ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរមួយគ្រឿងបានបើកបុកគូថរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់អ្នកដំណើរម្នាក់ រីឯចំនួន៣នាក់ទៀតរងរបួសធ្ងន់ដែលកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ មេសា នៅលើផ្លូវជាតិ លេខ៥ ត្រង់ចំណុចភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្តដឹកអ្នកដំណើរនោះរបស់ក្រុមហ៊ុន «ប៊ីភីអេ បូព៌ាអាស៊ី » ពាក់ស្លាកលេខភ្នំពេញ 3B-3615 អ្នកបើករបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន ។ រថយន្តនេះធ្វើដំណើរពីទិសខាងលិចឆ្ពោះទៅកើតលុះមកដល់ចំណុចខាងលើបានទៅបុកគូថរថយន្តមួយគ្រឿងទៀត ខណៈដែលរថយន្តនោះកំពុងឈប់លើចិញ្ចើមថ្នល់ ។
សមត្ថកិច្ចនិយាយថា គេមិនបានស្គាល់ម៉ាករថយន្តដែលឈប់នោះព្រោះក្រោយកើតហេតុរថយន្តនោះបានបើករត់បាត់ទាំងយប់ សល់តែរថយន្តដឹកអ្នកដំណើរដែលមានអ្នកស្លាប់ និងរបួសស្រែកពេញរថយន្ត ។

បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា អ្នកដំណើរទាំង៤នាក់ដែលគ្រោះថ្នាក់រួមមាន១- ឈ្មោះ ពុន ពឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅខេត្តពោធិ៍សាត់ (ស្លាប់) ២- ឈ្មោះវន ស្រីមិន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) ៣- ឈ្មោះសុខ សុភក្តិ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (របួសធ្ងន់បាក់ជើង) និង៤- ឈ្មោះនៅ ម៉ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅខេត្តពោធិ៍សាត់ (របួសស្រាល) ។
មន្ត្រីចរាចរណ៍ដែលចុះអន្តរាគមន៍ក្នុងករណីនេះបាននិយាយថា ឧប្បតិហេតុនេះបានកើតឡើងដោយសារអ្នកបើកបរធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នពេលធ្វើដំណើពេលយប់ ។ ទោះយ៉ាងណាសពជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ខណៈអ្នករបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី រីឯរថយន្តត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការនគរបាលស្រុកមោងឫស្សី ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ