មនុស្សភ្លូតទឹកភ្លូតដីនាំគ្នាទៅលេងសង្ក្រាន្តស្វាយរៀងយ៉ាងកកកុញ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ សង្ក្រាន្តស្វាយរៀងថ្ងៃទី១៥ មេសា ២០១៩ មានមហាជនចូលរួមទស្សនាកំសាន្តក្នុងខេត្តស្វាយរៀង ប្រមាណ១សែននាក់ គឺច្រើនជាងថ្ងៃទី១។លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមន្ត្រីរាជការ កាលពីរសៀលថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញទស្សនាការហែក្បួនសង្ក្រាន្តស្វាយរៀង និងអញ្ជើញជាអធិបតីនៅក្នុងពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងលើកទី៣នាឆ្នាំ២០១៩ និងមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកស្រីជាប្រធាន អនុគណៈកម្មាធិការសង្ក្រាន្តស្វាយរៀង និងតំណាងគណៈកម្មការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសបើកព្រឹត្តិការណ៍សសង្ក្រាន្តស្វាយរៀងនោះលោកអភិបាលខេត្តបានលើកឡើងថា ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះរៀបចំឡើង ដោយរដ្ឋបាលខេត្តស្វាយរៀងសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត(ស.ស.យ.ក) ហើយឆ្នាំនេះជាលើកទី៣ ដែលថ្នាក់ដឹកនាំខេត្ត និងស.ស.យ.ក.ខេត្តបានយកចិត្តទុកដាក់ក្នុងន័យបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំកុរ សំរឹទ្ធស័កព.ស២៥៦៣ និងទទួលទេវតាឆ្នាំថ្មីព្រះនាមពង្សាទេវី។

សង្ក្រាន្តស្វាយរៀងបានបង្ហាញការថែរក្សា និងលើកស្ទួយនូវវប្បធម៌ទំនៀមទំលាប់ប្រពៃណីដ៏រុងរឿងរបស់ដូនតាខ្មែរយើង និងផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចការសង្គម និងបង្កើននូវភាពស្និទ្ធស្នាលសាមគ្គីភាពក្រោមបរិយាកាសសប្បាយរីករាយ។ ក្នុងឱកាសដ៏សប្បាយរីករាយនោះដែរ លោកអភិបាលខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រតិភូបានអញ្ជើញទស្សនានូវការតាំងពិព័រណ៍ផលិតផលនានា រួមទាំងទីតាំងតំបន់ត្រជាក់ចិត្តល្បែងប្រជាប្រិយ៍ និងពិព័រណ៌ម្ហូបអាហារផងដែរ។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងនាថ្ងៃទី១ មានប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលចំប្រហែល៨៥០០០នាក់ ហើយថ្ងៃទី២ មានអ្នកចូលរួមជាង១សែននាក់ ។ ព្រឹត្តិការណ៍នេះ ក៏មានការប្រគំតន្ត្រីសម័យបុរាណ អាយ៉ៃឆ្លងឆ្លើយ និងលេងល្បែងប្រជាប្រិយ៍ រួមមានទាញព្រាត់ លោតបាវ និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរ៕




























ចែករំលែកព័តមាននេះ