សម្តេចក្រឡាហោមឱ្យពិនិត្យគ្រឿងញៀននិងគ្រឿងស្រវឹងលើអ្នកបើកបរ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យសមត្ថកិច្ចត្រួតពិនិត្យគ្រឿងញៀននិងគ្រឿងស្រវឹង នៅកន្លែងត្រួតពិនិត្យយានយន្តតែម្តង ។ សម្តេចក្រឡាហោម ស ខេង បានថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ កាលពីថ្ងៃទី៩ ខែមេសានៅទីស្តីក្រសួងមហាផ្ទៃថា «ខ្ញុំគាំទ្រចំពោះមតិរបស់លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ចំពោះបញ្ហាត្រួតពិនិត្យគ្រឿងញៀន និងគ្រឿងស្រវឹង ប៉ុន្តែខ្ញុំចង់បន្ថែមចំណុចមួយទៀត គឺឲ្យខាងប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយនឹងក្រុមការងារដែលចុះឆៀករថយន្តដើម្បីឆែកឆេរគ្រឿងញៀនផងដែរ» ។
សម្តេចក្រឡាហោមបញ្ជាក់ថា «យើងទៅឆែកត្រង់ហ្នឹង ។ តាមឮក្រុមហ៊ុនដែលមានរថយន្តច្រើន យើងឃើញថាក្នុងចំណោមអ្នកបើកបរគឺមានជក់គ្រឿងញឿនតិចឬច្រើន ប៉ុន្តែគឺមានអីុចឹងតែម្តង ។ អាហ្នឺងគឺយើងជួយពួកគាត់ទេព្រោះថា ពេលខ្លះអ្នកបើកបរធ្វើបាបថៅកែផងដែរ តាមខ្ញុំដឹងគឺអីុចឹង ។ ឥឡូវយើងត្រួតពិនិត្យនៅកន្លែងណាខ្លះ»។
សម្តេចក្រឡាហោម បានឲ្យបន្តសហការត្រួត ពិនិត្យសារធាតុញៀនបន្ថែមទៀតដូចជាគ្រឿងស្រវឹងលើអ្នកបើកបរ ពិសេសអ្នកបើកបររថយន្តធំៗ រថយន្តដឹកស៊ីម៉ង់ត៍ រថយន្តដឹកអ្នកដំណើរ ដោយគិតទាំងព្រូឡាន។ ត្រូវត្រួតពិនិត្យចាប់ពីដើមទីឬចុងទី ហើយចៃដន្យនៅពាក់កណ្តាលផ្លូវ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ការត្រួតពិនិត្យគឺទាំងគ្រឿងស្រវឹងនិងគ្រឿងញៀន ដូច្នេះត្រូវមានឧបករណ៍ពិនិត្យសារធាតុញៀនផង និងឧបករណ៍ពិនិត្យគ្រឿងស្រវឹងផង ។សម្តេចក្រឡាហោម បញ្ជាក់ថា «ភារកិច្ចរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន គឺត្រួតពិនិត្យរថយន្ត ត្រួតពិនិត្យប័ណ្ណបើកបរ ។
ចំណែកតួនាទីសមត្ថកិច្ច គឺត្រួតពិនិត្យគ្រឿងញៀននិងគ្រឿងស្រវឹងនៅកន្លែងហ្នឹងតែម្តង»។ជាមួយគ្នានេះ សម្តេចក្រឡាហោម បានឲ្យក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុននានាដើម្បីត្រួតពិនិត្យអ្នកបើកបរ ក៏ដូចជាការជ្រើសរើសអ្នកបើកបរផងដែរ ។ ត្រូវពិនិត្យអ្នកចូលរៀនបើកបរទាំងអស់ នៅមុនពេលចូលរៀនបើកបរ ឬក្រោយរៀនបើកបរ ដោយត្រូវសហការជាមួយសាលាឯកជន ។
សម្តេចក្រឡាហោម ថ្លែងថា «ខ្ញុំគិតថាដើម្បីកុំឲ្យខាតពេលយើងគួរពិនិត្យក្រោយពេលរៀន និងមុនពេលចេញប័ណ្ណបើកបរ ដើម្បីកុំឲ្យរំខាន ។ អីុចឹង ពេលរៀនទុកឲ្យខាងក្រសួងសាធារណការសម្រេចជ្រើសរើសដើម្បីឲ្យទៅរៀន ។ ដល់ពេលរៀនហើយ សូមឲ្យសាលាបង្រៀនបើកបរផ្តល់ព័ត៌មានមកឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីឲ្យគេទៅពិនិត្យគ្រឿងញៀនមុននឹងចេញប័ណ្ណបើកបរឲ្យ» ។
ចែករំលែកព័តមាននេះ