ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់បណ្ដាលឲ្យរងរបួសធ្ងន់ និងលំនៅឋានមួយខ្នងបានរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ដែលបានកើតឡើងនៅវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី១២ មេសានេះ នៅក្នុងឃុំកន្ទឺរ២ ស្រុកបាណន់ ។
សេចក្តីរាយការណ៍បានបន្តថា ក្មេងប្រុសរងគ្រោះឈ្មោះ ភ័ក្រ ចិត្រា អាយុ១២ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺរ២ ។ កុមារារូបនេះត្រូវរន្ទះបាញ់ ខណៈមានភ្លៀងធ្លាក់ និងមានខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លាផងដែរ ។ ដោយឡែកលំនៅឋាន១ខ្នង ដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ដែរនោះ ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺរ២ ដែលមានម្ចាស់ឈ្មោះ វិន រឿន ភេទស្រី អាយុ៤៩ឆ្នាំ ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋនៅតាមបណ្ដាឃុំមួយចំនួននៅក្នុងស្រុកបាណន់បានជួបគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់នេះជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ។ ដូចជា នៅឃុំចែងមានជ័យ ឃុំបាយដំរាំ និងឃុំឈើទាល ជាដើម ដែលបណ្ដាលឲ្យខូចខាតលំនៅឋានរបស់ប្រជាពលរដ្ឋអស់រាប់សិបខ្នង ។
បើតាមសេចក្ដីរាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថា នៅក្នុងស្រុកបវេលក៏ទទូលរងនូវគ្រោះធម្មជាតិធ្ងន់ធ្ងរ ដែលធ្វើឲ្យលំនៅឋានរបស់ពលរដ្ឋរាប់សិបខ្នងបានរងការខូចខាតផងដែរ ៕
ចែករំលែកព័តមាននេះ