ភ្លៀងបង្អោរធ្លាក់យ៉ាងខ្លាំងគ្របដណ្ដប់ស្ទើរទាំងស្រុងលើក្រុងបាត់ដំបង
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ភ្លៀងបានបង្អោរធ្លាក់យ៉ាងខ្លាំងគ្របដណ្ដប់ស្ទើរទាំងស្រុងលើក្រុងបាត់ដំបង នៅរសៀលថ្ងៃទី១៤ មេសានេះ ដែលមើលទៅទេវតាហាក់បានជួយជូនពរជ័យដល់ពលរដ្ឋខ្មែរគ្រប់រូបឲ្យមានសិរីសួស្ដីត្រជាក់ត្រជុំស្វាគមន៍សង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ ដែលពលរដ្ឋ និងមន្ត្រីនានាកំពុងសប្បាយយ៉ាងកក្រើកក្រុងបាត់ដំបង។

ភ្លៀងបានចាប់ផ្ដើមប្រោះព្រំដល់ពលរដ្ឋនៅតាមបណ្ដាស្រុកមួយចំនួន និងនៅក្នុងក្រុងបាត់ដំបង នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៤ មេសា។ ពោលគឺបន្ទាប់ពីពិធីទទួលទេវតាឆ្នាំថ្មីបានប្រព្រឹត្តទៅប្រហែល១ម៉ោងប៉ុណ្ណោះ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បើទោះជាភ្លៀងបានធ្លាក់ជោគជាំលាយឡំនឹងផ្គររន្ទះលាន់កងរំពងយ៉ាងណាក្ដី តែហាក់មិនរំខានដល់អ្នកចូលរួមសង្ក្រាន្តបាត់ដំបងរាប់ម៉ឺននាក់ឡើយ។ ផ្ទុយទៅវិញទឹកភ្លៀងហាក់ជួយប្រោះព្រំឲ្យត្រជាក់ត្រជុំសប្បាយកាន់តែខ្លាំង។

សេចក្ដីរាយការបឋមបានឲ្យដឹងថា ជាមួយនឹងភ្លៀងធ្លាក់មួយមេយ៉ាងជោគជាំនេះ គេឃើញមានលិចលង់ខ្លះៗដែរ តែក្នុងរយៈពេលខ្លី ប៉ុន្តែមិនបង្កឲ្យមានផលប៉ះពាល់អ្វីនោះទេ៕



ចែករំលែកព័តមាននេះ