចរណ៍ឱ្យចូលទៅលេងកំសាន្តកាន់តែច្រើនឡើងថែមទៀត ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ អាជ្ញាធរមិនធ្លាប់រៀបចំធ្វើសង្ក្រាន្តនោះទេ ដោយពលរដ្ឋគ្រាន់តែដើរលេងកំសាន្តតាមវត្ត និងតាមរមណីយដ្ឋានប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៩នេះ ពិតជាមានលក្ខណ:ពិសេសដោយអាជ្ញាធរបានរៀបចំធ្វើសង្ក្រាន្តរហូតដល់២កន្លែង គឺទី១-ស្ថិតនៅក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន និង២-ស្ថិតនៅសួនកុមារទល់មុខនឹងសាលាខេត្ត ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលទៅលេងកំសាន្តកាន់តែច្រើនកុះករ ។

ការរៀបចំធ្វើសង្ក្រាន្តនេះ ក៏មានលក្ខណ:ពិសេសមួយទៀតដែរ ដោយធ្វើការតាំងពិព័រណ៍លក់ទំនិញឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរទៅកំសាន្តចូលទិញរបស់របរ នំចំណី មានច្រើនហូរហែផងដែរ ។
ប្រភពបន្តទៀតថា នៅឆ្នាំ២០១៩នេះ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ហាក់ដូចជាមានអារម្មណ៍សប្បាយរីករាយខុសប្លែកពីឆ្នាំមុនៗ ។ ចំណែកលោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ដែលចូលទៅកម្សាន្តនៅក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយ:ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ មេសានេះ មានចំនួន៨១,៧៨១នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ គឺមានចំនួន៦៧,៧៨២នាក់កើនឡើង២០.៦៥% ។ លោកបន្តថា ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបចំនួន៣៤៨នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ គឺមានចំនួន២០៨នាក់ កើនឡើង ៦៨.១១% ។

លោកបញ្ជាក់ថា សរុបភ្ញៀវទេសចរជាតិ និងអន្តរជាតិមានចំនួន៨២,១២៩នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨មានចំនួន៦៧,៩៨៩នាក់ ឃើញថា ឆ្នាំនេះកើនឡើង២០.៧៩%។ លោកសង្ឃឹមថា នៅឆ្នាំក្រោយៗទៀត ភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើននឹងមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន ។

សូមបញ្ជាក់ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ក្រៅពីការធ្វើសង្ក្រាន្តប៉ៃលិនឆ្នាំថ្មីចំនួន២កន្លែង អាជ្ញាធរខេត្តក៏នៅមានរៀបចំតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀត គឺរមណីយដ្ឋានធម្មជាតិចំនួន៣កន្លែង រមណីយដ្ឋានកែច្នៃចំនួន២កន្លែង កីឡាទេសចរណ៍ចំនួន១៦កន្លែង សណ្ឋាគារចំនួន១១កន្លែង ផ្ទះសំណាក់ចំនួន១៩កន្លែង និងអាហារដ្ឋានចំនួន៥៩កន្លែង ក្នុងការរៀបចំទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលធ្វើដំណើរមកកំសាន្តសប្បាយក្នុងខេត្តប៉ៃលិន ៕









ចែករំលែកព័តមាននេះ