ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា យ៉ាងហោចណាស់លំនៅឋានជាង៥០ខ្នង បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ ដែលបានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១២ មេសា ដែលប៉ះទង្គិចទៅលើឃុំចំនួន៣ នៅស្រុកមោងឫស្សី ។ នេះបើតាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច ។
សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា ភ្លៀងបាន បង្អុរយ៉ាងខ្លាំង ដែលលាយឡំនឹងខ្យល់កន្ត្រាក់ រួមទាំងផ្គររន្ទះលាន់ទ្រហឹងផង បានប៉ះទៅលើឃុំកកោះ ឃុំឫស្សីក្រាំង និងឃុំព្រៃតូច ដែលធ្វើឲ្យខូចខាតលំនៅឋានជាង៥០ខ្នង ។ បើតាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា នៅឃុំកកោះ ខូចខាតលំនៅឋានអស់ចំនួន៤០ខ្នង ក្នុងនោះមាន២ខ្នង ត្រូវដើមឈើរលំសង្កត់លើ ថែមទាំងសង្កត់លើម៉ូតូ១គ្រឿងទៀតផង ។ នៅឃុំឫស្សីក្រាំងខូចខាតលំនៅឋានអស់ចំនួន៨ខ្នង និងនៅឃុំព្រៃតូច ខូចខាតលំនៅឋានអស់ចំនួន៥ខ្នង ។
សរុបទាំងអស់ខូចខាតលំនៅឋានអស់ចំនួន៥៣ខ្នង ដែលភាគច្រើនរបើកដំបូល និងខូចខាតម៉ូតូ១គ្រឿងផងដែរ តែមិនមានគ្រោះថ្នាក់មនុស្សទេ ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ មេសា ភ្លៀងបាន បង្អុរ ធ្លាក់យ៉ាងខ្លាំង នៅចំកណ្ដាលក្រុងបាត់ដំបង និងនៅតាមបណ្ដាស្រុកមួយចំនួនទៀត ហើយថែមទាំងមានខ្យល់កន្ត្រាក់វាយប្រហារផងដែរ ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា នៅតាមបណ្ដាស្រុកដទៃទៀតមានជួបគ្រោះមហន្តរាយដូចនៅ ស្រុកមោងឬស្សីដែរឬយ៉ាងណានោះទេ ព្រោះពេលនេះអាជ្ញាធរនិងមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវនៅឡើយ ៕
ចែករំលែកព័តមាននេះ