ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ហេតុ​អ្វី​ខ្មែរ​-​ចិន​វាយតប់​គ្នា​ដូច​រឿងកុន​ផ្អើល​ទាំង​យប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចិន​ម្នាក់​របួស​ដៃ ឯ​ខ្មែរ​វិញ​មាន​ទាំង​សន្លប់ មាន​ទាំង​របួស ក្នុង​ជម្លោះ​មួយ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​14 មេ​សា 2019…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ចិន​ម្នាក់​របួស​ដៃ ឯ​ខ្មែរ​វិញ​មាន​ទាំង​សន្លប់ មាន​ទាំង​របួស ក្នុង​ជម្លោះ​មួយ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​14 មេ​សា 2019 ចំណុច​ផ្លូវ​ដើម​ពុទ្រា ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​01​សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

សេចក្តីរាយការណ៍​បន្ត​ថា គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ជម្លោះ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​អ្នកស្រុក​និយាយ​ថា ដំបូង​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ពាក់​ស្លាក​លេខ​8888 ហើយ​ក្នុង​រថយន្ត​នោះ​មាន​ខ្មែរ មាន​ចិន ហើយ​អ្នកបើកបរ​ជា​ខ្មែរ​បាន​បើក​ឆ្លងកាត់​កន្លែង​កើតហេតុ​។ ភ្លាម​នោះ​មានការ​លេង​សាចទឹក ប៉ាត​ម្សៅ​រថយន្ត តែ​មិនដឹង​ថា បញ្ហា​កើតឡើង​ដោយសារ​អ្វី​នោះ​ទេ ស្រាប់តែ​ឃើញ​មាន​ជម្លោះ​ផ្ទុះ​ឡើង​រហូត​វាយតប់​គ្នា​ដូច​រឿងកុន​អីចឹង​។

ក្រោយ​កើតហេតុ ខ្មែរ​មួយ​ក្រុម​ត្រូវ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ហៅ​ទៅ​សួរនាំ ឯ​អ្នក​របួស​ម្នាក់​ដែល​បន្តោង​សេរ៉ូម​ក្នុង​គ្លីនិក​ឯកជន​ក៌​មិន​លើកលែង​ដែរ ត្រូវ​សមត្ថកិច្ច​នាំ​យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំង​ដើរ​មិន​ទាន់​បាន​ផង ព្រោះ​ស្រវឹង​ខ្លាំង និង​របួស​ផ្ទៃមុខ ដើម្បី​សាកសួរ​ដូច​គ្នា​ដែល​អំពី​រឿង​នេះ ដែល​គេ​សង្ស័យ​ថា​ជា​រឿង​មិនធម្មតា ព្រោះ​មិនឃើញ​មាន​ជនជាតិ​ចិន​ត្រូវ​គេ​ហៅ​ទៅ​សាកសួរ​ម្នាក់​ឡើយ​។

ហើយ​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ជា​សន្តិសុខ​បាន​និយាយ​នៅ​ក្នុង​អធិការដ្ឋាន​ប៉ោយ​ប៉ែ​ត​ទាំង​យប់​ថា ខ្លួន​ជា​អ្នកបើកបរ​រថយន្ត​ស្លាក​លេខ​8888​នោះ ហើយ​ចោទប្រកាន់​ភាគី​ម្ខាង​ថា បាន​ទៅ​វាយ​រថយន្ត​ដែល​ខ្លួន​បើក ហើយ​ចោមរោម​វាយ​មនុស្ស​ដែល​រួម​ដំណើរ​ជា​ខ្មែរ​ម្នាក់​ថែម​ទៀត​។ បុរស​ដដែល​អះអាង​ថា ខ្លួន​មាន​អាវុធ​ខ្លី និង​ជា​សមត្ថកិច្ច​ផង​ដែរ តែ​ខ្លួន​មិន​បាន​បំផ្ទុះ​អាវុធ​ទេ ហើយ​ប្រាប់​ថា ជនជាតិ​ចិន​ម្នាក់​ត្រូវ​ភាគី​ម្ខាង​កាប់​របួស​ដៃ​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លិ​និក​ឯកជន ព្រមទាំង​ចុច​ទូរស័ព្ទ​បើក​រូប​ឲ្យ​មើល​ទៀត​ផង​។

ពាក់ព័ន្ធ​ករណី​នេះ សមត្ថកិច្ច​អះអាង​ថា បំផ្ទុះ​អាវុធ​ឡើង​លើ​ផង​ដែរ ទើប​ជម្លោះ​ស្ងប់ស្ងាត់​ទៅ​វិញ​។ យ៉ាងណា​ក៌​ដោយ នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ ភាគី​ម្ខាង​ដែល​សុទ្ធតែ​ជា​ខ្មែរ​ខ្លះ​បាន​បដិសេធ​ថា មិន​ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​ឡើយ ហើយ​ថា​រឿង​នេះ​អ្នកលេង​សាចទឹក​មាន​ច្រើន​កុះករ​។

លោក​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ព្រឹក​ថ្ងៃ​15 មេ​សា​នេះ​ថា លោក​មិន​ទាន់​ក្តាប់​បាន​សាច់​រឿង​ខាងលើ​ទាំងស្រុង​នៅឡើយ​ទេ ព្រោះ​យប់​កើតហេតុ​ជា​វេ​ណ​ចាំ​បញ្ជា​របស់​អ្នក​ផ្សេង ប៉ុន្តែ​លោក​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​សាកសួរ​មនុស្ស​មួយ​ចំនួន​។ គេ​ចាំ​មើល​ថា តើ​បញ្ហា​នេះ​ខ្មែរ ឬ​ចិន ដែល​ទទួល​បាន​យុត្តិធម៌ បើ​ទាំង​សងខាង​រង​របួស​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ