គួរអោយភ្ញាក់ផ្អើលណាស់ ឯកសារផ្លូវការមួយរបស់រដ្ឋាភិបាលបានបង្ហាញថា មនុស្សរហូតដល់ជាង១៦២០០នាក់ ត្រូវបានចាប់ខ្លួន កាលពីឆ្នាំ២០១៨ ។ ឯកសារផ្លូវការដែលកោះសន្តិភាពទទួលបានអះអាងបានអោយដឹងថា ក្នុងចំណោមជនសង្ស័យទាំងអស់នោះមានជិត១៥៩០០នាក់ ជាជនជាតិខ្មែរនិងនៅសល់ពីនោះ គឺជាជនបរទេស ។

ជនបរទេសដែលជាប់ពាក់ព័ន្នឹងគ្រឿងញៀននៅកម្ពុជាច្រើនជាងគេ គឺជនជាតិវៀតណាម ដែលត្រូវបានចាប់ខ្លួនចំនួន១៥០នាក់ ហើយបន្ទាប់មកទៀត គឺជនជាតិចិនដែលមានចំនួន៥៦នាក់ ជនជាតិថៃចំនួន២២នាក់ ជនជាតិឡាវ១៥នាក់ និងជនជាតិកូរ៉េចំនួន១០នាក់ ព្រមទាំងបរទេសមកពីប្រទេស មួយចំនួនទៀត ។

ឯកសារដដែលនោះក៏និយាយថា នៅក្នុងការបង្ក្រាបចំនួន៨០០០ករណី នៅឆ្នាំ២០១៨ សមត្ថកិច្ចក៏បានរឹបអូសថ្នាំ្ញញៀន ប្រភេទមេតំហ្វេតាមីនគ្រាប់ចំនួនជិត៧គីឡូក្រាម មេតំហ្វេតាមីនម្សៅក្រាមម្សៅចំនួនជាង៣៦០គីឡូក្រាម អ៊ិចតាស៊ី ចំនួន១៧៩គីឡូក្រាម ហេរ៉ូអ៊ីនចំនួនជាង១គីឡូក្រាម និងកូកាអ៊ីនចំនួនជាង៥គីឡូក្រាម និងគ្រឿងញៀនជាច្រើនប្រភេទទៀត ៕
ចែករំលែកព័តមាននេះ