ប្លែក សប្បាយ! ត្រឹមប្រាសាទបន្ទាយឆ្មាមនុស្សសម្រុកទៅលេងកម្សាន្តជិត៣ម៉ឺននាក់ឯណោះ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋប្រមាណជាងជិត៣ម៉ឺននាក់បាននាំមកលេងសង្ក្រាន្តនៅប្រាសាទបន្ទាយឆ្មា ក្នុងឱកាសបុណ្យឆ្នាំខ្មែរប្រពៃណីជាតិ ដែលត្រូវបានបញ្ចប់ត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅឃុំបន្ទាយឆ្មា ស្រុកថ្មពួក។

បើតាមលោក ឌៀប ឈួន អភិបាលស្រុកថ្មពួក បានប្រាប់នៅល្ងាចថ្ងៃទី១៦ថា សង្ក្រាន្តនៅប្រាសាទបន្ទាយឆ្មា ស្រុកថ្មពួក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គិមយ៉ាន បានរៀបចំសង្ក្រាន្តនៅប្រាសាទបន្ទាយឆ្មា ស្ថិតឃុំបន្ទាយឆ្មា ស្រុកថ្មពួក ដែលរៀបចំល្បែងប្រជាប្រីយកំសាន្តមាន រាំស្គរដៃមាន២វង់ និងរាំធុងបាស់ ល្បែងជិះកង់ឆ្លងមហាសមុទ្រ វ៉ៃក្អម ទាញព្រាត់ និងរៀបចំតាំងពិព័រណ៍ផលិតកសិកម្មមានផ្លែឈើ និងទស្សនាប្រាសាទបន្ទាយឆ្មាជាដើម។

លោកបានបញ្ជាក់ថា សង្ក្រាន្តនៅប្រាសាទបន្ទាយឆ្មាឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋចូលមកលេងកំសាន្តនៅថ្ងៃទី១ ត្រូវថ្ងៃទី១៤ មេសា មានប្រមាណ៥,០០០នាក់ ថ្ងៃទី២ ត្រូវថ្ងៃទី១៥ មេសា មានប្រមាណ៨,០០០នាក់ និងថ្ងៃទី៣បញ្ចប់ ត្រូវថ្ងៃទី១៦ មេសា មានប្រមាណជិត១០,០០០នាក់ ហើយបើប្រៀបធៀបបុណ្យចូលឆ្នាំ២០១៨តិចជាងឆ្នាំ២០១៩។

លោក ឌៀប ឈួន បានបញ្ជាក់ថា សង្ក្រាន្តនៅប្រាសាទបន្ទាយឆ្មា ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានប្រជាពលរដ្ឋមកលេងកំសាន្តជិត៣ម៉ឺននាក់ ដោយលោកជំទាវបានរៀបចំល្បែងប្រជាប្រីយ៍កំសាន្តសប្បាយ និងមានការកោតសរសើរដល់សមត្ថកិច្ចទាំងបីស្ថាប័នបានចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានល្អ៕
















ចែករំលែកព័តមាននេះ