ប្រតិបត្តិការដ៏ក្តៅគគុក! បំបែកសំបុកដ៏ធំប្រចាំស្រុកស្អាង
- កណ្តាល
ខេត្តកណ្តាល ៖ ប្រតិបត្តិការដ៏ក្តៅគគុកអស់រយៈពេលជាច្រើនម៉ោងធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកស្នងការនគរបាលខេត្តកណ្តាល និងចូលរួមពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការបង្ក្រាបទីតាំងកន្លែងជល់មាន់ បៀរ អាប៉ោងដ៏ធំប្រចាំស្រុកស្អាងមានវត្ថុតាងជាច្រើន និងឃាត់ខ្លួនបាន៤នាក់មិនរំខានដល់នគរបាលស្រុកស្អាង និងប៉ុស្តិ៍រដ្ឋបាលព្រែកអំបិលឡើយ កាលពីម៉ោង១២និង៣០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យ៤នាក់ខាងលើ ១-ឈ្មោះ ឈុន ហួរ ភេទប្រុស អាយុ៤៤ឆ្នាំ ភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ២-ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិចំប៉ាលើ ឃុំព្រែកអំបិល ស្រុកស្អាង ៣-ឈ្មោះ ខេង មករា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ និង៤-ឈ្មោះ គៀង ហៀង ភេទប្រុស អាយុ៣១ឆ្នាំ ភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ។ ចំណែកម្ចាស់សង្វៀនឈ្មោះ អ៊ន ភេទប្រុស អាយុ៥៥ឆ្នាំ ភូមិចុងកោះ ឃុំទឹកវិល ស្រុកស្អាង រត់គេចខ្លួន រីឯវត្ថុតាងរួមមាន ៖ មាន់ជល់ចំនួន៦ក្បាល ងាប់២ក្បាល ជញ្ជីង១ ស្គុតរុំជើងមាន់៤ប្រអប់ធំ កន្ត្រក់ដាក់មាន់៩ កៅអីចំនួន៥៩ ម៉ូតូចំនួន៨១គ្រឿង និងឡានចំនួន២គ្រឿង ។

លោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៤ មេសា ម៉ោង១២និង៣០នាទី តាមបញ្ជាផ្ទាល់របស់ឯកឧត្តមស្នងការ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងតម្រួតបទបញ្ជា និងអន្តាគមន៍សេនាធិការ និងកម្លាំងវរព្រំដែនជើងគោក៦០៥ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានចុះបង្ក្រាបទីតាំងជល់មាន់នៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ។ ហើយទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខាងលើនេះបានបើកឲ្យលេងរយៈពេល៥ថ្ងៃមកហើយ មានមនុស្សមកលេងប្រហែលជា៣០០នាក់ ក្នុងប្រតិបត្ដិការនោះក្រុមអ្នកញៀនល្បែងបាននាំគ្នារត់កាត់ចំការប្រជាជនចូលព្រៃបាត់អស់ទៅ ចំណែកមនុស្ស៤នាក់ដែលឃាត់បាននោះ ហៅទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី។

បើតាមប្រភពព័ត៌មានបានលួចបង្ហើបឱ្យដឹងថា ទីតាំងកន្លែងល្បែងជល់មាន់ បៀរ អាប៉ោងខាងលើនោះបើកលេងជាយូរឆ្នាំមកហើយ មិនដែលឃើញនគរបាលស្រុកស្អាងបង្ក្រាបទេ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះក្រុមអ្នកញៀនល្បែងទាំងនោះ ពេលកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល ចុះទៅបង្ក្រាបក្រុមអ្នកលេងល្បែងទាំងអស់នោះបានរារាំងសមត្ថកិច្ចមិនឱ្យយកវត្ថុតាងមានម៉ូតូ ឡានចេញឡើយ ដោយពួកគាត់ស្រែកនិយាយថា «កុំខ្លាចអី ម្ចាស់ទីតាំងបានរៀបចំចាត់ចែងឱ្យនគរបាលមូលដ្ឋានរួចអស់ហើយ»។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា លោកបានបញ្ជាឱ្យកម្លាំងដែលចុះទៅបង្ក្រាបចាត់ចែងតាមនីតិវិធីហើយ លោកក៏អោយជំនាញស្រាវជ្រាវវែកមុខម្ចាស់ទីតាំង និងអ្នកណាដែលនៅពីក្រោយខ្នងនោះ។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល និងជាអ្នកសម្របសម្រួលនីតិវិធីបានប្រាប់អោយដឹងថា ក្រុមអ្នកលេងល្បែងទាំងអស់នោះលោកបានសម្របសម្រួលអោយនគរបាលធ្វើកិច្ចសន្យានិងប្រគល់វត្ថុតាងអោយនៅកន្លែងទីតាំងនោះផ្ទាល់តែម្តង ដោយលោកមិនចង់អោយសមត្ថកិច្ច និងប្រជាពលដ្ឋមានជម្លោះនឹងគ្នា។ ចំពោះម្ចាស់ទីតាំងដែលរត់គេចខ្លួន លោកស្នើសុំសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនិងចាត់ការទៅតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅស្រុកស្អាង មានល្បែងស៊ីសងគ្រប់ប្រភេទ រាល់ថ្ងៃកំពុងរីកដូចផ្សិតបើកលេងមិនខ្លាចញញើតសមត្ថកិច្ចមូលដ្ឋានសោះ មិនដឹងថាសមត្ថកិច្ចមូលដ្ឋានត្រូវថ្នាំរបស់ក្រុមមេល្បែងទាំងអស់នោះឬយ៉ាងណានះទេ…?











ចែករំលែកព័តមាននេះ