ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ណែនាំ​ឲ្យ​អាជ្ញាធរ និង​ពលរដ្ឋ​គ្រប់គ្រង​សំរាម​នៅ​តំបន់​ទេសចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​គ្រប់គ្រង​សំរាម​នៅ​តំបន់​ទេសចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​សោភ័ណ​ភាព​អនាម័យ​បរិស្ថាន​ល្អ​ស្អាត ប្រកបដោយ​ផា​សុខភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​កម្សាន្ត ។ លោក នេត្រ ភក្ត្រា…

រាជធានី​ភ្នំពេញ ៖ ក្រសួងបរិស្ថាន​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​គ្រប់គ្រង​សំរាម​នៅ​តំបន់​ទេសចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​រក្សា​សោភ័ណ​ភាព​អនាម័យ​បរិស្ថាន​ល្អ​ស្អាត ប្រកបដោយ​ផា​សុខភាព​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​កម្សាន្ត ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​លើកទឹកចិត្ត​ក៏​ដូច​ជា ស្នើ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​រួម​មាន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ រួម​ទាំង​ម្ចាស់​អាជីវកម្ម អាជីវករ នៅ​តាម​ផ្សារ​នានា សេវាកម្ម ភោជនីយដ្ឋាន ទីផ្សារ និង​កន្លែង​កម្សាន្ត​នានា​យកចិត្តទុកដាក់​ក្នុង​ការ​គ្រប់គ្រង​សំណល់​សំរាម ដែល​ខ្លួន​បង្កើត​ឡើង​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព សណ្តាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន​សាធារណ ។

ថ្លែងប្រាប់​នៅ​ថ្ងៃ​ទី​១២ ខែមេសា​នេះ​លោក​នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា ក្នុង​ឱកាស​ពិធីបុណ្យ​ធំ​ៗ បរិមាណ​ផលិត និង​ការ​បញ្ចេញ​សំរាម​តែងតែ​កើនឡើង​ទ្វេ​ដង​ជា​ថ្ងៃ​ធម្មតា​ដែល​ទាមទារ​នូវ​ការ​វេច​ខ្ចប់​និង​ទុកដាក់​ឲ្យ​ត្រឹមត្រូវ​ជៀសវាង​បោះចោល​អនាធិបតេយ្យ នៅ​តាម​ទី​សាធារណៈ និង​តាម​បណ្តោយ​ផ្លូវ​នានា​ដែល​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណ​ភាព​អនាម័យ​ទីក្រុង និង​ទីប្រជុំជន និង​ផលវិបាក​ផ្សេង​ទៀត ។

យ៉ាងណា​ក៏​ដោយ​លោក​កត់​សម្គាល់ថា បច្ចុប្បន្ន​ការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​នៅ​ទីប្រជុំជន នៅ​ទូ​ទាំង​ប្រទេស​មាន​ភាពល្អ​ប្រសើរ​ជាង​មុន បើ​ទោះបីជា​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង​នៃ​បរិមាណ​សំណល់​ដែល​បាន​បង្កើត​ឡើង និង​មាន​កំណើន​ជា​រៀងរាល់ថ្ងៃ ជា​ពិសេស​ការ​ប្រមូល​ដឹក​ជញ្ជូន និង​ការ​ទុកដាក់​ចុង​ក្រោយ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ខាង​មុខ​នេះ​កម្មករ​-​កម្មការិនី​របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ត្រូវ​បាន​ឈប់​សម្រាក និង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ជួបជុំ​ក្រុម​គ្រួសារ​ដែល​ធ្វើ​ឲ្យ​ការ​ផ្តល់​សេវា​សម្អាត​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​បាន​អនុវត្ត​មិន​បាន​ពេញលេញ​ទេ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែមេសា ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅ​ឋាន​ទាំងអស់​យោគយល់ និង​អធ្យាស្រ័យ​ដោយ​កុំ​បញ្ចេញ​សំរាម​មក​ដាក់​នៅ​តាម​ដងផ្លូវ​សាធារណ​នៅ​ក្នុងអំឡុងពេល​ដែល​ការ​ផ្តល់​សេវា​មិន​បាន​ពេញលេញ​នេះ ដោយ​រក្សា​ការ​ទុកដាក់​សំរាម​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ នៅ​ក្នុង​ទីតាំង​រៀង​ៗ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​អនាម័យ​បរិស្ថាន រាជធានី​ភ្នំពេញ​ឲ្យ​បាន​ល្អ​ប្រសើរ ។

ក្រសួងបរិស្ថាន​បាន​ធ្វើ​ប្រតិភូកម្ម​អំណាច​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​ការ​ផ្តល់​មូលនិធិ​សេវា​អនាម័យ​បរិស្ថាន ដើម្បី​ទទួល​ភារកិច្ច និង​ទទួលខុសត្រូវ​លើ​ការងារ​គ្រប់គ្រង​សំរាម​សំណល់​រឹង សំណល់​រាវ និង​បញ្ហា​បំពុលបរិស្ថាន​ផ្សេង​នៅ​តាម​ខេត្ត​ក្រុង និង​ទីប្រជុំជន​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ