គ្រោះធម្មជាតិវាយប្រហារ៣ឃុំនៅស្រុកសៀមប៉ាង ខូចខាតរាប់សិបខ្នង
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ យ៉ាងហោចណាស់លំនៅឋានរបស់ប្រជាពលរដ្ឋរាប់សិបខ្នង រួមមានអគាសាលារៀន មន្ទីរគណបក្ស សាលាស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ រងការប៉ះទង្គិចដោយខ្យល់កន្ត្រាក់លាយឡំភ្លៀងធ្លាក់នាវេលាម៉ោង៦និង៥៤នាទីល្ងាច ថ្ងៃទី១៤ មេសា ២០១៩ ស្ថិតក្នុងឃុំចំនួន៣នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

បើតាមអធិការស្រុកសៀមប៉ាងលោក ជឹម អេន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ មេសានេះថា នាវេលាម៉ោង៦និង៥៤នាទីល្ងាច ថ្ងៃ១៤ មេសា ស្រុកសៀមប៉ាង មានឃុំចំនួន៣បានរងការប៉ះទង្គិចដោយខ្យល់កន្ត្រាក់លាយឡំនឹងធ្លាក់ភ្លៀង បណ្តាលឱ្យលំនៅឋានប្រជាពលរដ្ឋ សាលារៀន មន្ទីរបក្ស សាលាស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលសរុប៥២ខ្នង រងការប៉ះពាល់តិច និងច្រើន ក្នុងនោះរួមមានប៉ើងដំបូល ដើមឈើដួលរលំសង្កត់ផ្ទះ រលំផ្ទះធ្លាក់ពីលើជើងតាងជាដើម។

លោកអធិការបន្តថា នៅយប់កើតហេតុ ភ្លៀងធ្លាក់ដោយតំបន់ចាប់ពីម៉ោង៦ល្ងាចដល់៨និង១៥នាទីយប់ ហើយខ្យល់កន្ត្រាក់បានបោកបក់ ប៉ះដល់លំនៅឋានពលរដ្ឋ ក្នុងនោះដែរឃុំដែលប៉ះពាល់ និងខូចខាតមានឃុំថ្មកែវ១៧ខ្នង ឃុំសេកុង២៣ខ្នង និងឃុំព្រែកនាស១២ខ្នង សរុបចំនួន៥២ខ្នង រួមសាលារៀន មន្ទីរបក្ស សាលាស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ៕



















ចែករំលែកព័តមាននេះ