រាជធានីភ្នំពេញ ៖ ជនសង្ស័យវាយប្លន់ចំនួន៤នាក់ក្នុងចំណោមបក្សពួក៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ ឃាត់ខ្លួនជនសង្ស័យនៅក្នុងផ្ទះសំណាក់ «មហាលាភ» បន្ទាប់ពីពួកគេធ្វើសកម្មភាពស្ទាក់វាយប្លន់ម៉ូតូមួយគ្រឿងបានសម្រេច កាលពីយប់រួចយកម៉ូតូទៅលាក់ទុក ហើយមកសំងំលាក់ខ្លួនក្នុងផ្ទះសំណាក់។ ការព័ទ្ធចាប់ក្រុមចោរប្លន់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ «មហាលាភ» នៅតាមផ្លូវលេខ២៧៣ ក្រុម១ ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

តាមនគរបាលបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១-ឈ្មោះចាន់ សម្ភស្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ២-ឈ្មោះគ្រឿន ធារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ, ៣-ឈ្មោះសៅ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ ។

និង៤-ឈ្មោះម៉ាត់ ម៉ានស៊ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ។ ចំណែកម្ចាស់ម៉ូតូឈ្មោះគង់ សារី ភេទប្រុស អាយុ២១ឆ្នាំ មានមុរបរជាងសំណង់ ស្នាក់បន្ទប់ជួល ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ហើយម៉ូតូដែលក្រុមជនសង្ស័យប្លន់ម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HF-1348 ត្រូវបានដកហូតប្រគល់ឱ្យម្ចាស់វិញ។

តាមនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿង កាលពីម៉ោង១និង៣០នាទីយប់ឈានចូលថ្ងៃទី១៦ មេសា នៅចំណុចផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងធ្វើដំណើរតាមផ្លូវលេខ៧០ ពីកើតទៅលិច លុះកដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿងមកកៀរ ស្ទាក់ផ្លូវ វាយទៅលើជនរងគ្រោះប្លន់យកម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់។

តាមនគរបាលឱ្យដឹងទៀត បន្ទាប់ពីត្រូវក្រុមប្លន់ហើយ រហូតដល់ដល់ម៉ោងប្រមាណ៧ព្រឹក ម្ចាស់ម៉ូតូក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ទួលសង្កែ១ ហើយត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវធ្វើការស្រាវឈានទៅឆែកឆេរបន្ទប់ផ្ទះសំណាក់ «មហាលាភ» ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ដែលកំពុងតែសំងំលាក់ខ្លួន។

បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចក៏ឈានទៅសហការជាមួយនគរបាលប៉ុស្តិ៍ជ្រោយចង្វារដកហូតបានម៉ូតូរបស់ជនរងគ្រោះដែលត្រូវជនសង្ស័យប្លន់បានយកទៅលាក់ទុកក្នុងដីឡូតិ៍មួយកន្លែងក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ក្រោយមកជនសង្ស័យត្រូវកម្លាំងនគរបាលបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕







ចែករំលែកព័តមាននេះ