ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ចំនួន​១១៨​ផ្ទាំង​កំពុង​ដំឡើង​ក្នុង​រមណីយដ្ឋាន​អង្គរ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ដំណើរការ​ដាក់​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ដែល​មាន​ទាំង​អក្សរ​ខ្មែរ និង​អក្សរ​អង់គ្លេស​ធ្វើ​ពី​ថ្មភក់​ប្រមាណ​១១៨​ផ្ទាំង ដាក់​នៅ​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​២​ខែ ។ ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​មាន​ជា​សំខាន់​ៗ​ដូច​ជា ឈ្មោះ​ប្រាសាទ អាយុកាល​សាងសង់​ប្រាសាទ ទិស​ច្រកចូល​ប្រាសាទ…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ដំណើរការ​ដាក់​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ដែល​មាន​ទាំង​អក្សរ​ខ្មែរ និង​អក្សរ​អង់គ្លេស​ធ្វើ​ពី​ថ្មភក់​ប្រមាណ​១១៨​ផ្ទាំង ដាក់​នៅ​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ឱ្យ​រួចរាល់​ក្នុង​រយៈពេល​២​ខែ ។

ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​មាន​ជា​សំខាន់​ៗ​ដូច​ជា ឈ្មោះ​ប្រាសាទ អាយុកាល​សាងសង់​ប្រាសាទ ទិស​ច្រកចូល​ប្រាសាទ ស្លាក​អាជ្ញាធរ​ជាតិ​អប្សរា ស្លាក​អង្គការ​យូ​ណេ​ស្កូ ស្លាក​បេតិកភណ្ឌ​ពិភពលោក និង​ស្លាក​អនុសញ្ញា​ក្រុង​ឡា​អេ​ឆ្នាំ​១៩៥៤ សម្រាប់​ការ​ការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់​អាវុធ ។ នា​ឱកាស​ដាក់​ផ្ទាំង​ស្លាក​សញ្ញា​ឈ្មោះ​ប្រាសាទ​ទី​១ នៅ​អង្គរវត្ត នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ លោក សុខ​សង្វារ អគ្គនាយករង​ទទួល​បន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បានឱ្យ​ដឹង​ថា ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ទាំង​១១៨​នេះ មាន​បី​ទំហំ​ផ្សេង​គ្នា គឺ​ធំ មធ្យម និង​តូច ដែល​នឹង​ត្រូវ​យក​ទៅ​ដាក់​នៅ​តាម​ប្រាសាទ តែ​មិន​បាន​ដំឡើង​គ្រប់​ប្រាសាទ​ទាំងអស់ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ ដោយហេតុ​ថា ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុង​ព្រៃ​មិន​មាន​ទីតាំង​ដាក់​បាន ហើយ​ក្នុង​មួយ​ប្រាសាទ​អាច​មាន​មួយ ពីរ ឬ​បួន​ទៅ​តាម​ទំហំ​ប្រាសាទ ។

ចំពោះ​ទីតាំង​ដែល​ដំឡើង​ស្លាក​ឈ្មោះ​ប្រាសាទ​វិញ ក្រុមការងារ​បាន​គិត​ទៅ​លើ​ចំណុច​៣​គឺ នៅ​ក្បែរ​ច្រកចូល​ទស្សនា​ប្រាសាទ ទីតាំង​ងាយ​មើលឃើញ​របស់​ភ្ញៀវ​ទេសចរ និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំងមូល ដូច​ករណី​នៅ​ប្រាសាទអង្គរវត្ត​ស្រាប់ ។ លោក​បាន​បន្ថែម​ថា ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​ទាំងអស់​នឹង​ជួយ​ផ្ដល់​ភាព​ងាយស្រួល និង​បទ​ពិសោធន៍​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ក្នុង​ការ​ទស្សនា​តំបន់​អង្គរ​ដែល​គ្មាន​ម​គ្គុ​ទ្ទេស​ក៏​អាច​ស្គាល់ឈ្មោះ​ប្រាសាទ​បាន​ច្រើន​ដោយ​ខ្លួនឯង ហើយ​ទទួល​បាន​នូវ​ព័ត៌មាន​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ដំណើរ​កម្សាន្ត​កាន់តែ​សប្បាយ និង​ច្បាស់លាស់​ថែម​ទៀត ។

ជា​លើក​ទី​១​ដែល​បាន​មក​ទស្សនា​ប្រាសាទ​នៅ​តំបន់​អង្គរ កញ្ញា សូលី​ន ដា មក​ពី​ខេត្តកំពង់ស្ពឺ បាន​និយាយ​ថា «​សម្រាប់​អ្នក​មក​ពី​ឆ្ងាយ​និង​លើក​ដំបូង​ដូច​ខ្ញុំ មិនសូវ​ស្គាល់​ប្រាសាទ​ច្រើន​ទេ តែ​ពេល​មាន​ស្លាក​ប្រាប់​ឈ្មោះ​ប្រាសាទ​អ៊ីចឹង ធ្វើ​ឱ្យ​ខ្ញុំ​បាន​ស្គាល់​ទាំង​ឈ្មោះ​ប្រាសាទ​ច្បាស់ ហើយ​ដឹង​ទាំង​ឆ្នាំ​កសាង​ទៀត ពិសេស​ងាយស្រួល​ដឹង​ថា ខ្ញុំ​នៅ​ទីតាំង​ណា​ផង​» ។ មគ្គុទ្ទេសក៍​ភាសា​ចិន​លោក ជា សុ​រ៉ា បាន​ចាប់អារម្មណ៍​ចំពោះ​ការ​ដាក់​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​ថា នៅ​សៀមរាប​មាន​ប្រាសាទ​ច្រើន​ណាស់​ម​គ្គុ​ទ្ទេស​ខ្លះ​ស្គាល់​តែ​ប្រាសាទ​ដែល​នាំ​ភ្ញៀវ​ទៅ​ដល់​ប៉ុណ្ណោះ ឯ​ប្រាសាទតូច​ៗ ឬ​នៅ​ក្នុង​ព្រៃ ឬ​កន្លែង​ដែល​មិន​ធ្លាប់​នាំ​ភ្ញៀវ​ទៅ គឺ​មិន​ស្គាល់​ទេ ។

ដូច្នេះ​វា​ជា​សញ្ញាណ​ល្អ​ណាស់​សម្រាប់​ម​គ្គុ​ទ្ទេស​បាន​ស្គាល់​បន្ថែម​ទៀត ។ លើស​ពី​នោះ​ភ្ញៀវ​ខ្លះ​ក៏​គាត់​មិន​ស្តាប់​តែម​គ្គុ​ទ្ទេស​ដែរ ដូច្នេះ​ស្លាក​ឈ្មោះ​នេះ​នឹង​ជួយ​ឱ្យ​ពួក​គេ​អាច​ស្វែងរក​ទិន្នន័យ​ពី​ប្រាសាទ​បាន​កាន់តែ​ច្បាស់​នៅ​ទីតាំង​ផ្ទាល់​និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ រីឯ​ភ្ញៀវ​ជាតិ គាត់​ក៏​ដឹង​ច្រើន ស្គាល់​ច្រើន ក្រៅពី​ប្រាសាទអង្គរវត្ត តា​ព្រហ្ម និង​បា​យ័ន្ត​ជាដើម ។ ក្នុង​នាម​ជា​អ្នក​ឆ្លាក់​អក្សរ កាត់​ផ្ទាំង​ស្លាក និង​រៀបចំ​ដំឡើង​ស្លាក​ឈ្មោះ​ប្រាសាទ លោក​ហាក់ ហេង ជា​បុគ្គលិក​សិប្បករ​អង្គរ មាន​លំនៅ​ក្នុងភូមិ​ត្រពាំង​សេស បាន​សម្តែង​ក្តី​សប្បាយ​រីក​រយ​ដែល​បាន​រួមចំណែក​កសាង​ស្លាក​សញ្ញា​ឈ្មោះ​តាម​ប្រាសាទ ដើម្បី​ឲ្យ​កូន​ខ្មែរ​និង​បរទេស​ងាយស្រួល​ចំណាំ​ប្រាសាទ និង​ស្គាល់ឈ្មោះ​ប្រាសាទ​ច្បាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ