តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា ឪពុករបស់ Neymar ដែលដើរតួធ្វើជាភ្នាក់ងាររបស់កូនផ្ទាល់ផងនោះ បានអះអាងថា Neymar មិនចង់ចាកចេញពី PSG ទេ។ ការលើកឡើងនេះបានធ្វើឱ្យ អ្នកគាំទ្រនៅក្នុងប្រទេសបារាំងមានការស្ងប់ចិត្ត ដោយមិនចាំបាច់ខ្លាច Neymar ចាកចេញពីក្លិប។

តាំងពីមានការទិញយក Neymar ដោយក្លិបបារាំង ក្នុងតម្លៃថ្លៃកប់ពពកមក មានការនិយាយតៗគ្នាថា នេះគ្រាន់តែជាជំហានមួយសម្រាប់បោះទៅកាន់គោលដៅធំមួយទៀតប៉ុណ្ណោះ។ គេគិតថា Neymar នឹងត្រឡប់ទៅអេស្ប៉ាញវិញ ដើម្បីលេងឱ្យ Real Madrid។ តែពេលនេះ អ្នកទាំងនោះគឺបិទមាត់ជិតហើយ ដោយសារតែឪពុករបស់ Neymar ផ្ទាល់ប្រាប់ថា Neymar មិនចង់ចេញនោះទេ។

ឪពុករបស់ Neymar ឈ្មោះថា Neymar Santos Sr បានប្រាប់ទៅកាន់សារព័ត៌មាន RMC Sport ថា៖ “កុងត្រានៅ PSG គឺវែងណាស់។ ពួកយើងទើបតែស្ថិតនៅក្នុងរដូវកាលទីពីរប៉ុណ្ណោះជាមួយនឹងក្លិបនេះ ហើយវាមិនទាន់ទាំងចប់ស្រួលបួលផង។ ថ្ងៃនេះ Neymar មិនចង់ចាកចេញពី PSG ទេ ហើយគេចង់នៅបន្តជួយដល់ក្លិបដើម្បីឈ្នះពានផ្សេងៗតទៅមុខទៀត។”
គួរបញ្ជាក់ផងដែរថា Neymar តាំងពីចូលលេងឱ្យក្លិបអ្នកមានបារាំង PSG មក គេបានរកគ្រាប់បាល់ជូនក្លិបចំនួន ៤៨គ្រាប់ ក្នុងការប្រកួត ៥៣ដង៕
ចែករំលែកព័តមាននេះ