ម្តាយ​នាង​រៀបរាប់​ទាំង​ទឹកភ្នែក ព្រោះ​មិន​នឹក​ស្មានថា កូន​ស្លាប់​ដោយ​ឆ្កែ​ខាំ


ខេត្តស្វាយរៀង ៖ សិស្ស​វិទ្យាល័យ​ហ៊ុន សែន ស្វាយ​ជ្រំ ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពេល​សត្វ​ឆ្កែ​ខាំ​អស់​រយៈពេល​ជិត​០៣​ខែ​កន្លង​ទៅ​ហើយ មិន​បាន​យក​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជម្ងឺ​ឆ្កែឆ្កួត​ស្រាប់ តែ​នៅ​ថ្ងៃ​ទី​១១ មេ​សា ២០១៩ ក្តៅខ្លួន​ខ្លាំង ហើយ​ប្រកាច់​បែកពពុះមាត់​ស្លាប់ ដោយ​មិន​អាច​យក​ទៅ​សង្គ្រោះ​បាន ។ ហើយ​នៅ​ថ្ងៃ​ទី​១២ មេ​សា អ្នក​ភូមិ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម facebook ថា មាន​ក្មេង​ស្រី​ម្នាក់​ត្រូវ​ឆ្កែ​ខាំ បណ្តាល​ឲ្យ​ស្លាប់ កាលពី​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២​និង​២០​នាទី រសៀល ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៩​នេះ ក្រុម​អ្នក​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​លំនៅ​ដ្ឋា​ន​របស់​យុវតី​រង​គ្រោះ ដើម្បី​សាកសួរ​ព័ត៌មាន គឺ​ពិតជា​ស្លាប់​ដោយ​សត្វ​ឆ្កែ​ខាំ​មែន ។

បើ​តាម​លោក​មេ​ភូមិ​ដូន​លែ​ប​បាន​ឲ្យ​ដឹង​ថា យុវតី​រង​គ្រោះ​ឈ្មោះ​រ៉ា រស្មី អាយុ​១៦​ឆ្នាំ ជា​សិស្ស​ក្រីក្រ​ទទួល​បាន​អាហារូបករណ៍​នៃ​វិទ្យាល័យ​ហ៊ុន​សែន​ស្វាយ​ជ្រំ នាង​ខំប្រឹង​រៀន ហើយ​ជា​សិស្ស​ពូកែរ​មិន​គូរ​ស្លាប់​ទាំង​វ័យក្មេង​ដូច្នេះ​សោះ ។

បើ​តាម​ស្ត្រី​ឈ្មោះ​ឡាយ ស៊ី​ថា អាយុ​៤៣​ឆ្នាំ ត្រូវជា​ម្តាយ​យុវតី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កូនស្រី​ដែល​ឆ្កែ​ខាំ​បណ្តាល​ឲ្យ​ស្លាប់​ឈ្មោះ​រ៉ា រស្មី អាយុ​១៦​ឆ្នាំ គឺ​សត្វ​ឆ្កែ​ខាំ​រយៈពេល​ជិត​៣​ខែ​មក​ហើយ ដោយ​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព​យក​កូន​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជម្ងឺ​ឆ្កែឆ្កួត​ទេ ម្យ៉ាង​ក្រោយ​ពី​ឆ្កែ​ខាំ គឺ​សុខភាព​ធម្មតា ទើប​ធ្វេសប្រហែស​មិន​នឹក​ស្មានថា រើ​ជម្ងឺ​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ដូច្នេះ​សោះ ។ ករណី​ឆ្កែ​ខាំ​ស្លាប់​នេះ​កើតឡើង​នៅ​ភូមិ​ដូន​លែ​ប​ឃុំ​គោក​ព្រីង ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ។

លោកស្រី​ឡាយ ស៊ី​ថា ដែល​ត្រូវជា​ម្តាយ​សព​ជន​រង​គ្រោះ​បាន​រៀបរាប់​ទាំង​ក្តុកក្តួល​ទៀត​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ​បាន​លែងលះ​គ្នា​ជាមួយ​ប្តី​របស់​គាត់​១៥​ឆ្នាំ​មក​ហើយ បន្សល់​ទុក​ចំណង់ដៃ​កូន​២​នាក់​ស្រី​ម្នាក់ និង​កូនប្រុស​តូច​ម្នាក់ ហើយ​គាត់​រស់នៅ​តែ​៤​នាក់​ម្តាយ​ចាស់ជរា អាយុ​៦៣​ឆ្នាំ មាន​ជីវភាព​ក្រីក្រ​រស់នៅ​ក្នុងផ្ទះ​ចាស់​ទ្រុត​ទ្រោម​ដំបូល​ធ្លុះធ្លាយ ។ លោកស្រី​បាន​បន្ត​ទៀត​ថា កូនស្រី​របស់​គាត់​មានឈ្មោះ រ៉ា រស្មី អាយុ​១៦​ឆ្នាំ ជា​សិស្ស​ពូកែរ ដោយ​ជីវភាព​ក្រីក្រ​លោកនាយក​វិទ្យាល័យ​ហ៊ុន​សែន​ស្វាយ​ជ្រំ​បាន​ផ្តល់​អាហារូបករណ៍​១០០​ភាគរយ គឺ​ផ្តល់​ទាំង​សំលៀក​បំពាក់​សិស្ស និង​សម្ភារៈ​សិក្សា និង​ថវិកា​មួយ​ចំនួន ហើយ​កូនស្រី គឺជា​កូនច្បង​ក្នុង​គ្រួសារ ។

អ្វី​ដែល​គួរ​ឲ្យ​ក្រុម​គ្រួសារ​គាត់​សោក​សង្វេគ គឺ​បាត់បង់​កូនស្រី​ជាទី​ស្រឡាញ់​របស់​គាត់​ដែល​រៀន​ពូកែ ជាទី​ពឹង​នូវ​ថ្ងៃ​អនាគត​ពេល​នេះ គឺ​អស់​ទីពឹង​ហើយ ។ ចំណែក​សព​យុវតី​រង​គ្រោះ​បាន​បូជា កាលពី​ថ្ងៃ​ទី​១២​មេ​សា ២០១៩ ដោយ​មាន​អាជ្ញាធរ​ជួយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ